ខេត្តមណ្ឌលគិរី ៖ រថយន្តតាក់ស៊ីផ្តាច់ព្រលឹង មួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យនារីជាអ្នកបើកម៉ូតូ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបត់កោង ចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ លើដងផ្លូវជាតិ៧៦ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។
នារីរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះអ៊ឹ ដានី អាយុ២៦ឆ្នាំ មានលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះផា គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិដោះក្រមុំ ក្រុងសែនមនោរម្យ (ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AV-4683 បើកបរក្នុងទិសដៅពីកើត បត់ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់
ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-6385 ជិះដោយនារីរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យនារីរងគ្រោះជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ រីឯតៃកុងរថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងជំនាញការិយាល័យចរាចរណ៍ខេត្ត បានចុះធ្វើការវាស់វែង ត្រួតពិនិត្យសព រួចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯមធ្យោបាយ រថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូររាំង យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕