ភ្នំពេញ៖នៅថ្ងៃទិវាមាតាអន្ដរជាតិកាលពីថ្ងៃទី៨ខែឧសភា តារាចម្រៀងមាស សុខសោភាបានបង្ហាញភាពកត្តញូចំពោះម្ដាយនាងតាមរយៈការថ្វាយបង្គំ និងចាត់ទុកម្ដាយជាព្រះរស់ហើយនាងបានបញ្ចេញនិងច្រៀងឡើងវិញបទ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ” និងបទ”បំពេរម្ដាយ”ដើម្បីឲ្យត្រូវជាមួយនិងសកម្មភាពរបស់នាងជាមួយម្ដាយទៀតផង។អ្នកគាំទ្រសុខសោភា ជាច្រើនបានសរសើរនិងគាំទ្រចំពោះនាងដែលបង្ហាញគំរូល្អដល់យុវវ័យឲ្យគិតគូចំពោះអ្នកមានគុណនៅពេលដែលគាត់នៅមានជីវិតហើយក៍មានអ្នកសំណូមពរឲ្យសោភា បញ្ចេញបទចម្រៀងថែមទៀតទាក់ទងគុណឪពុកម្ដាយផងដែរ។ប៉ុន្ដែសុខសោភា ដែលកំព្រាឪពុកតាំងពីនាងនៅតូចនោះត្រូវបានគេមើលឃើញថាទោះជាពេលនេះនាងមានមានជីវភាពល្អប្រសើរ និងសម្រេចបានផែនការណ៍ក្នុងជីវិតភាគច្រើនទៅហើយដូចជាមានផ្ទះវីឡារ,រថយន្ដទំនើបជិះ និងបើកហាងដល់ទៅ២ព្រមគ្នាធ្វើឲ្យនាងក្លាយទៅជាថៅកែស្រីក្នុងពេលតែមួយក្ដី ប៉ុន្ដែសោភា នៅតែមិនទាន់អាចបំពេញកិច្ចការធំជូនអ្នកមានគុណរបស់នាងដដែល។បើតាមតារាដែលជិតស្និតសុខសោភា បានបង្ហើបឲ្យដឹងថាម្ដាយសុខសោភា អ្នកស្រីសុខ វិលន់ ដែលជាអតីតបុគ្គលិកមន្ទីឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ នោះចង់ឃើញសុខសោភា ដែលមានឈ្មោះក្រៅហៅថាស្រីអូន នោះរៀបការជាចំហដូចតារាល្បីៗទៀតព្រោះលោកស្រីក៍អន្ទះសារចង់បានចៅពដូចគេដែរ។តែរឿងទាំងពីរនេះបែជាមិនទាន់ត្រូវបានសោភា បំពេញជូនអ្នកស្រីវិលន់ នោះទេ បើទោះជាអ្នកចម្រៀងសំនៀងផ្អែមរូបនេះបានផ្ដល់នូវការស្រលាញ់ចំពោះម្ដាយស្ទើលេបគ្រប់ពេលវេលាក្ដី។

សូមបញ្ជាក់ថាមាស សុខសោភា រស់នៅអត់ម្ដាយតាំងពីនាងនៅតូចៗម្លេះ ព្រោះឪពុករបស់នាងលោកមាស សារឹម ដែលជាអតីតប្រធានមន្ទីឧស្សាហកម្មខេត្តកំពង់ស្ពឺបានលាចោលលោកចោលនាង។សោភា ចេញច្រៀងសម្ដែងសឹងគ្រប់ឆាកតន្រ្ដីតែងតែមានម្ដាយនាងតាមជានិច្ច ដើម្បីរៀបចំសម្លៀកបំពាក់និងតុបតែងកាយឲ្យនាង ហេតុនេះហើយអាជីពសិល្បៈរបស់នាងបានដើរមកដល់ចំណុចនេះគឺមួយផ្នែកដោយសារតែមានម្ដាយនៅគាំទ្រពីក្រោយខ្នង។យ៉ាងណាពេលនេះសុខសោភា កាន់តែមានអាយុច្រើនដែរហើយ ហេតុនេះបើនាងនៅតែពន្យាពេលយកកូនទៀតនោះច្បាស់ជាធ្វើឲ្យម្ដាយនាងប្រឈមអត់ចៅពជាមិនខាន។សម្រាប់សុខសោភា ផ្ទាល់វិញក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលមនុស្សមានអាយុច្រើនគឺពិបាករឿងយកកូននេះឯង។

មាស សុខសោភា បានភ្ជាប់ស្នេហ៍អាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ដែលចំណងស្នេហ៍ឆ្លងទ្វីពរយៈពេល១៥ឆ្នាំនេះនាងធ្លាប់រៀបការ២លើកមកហើយពោលគឺកាលពីឆ្នាំ២០០៨ សោភា បានរៀបការតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដា ដោយគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ សុខសោភា បានរៀបកាម្ដងទៀតជាមួយលោករ៉ាដា តាមបែបប្រពៃណីខ្មែរ តែពិធីនោះធ្វើបែបលាក់លៀមហើយភ្ញៀវដែលទៅចូលរួមគេឃើញមានតែលោកឆន សុវណ្ណារាជ និងញឹម ចាន់ថន ប៉ុណ្ណោះដែលឡើងគួចដៃ ។ដោយសារតែការក្រាបផ្ទឹមទាំង២ដងមិនបើកចំហដូចគ្នានោះហើយទើបធ្វើឲ្យលេចឭថាសោភា ចង់រៀបការជាសាធារណៈដូចឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើមតាំងពីឆ្នាំ២០២១ ម្លេះ តែគម្រោងនេះត្រូវស្ទះដោយសារតែរឿងកូវីដ ហើយស្រាប់តែពេលនេះសោភា បែជាស្ទាក់ស្ទើចិត្តលែងចង់ការលើកទី៣ទៅវិញ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងដោយចម្លើយប្រែប្រួលម្ដងថាអាចនឹងរៀបការនៅ២ទៅ៣ឆ្នាំទៀត តែពេលខ្លះនាងបែជាថាមិនដែលមានចិត្តចង់រៀបការជាចំហម្ដងណាឡើយ។យ៉ាងណាមានតែការរៀបការជាសាធារណៈប៉ុណ្ណោះដែលអាចបើកផ្លូវឲ្យសុខសោភា អាចពពោះយកកូនទី១បំពេញតាមបំណងម្ដាយបាន ព្រោះបើនាងយកកូនដំបូងទាំងដែលអ្នកខ្លះនៅតែមិនជឿរថាសោភា ធ្លាប់រៀបការនោះច្បាស់ជាធ្វើឲ្យតារារាម រូបនេះរងការរិះគន់ថែមទៀតជាមិនខាន៕

