Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា ប្រកាសថា គ្មានការដោះដូរ គ្មានលក្ខខណ្ឌ

លោកកឹម សុខា ប្រកាសថា គ្មានការដោះដូរ គ្មានលក្ខខណ្ឌ

ភ្នំពេញៈ ប្រធានស្តីទីគណបក្សប្រឆាំង លោកកឹម សុខា បានប្រកាសថា បញ្ហារបស់ លោក គ្មានលក្ខខណ្ឌ និងមិនមានការដោះដូរអ្វីនោះទេ គឺជាការឯកភាពគ្នា រវាងខ្មែរ និងខ្មែរ ហើយលោកក៏នឹងស្វែងរកដំណោះស្រាយបន្ថែមទៀត ដើម្បីឲ្យសមាជិកសភា សកម្មជនដែលជាប់ឃុំទាំងអស់ បានដោះលែង មានសេរីភាពមកវិញ ។

ថ្លែងនៅក្នុងវេទិកា «ពង្រឹងសមត្ថភាពចលនាយុវជន-ស្រ្ដីខេត្ត ស្រុក និងឃុំ/សង្កាត់ ខេត្តកំពង់ចាម-ត្បូងឃ្មុំ» ជាមួយតំណាងចលនាយុវជន-ស្រ្តី មកពីបណ្តាស្រុក និង ឃុំ-សង្កាត់មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក កឹម សុខា បានបញ្ជាក់ថា ការដោះស្រាយបញ្ហា ពិតជាគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយការដោះស្រាយនេះ ជាការដោះស្រាយរវាងខ្មែរ និងខ្មែរដូចគ្នា។

លោកកឹម សុខា មានប្រសាសន៏ថា៖ «ខ្ញុំបញ្ជាក់ហើយ ដំណោះស្រាយនេះអត់មាន លក្ខខណ្ឌទេ ហើយក៏អត់មានប្តូរអីដែរ គឺឯកភាពគ្នាទំាងសងខាងថា អត់មានលក្ខខណ្ឌ អត់មានដោះដូរ។ ទី២ ដំណោះស្រាយនេះ ជាដំណោះស្រាយរវាងខ្មែរ និងខ្មែរ»។

ក្នុងន័យនេះដែរ លោក កឹម សុខា បញ្ជាក់ថា លោកនឹងស្វះស្វែងរកដំណោះស្រាយ សម្រាប់ក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ព្រមទាំងសកម្មជនដទៃទៀតរបស់បក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ពោលគឺលោកបានពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាច រួចហើយ ពាក់ព័ន្ធនឹងមន្ត្រីទាំងអស់នោះ ដោយការដោះស្រាយបញ្ហានេះ នឹងធ្វើតាមប្រព័ន្ធតុលា-ការ។

លោក កឹម សុខា មានប្រសាសន៍បន្តថា៖ «ទីបីដំណោះស្រាយនេះមិនមែនដំណោះ-ស្រាយចប់ត្រឹមកឹម សុខាទេ នឹងឈានដល់ដោះស្រាយបញ្ហាផ្សេងៗ ទៀត ជាពិសេស បងប្អូនយើងដែលនៅក្នុងពន្ធនាគារសព្វថ្ងៃនេះ ក៍យើងនឹងធ្វើក្នុងពេលឆាប់នេះ ដើម្បីឱ្យ មានដំណោះស្រាយ។ យើងនឹងដោះស្រាយបញ្ហាដោយប្រើទស្សនៈ និងមនសិការជាដំ- ណាក់កាល តាមប្រព័ន្ធតុលាការ ហើយយើងនឹងធ្វើឱ្យបានឆាប់ៗខាងមុខនេះ»។

តំណាងរាស្រ្តមណ្ឌលខេត្ត្កំពង់ចាម និងជាអតីតអនុប្រធានទី១រដ្ឋសភា លោកឹម សុខា ក៏ បានប្រកាសដែរថា នៅសប្តាហ៍ក្រោយនេះ លោកនឹងចូលរួមកិច្ចប្រជុំរដ្ឋសភា ប្រសិនបើ សភា មានកិច្ចប្រជុំពេញអង្គណាមួយនោះ គឺលោកបានប្រកាសក្រោយអ្នកនាំពាក្យរដ្ឋ សភា បញ្ចាក់ថា នឹងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី០៥ ខែធ្នូ និងមានកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ។

លោក កឹម សុខា មានប្រសាសនបន្តទៀតថា «សប្តាហ៍ក្រោយនេះ បើមានប្រជុំរដ្ឋ សភា ខ្ញុំនឹងទៅរដ្ឋសភា ហើយយើងនឹងចាប់ផ្តើមរៀបចំឡើងវិញនូវយន្តការមួយ ដើម្បី ជជែកគ្នាក្នុងនាមសមាជិកសភាសំឡេងភាគតិច និងសមាជិកសភា សំឡេងភាគច្រើន ជជែកគ្នានៅក្នុងក្របខណ្ឌរដ្ឋសភាហ្នឹង ដោះស្រាយបញ្ហារបស់ប្រជាជាតិយើងទាំងមូល ទាំងអស់បន្តបន្ទាប់»។

លោក កឹម សុខា ក៏បានប្រកាសឲ្យដឹងផងដែរថា លោក នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្សកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ បន្ទាប់មកលោកនឹងទៅសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ហើយលោក ក៏នឹងចាប់ផ្តើមចុះធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋានផងដែរ ។

ជាមួយគ្នានោះ លោកកឹម សុខា ក៏អំពាវនាវដល់ជនរួមជាតិទាំងអស់ត្រូវតែបញ្ឈប់ការ លាបពណ៌ដាក់គ្នា បញ្ឈប់ការជេរប្រមាថ និងបញ្ឈប់ការញុះញុងរឿងណាដែលមិនបាន
ផ្ដល់ផលប្រយោជន៍។ ជាងនេះទៀត លោកក៏បានផ្ដាំផ្ញើរទៅយុវជនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការចាញ់បោកគណបក្សនយោបាយណាមួយ ដែលកំពុងអូសទាញឱ្យដើរផ្លូវខុស ។ បានន័យថា មុនមានការជឿលើគណបក្សនយោបាយណាមួយ ត្រូវគិតគូរថ្លឹងថ្លែង និងពិចារណាមើលពីការដឹកនាំរបស់គណបក្សនយោបាយនីមួយៗឱ្យបានច្បាស់លាស់ មុននឹងដើរតាម ។

ទោះជាយ៉ាងណា លោក កឹម សុខា ក៏យល់ច្បាស់ពីតម្រូវការរបស់យុវជនខ្មែរ ដែល
កំពុងតែត្រូវការបច្ចុប្បន្ននេះ ។ ដូច្នេះ ប្រសិនបើគណបក្សគណបក្សសង្រ្គោះជាតិ ដឹក នាំរដ្ឋាភិបាល លោកនឹងប្រឹងប្រែងជួយយុវជនឱ្យខ្លាំងបំផុត ហើយកិច្ចការងារ ដែល លោកត្រូវធ្វើដំបូងនោះ គឺផ្ដោតសំខាន់លើប្រព័ន្ធអប់រំយុវជន និងផ្ដល់ឱកាសការងារ ច្រើន សម្រាប់យុវជនខ្មែរ ដែលនឹងទទួលបានប្រាក់ខែសមរម្យ មានជីវិតថ្លៃថ្នូរ ។

គួរបញ្ជាក់ថា មុននេះ លោក កឹម សុខា បានសម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ រយៈពេលកន្លះឆ្នាំ និងត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៦ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធចូលខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដែលគេទម្លាយថា លោកមានស្នេហាលួចលាក់ជាមួយនាងខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ។ លោកត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោស តាមសំណើរបស់ សម្ដេចនាយករដ្មន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ហើយពេលនេះ លោកបានវិលមករស់នៅគេហដ្ឋានវិញ ៕

RELATED ARTICLES