ខេត្តពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ក្រោមការសម្របសម្រួលពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដ៏ធំ
ចំនួន២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការរួមគ្នាខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ទីតាំងទាំង២ ដែលត្រូវបានបង្ក្រាប ទី១-នៅត្រង់ចំណុចអាហារដ្ឋានម្លប់ស្វាយ (ទីតាំងចាស់) ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ និងទីតាំងទី២- ស្ថិតនៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ។
លោកវរសេនីយ៍ទោ ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ថា ប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ដ៏ធំ ទាំង២កន្លែងខាងលើ គឺយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះឌី រិទ្ធី។
លោកស្នងការរង បានបន្តថា ទីតាំងទី១- នៅអាហារដ្ឋានម្លប់ស្វាយ (ទីតាំងចាស់) ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះស៊ឹម សាវី ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកកាន់កាប់ទីកន្លែង និងបានចាប់យកវត្ថុតាង រថយន្តជាមធ្យោបាយ ចំនួន១គ្រឿង ម៉ាក Lexus 460 ពណ៌ស ម៉ូតូ Scoopy ចំនួន ១គ្រឿង។ ចំណែកទីតាំងទី២- នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់
ឈ្មោះលី ហាន់ណាហ្វី ភេទប្រុស អាយុ៣៨ឆ្នាំ និងបានដកហូតវត្ថុតាង រថយន្ត ៣គ្រឿង ម៉ូតូ ៤គ្រឿង ទូរស័ព្ទដៃ ៤គ្រឿង ម្សៅក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ ថ្នាំគ្រាប់ WY ពណ៌ក្រហម ចំនួន៣គ្រាប់ លុយខ្មែរ ចំនួន ៨លាន ៦០ម៉ឺនរៀល លុយដុល្លារ ចំនួន៦១៥ដុល្លារ និងលុយបាត ចំនួន២០០បាត។
ជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនាំខ្លួនមកបន្តនីតិវិធី ដើម្បីចាត់ការតាមផ្លូវច្បាប់៕