បារាំង៖អ្នកនាងម៉េង កែវពេជ្ជតា បានទៅដល់បារាំងរយៈពេលជាង១ខែទៅហើយដែលតំណើរលើកនេះធ្វើឲ្យនាងខកខានចូលរួមច្រៀងសម្ដែងក្នុងពិធីបុណ្យចូលឆ្នាំនៅខ្មែរកន្លងមក ព្រោះនាងត្រូវមានភារកិច្ចជាចាំបាច់ដើម្បីទៅជួបនិងលើកទឹកចិត្តដល់កូនប្រុសម៉េង ពេជ្ជរតនៈ ដែលកំពុងតែបន្ដការសិក្សារនៅទីនោះ។យ៉ាងណាអ្នកនាងពេជ្ជតា ថាពេលទៅជួបកូនប្រុសអ្នកនាងបែជានឹកដល់កូនស្រីនៅខ្មែរជាខ្លាំងទៅវិញ ខណៈដែលកាលពីថ្ងៃទី៧ខែឧសភា នោះអ្នកនាងសួរកូនប្រុសថាចង់ទៅលេងនៅឯណានោះរតនៈ ឆ្លើយថាចង់ទៅផ្ទះវិញជាមួយនាង។

ថ្វីត្បិតតែអ្នកនាងម៉េង កែវពេជ្ជតា ថាការទៅបារាំងជើងនេះដើម្បីតែលើកទឹកចិត្តដល់កូនប្រុសដែលកំពុងរស់នៅនិងរៀនសូត្រនៅស្រុកគេក្ដី ប៉ុន្ដែតាមព័តមានថានាងក៍មានឱកាសក្នុងការស្វែងយល់ចិត្តដល់គូស្នេហ៍ថ្មីឲ្យបានកាន់តែច្បាស់លាស់ថែមទៀតផងដែរ ព្រោះតាមរូបភាពមួយចំនួនគេឃើញនាងនិងបុរសវ័យចំណាស់ម្នាក់នៅបារាំងដែលអ្នកនាងពេជ្ជតា ធ្លាប់ថាគេមានទាំងចំណេះដឹងនិងការងារល្អហើយស្រលាញ់នាងនោះរួមដំណើរជាមួយនាងជាញឹកញាប់ ហើយអ្នកនាងក៍មិនទាន់កំណត់ពេលវេលាមកស្រុកវិញដែរ។ប៉ុន្ដែអ្នកនាងពេជ្ជតា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនទាន់មានគម្រោងរៀបការជាមួយម្ចាស់ចិត្តថ្មីឆាប់ៗនោះទេ ព្រោះនាងបានចំណាយថវិការជាច្រើនបង់ថ្លៃសាលាកូនរៀននៅបារាំង ហេតុនេះហើយទាល់តែមានលុយច្រើនជាងនេះទើបគិតគូពិធីនោះ។កំពូលតារាចម្រៀងរូបនេះថាមង្គលការជាលើកទី២មិនមែនជារឿងចាំបាច់បំផុតសម្រាប់ជីវិតនាងឡើយ ព្រោះថានាងធ្លាប់រៀបការម្ដងហើយដោយរៀបចំសុទ្ធតែនៅភោជនីយដ្ឋានសណ្ឋាគារផ្កាយ៥ទៀតផង តែទីបំផុតនៅតែបែកគ្នាអីចឹងនាងគិតថាការរស់នៅចុះសម្រុងនិងយល់ចិត្តគ្នាជារឿងសំខាន់។

គូរបញ្ជាក់ថាអ្នកនាងម៉េង កែវពេជ្ជតា បានលែងលះជាមួយលោកឧត្តមសេនីយឯកមួង ឃីម កាលពីឆ្នាំ២០១១ ដោយបន្សល់ចំណងដៃកូន២នាក់គឺកូនទី១ប្រុសឈ្មោះម៉េង ពេជ្ជរតនៈ និងកូនទី២ស្រីឈ្មោះម៉េង ពេជ្ជតាសង្វាពេជ្រ ។ក្រៅពីជំរុញកូនប្រុសស្រីឲ្យខំសិក្សារទាំងក្នុងនិងក្រៅស្រុកឲ្យមានចំណេះដឹងខ្ពង់ខ្ពស់នោះអ្នកនាងពេជ្ជតា ក៍បានគាំទ្រកូនៗឲ្យក្លាយទៅជាអ្នកបន្ដវេនក្នុងអាជីពសិល្បៈពីនាងនាពេលអនាគតផងដែរ៕


