Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូបុកគ្នា ខ្មែរស្លាប់១ បារាំងបាក់ជើង២នាក់

ជិះម៉ូតូបុកគ្នា ខ្មែរស្លាប់១ បារាំងបាក់ជើង២នាក់

ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូដោយខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ក៏ស្រាប់តែត្រូវម៉ូតូ ១គ្រឿងទៀត ជិះដោយជនបរទេស២នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសចំណាស់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកជនបរទេសទាំង ២នាក់ ជាគូស្នេហ៍ បានរងរបួសជើងយ៉ាងធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ស្ថិតក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះទេព បូរ អាយុ៧២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់។ ចំណែកភាគីជនបរទេសដែលរងរបួស អ្នកបើកម៉ូតូ មានឈ្មោះ NLD Nederlandse Los Elvis ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិហូឡង់ មុខរបរទេសចរ ចំណែកអ្នករួមដំណើរជាមួយ មានឈ្មោះ CUSACK ANNABELLE KATHARINA BRITSH CITIZEN ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូពី ពណ៌សលាយក្រហម គ្មានពាក់ស្លាកលេខ បើកបរដោយជនរងគ្រោះឈ្មោះទេព បូរ (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីទិសជើងទៅត្បូង ដោយមិនប្រកាន់ស្តាំ លុះមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ

១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគី Address ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-7171 បើកបរនិងរួមដំណើរដោយជនបរទេសប្រុសស្រីទាំង២នាក់ខាងលើ (ពាក់មួកសុវត្ថិភាពត្រឹមត្រូវ) ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីបុរសចំណាស់បាត់បង់ជីវិតនៅនឹងកន្លែង ចំណែកភាគីជនបរទេស រងរបួសត្រង់ជើងយ៉ាងដំណំទាំង២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺដោយសារអ្នកបើកបរម៉ូតូស្គូពី មិនប្រកាន់ស្តាំ ទើបបណ្តាលឱ្យគ្រោះថ្នាក់នេះកើតឡើង។

ក្រោយកើតហេតុ អ្នករងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ចំណែកវត្ថុតាង ម៉ូតូទាំង ២គ្រឿង បន្ទាប់ពីសមត្ថកិច្ចជំនាញវាស់វែងរួច ក៏អូសយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES