ភ្នំពេញ៖ក្រោយបដិសេធទៅចូលរួមជាមួយហង្សមាស និងថោន នោះអ៊ីវ៉ា ក៍ធ្លាប់មានព័តមានថាត្រូវបានផលិតកម្មGalaxy ដាក់ជាគោលដៅចង់បានផងដែរ ព្រោះស្រីនាថ និងយឹម តាស្រង់ ធ្លាប់ធ្វើការជាមួយគ្នានៅសាន់ដេអំឡុងពេលដែលនាងចូលប្រឡូកសិល្បៈលើកដំបូង។យ៉ាងណាអ៊ីវ៉ា នៅតែបន្ដក្រាញជ្រកនៅសាន់ដេជាបន្ដទៀតតាមរយៈការច្រៀងដោយគ្មានកុងត្រា គឺដូចគ្នាទៅនិងពេជ្រ សោភា ដែលប្រកែកទៅផលិតកម្មមួយនេះហើយនៅតែច្រៀងឲ្យហង្សមាសរហូតមកដល់បច្ចុប្បន្នដែរ។ចំពោះអ៊ីវ៉ា វិញឪពុករបស់នាងលោកអ៊ូ វ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីលោកមិនមែនបិតផ្លូវថាត្រូវតែច្រៀងឲ្យសាន់ដេជារៀងរហូតនោះទេ ប៉ុន្ដែនឹងធ្វើការទៅតាមពេលវេលា។យ៉ាងណាលោកវ៉ាវ សង្កត់ថាបច្ចុប្បន្នអ៊ីវ៉ា បានចាត់ទុកសាន់ដេជាឪពុកម្ដាយទី២ ព្រោះបើគ្មានផលិតកម្ម១នេះទេ ម្លេះកូនស្រីសំណព្វចិត្តរបស់លោកក៍គ្មានគេស្គាល់ដូចពេលនេះឡើយ។ចំពោះតារាចម្រៀងវ័យ២៩ឆ្នាំអ៊ីវ៉ា វិញនាងថាលែងនិយាយជាមុនថាមានផលិតកម្មណាទាក់ទងទៀតហើយ ព្រោះថាពេលនេះនាងនៅតែជាតារាសាន់ដេដែលហើយថៅកែផ្ដល់សិទ្ធិឲ្យជាពិសេសពោលគឺមានសិទ្ធិប្រកែកច្រៀងចំពោះបទណាដែលនាងមិនពេញចិត្តពេលផលិតកម្មទម្លាក់ឲ្យ ហើយច្រៀងតែបទដែលខ្លួនឯងស្រលាញ់ប៉ុណ្ណោះ។

អ៊ីវ៉ា ដែលយល់ថា”ឆ្នាំងចាស់ បាយឆ្ងាញ់”នោះពេលនេះនាងមិនសូវមានភាពលេចធ្លោខ្លាំងដូចមុនឡើយ ព្រោះថារយៈពេលចុងក្រោយនេះអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវនាងតន់ ច័ន្ទសីម៉ា កំពុងតែអុកឡុកទីផ្សារចម្រៀង។យ៉ាងណាស្រីនាថ ដែលមានទាំងរូបសម្រស់និងអាចច្រៀងបានជាច្រើនទម្រង់នេះឲ្យតែធ្វើបទត្រូវទីផ្សារនោះនាងនឹងស្ទុះឡើងទៅមុខថែមទៀតជាមិនខាន។

អ្វីដែលគូឲ្យកត់សម្គាល់អ៊ីវ៉ា ហាក់មិនទាន់គោរពតាមបទបញ្ជាររបស់ឪពុកនាងដែលចង់ឲ្យស្រីស្រស់រូបនេះយកប្ដីឆាប់ៗឡើយ ព្រោះស្រីនាថ តាំងចិត្តថានាងនឹងបញ្ចប់ភាពនៅលីវត្រឹមអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលនាងបង្ហើបថាអនាគតស្វាមីរបស់នាងគឺជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ តែមិនប្រាប់ថាជាប្រុស១ណាឡើយ។ការកំណត់ទិសដៅបេះដូងរបស់អ៊ីវ៉ា នៅពេលនេះគឺចំពេលដែលមានការសង្ស័យថាអ៊ីវ៉ា ស្និតស្នាលប្អូនមាស សាលី ចម្លែក តែតារាសាច់សខ្ចីថានាងគ្មានទំនាក់ទំនងពិសេសជាមួយវេហាសិ៍ ទេ៕


