ភ្នំពេញ ៖ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទ្រង់គ្រឿងជាទេវតាឆ្នាំថ្មី ឆ្នាំមមី «រាក្យសាទេវី» ជាបុត្រទី៣ នៃកបិលមហាព្រហ្ម ធ្វើឲ្យផ្អើលអស់និស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) កាលពីពេលថ្មីៗនេះ ។ វត្តីសារ៉ាវឌ្ឍី ថានេះលើកទី១ សម្រាប់រូបនាង ក្នុងការប្រឡូកអាជីពសិល្បៈ ជិត៤ឆ្នាំ ដែលមានឱកាសគ្រងឈុតទេវតាឆ្នាំថ្មី ហេតុនេះនាងមានអារម្មណ៍រំភើប សប្បាយចិត្ត គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះជាមោទនភាព និងមិននឹកស្មានថាខ្លួនមានឱកាសនេះទេ ។ នាងថា ទទួលបានការគាំទ្រនិងសរសើរខ្លាំងពីមនុស្សជុំវិញខ្លួន ដោយសារ នេះជាឱកាសដ៏កម្រសម្រាប់រូបនាង ។

អ្នកប្រើបណ្ដាញសង្គម ក៏បានលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាមានទេពកោសល្យ ហើយរូបរាងល្អមែន ព្រោះស្លៀកឈុតបុរាណនិងសម័យ មានការទាក់ទាញដូចគ្នា ហើយក្រោយពីទ្រង់គ្រឿងទេពធីតាឆ្នាំថ្មី នាងអាចនឹងមានរាសី ឡើងកូដក្នុងអាជីពសិល្បៈ មួយក្រឺតថែមទៀតមិនខាន ។
គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៨ឆ្នាំ ជាតារាដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងពេលប្រកួតបវរកញ្ញា នូវឈុតប៊ីគីនី ព្រោះនាងមិនញញើតឬស្ទាក់ស្ទើក្នុងការបង្ហាញសាច់ដ៏សខ្ចីនិងរាងស្រលនរបស់នាង ឲ្យគេឃើញឡើយ ។ វត្តីសារ៉ាវឌ្ឍី ក៏ចេះសម្របខ្លួនបានគ្រប់ពេលផងដែរ នូវការស្លៀកពាក់ទៅតាមប្រភេទកម្មវិធីនីមួយៗ ប៉ុន្ដែរឿងដែលនាងរងបរាជ័យធំបំផុតក្នុងអាជីព គឺរបូតមកុដ Miss Universe Cambodia 2025 កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយសាតែចាញ់អ្នកមេម៉ាយកូន១ រូបស្អាត ថៃ នារីសុជាតា ហៅហ្វីយ៉ាតា។ សម្រាប់ឆ្នាំ២០២៦ នេះ គេនៅមិនទាន់ឃើញនាងប្រលងបវរកញ្ញា កម្មវិធីថ្មីទៀតទេ តែនាងរវល់ការងារជាតារាបង្ហាញម៉ូតច្រើន ទាំងក្នុងនិងក្រៅស្រុក។

ក្រៅពីពេជ្រ វត្តីសារ៉ាវឌ្ឍី មានតារា ២ដួងទៀត ដែលទ្រង់គ្រឿងទេវតាឆ្នាំមមី «រាក្យសាទេវី» យ៉ាងស្រស់ស្អាត ប៉ុន្ដែខ្លះគ្រាន់តែគ្រងដោយសារស្រលាញ់ និងរៀបចំខ្លួនឯង នោះគឺសុគន្ធ និសា និងមាន សូនីតា ខណៈដែលកាលពីឆ្នាំមុន នាដការីស្រស់សោភា សុខគា គីមលាង ត្រូវបានគេជ្រើសឲ្យទ្រង់គ្រឿងទេវតាឆ្នាំថ្មី ដង្ហែផ្អើលសៀមរាប នាំឲ្យនាងឡើងកូដកាន់តែខ្លាំង រហូតដល់សព្វថ្ងៃ។ សម្រាប់វត្តីសារ៉ាវឌ្ឍី នាងអាចស្ដារមុខមាត់ឡើងវិញបានប្រសិនបើនៅឆ្នាំ២០២៦ នេះ ឈ្នះមកុដបវរកញ្ញាថ្មីណាមួយផ្សេងទៀត ព្រោះរូបសម្រស់ និងសមត្ថភាព បានទាំងព្រមបែបនេះ គេជឿថា នាងនឹងអាចធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីមិនខាន ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 និង 5th Runner Up MGI 2022 ប៉ុន្ដែកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នាងបានប្រកាសបោះចោលមកុដ 5Th Runner Up MGI 2022 នោះនៅធុងសំរាមទៅហើយ ក្រោយពីបុគ្គលណាវ៉ាត់ ស្ថាបនិក MGI ចេញសេចក្ដីប្រកាសដកតំណែង 5th Runner Up MGI 2022 របស់នាង ។ ស្រីស្អាតមកពីខេត្តព្រះសីហនុ រូបនេះ មិនធ្លាប់មានរឿងអាស្រូវស្នេហាទេ ។ អ្នកខ្លះថា សម្រស់ផូរផង់ដូចវត្តីសារ៉ាវឌ្ឍី នោះប្រាកកដាជាមិនមែនបេះដូងទំនេរទេ ប៉ុន្ដែនាងមិនដែលកៀកកើយឬក្លាហានបណ្ដើរសង្សារ ជាសាធារណៈម្ដងណាឡើយ គឺមានតែបង្ហាញស្និទ្ធតែជាមួយតារាបង្ហាញម៉ូដស្រីៗដូចគ្នាប៉ុណ្ណោះ ទាំងពេលទៅដើរម៉ូដ នៅក្នុងនិងក្រៅស្រុក ៤ឆ្នាំនេះ ។

ក្រៅពីនិយមស្លៀកឈុតប៊ីគីនី ធ្វើឲ្យប្រុសៗជ្រួលជ្រើម ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏តែងតែបំផុសពីការអភិរក្សប្រពៃណីនិងវប្បធម៌ខ្មែរ ជាញឹកញាប់ផងដែរ ហើយកាលពីពេលថ្មីៗនេះនាងចេញសារថា «បើយើងជាខ្មែរ បែរជាមិនប្រឹងថែរក្សា អ្នកណាគេជួយ? វប្បធម៌ខ្មែរ ជាសម្បត្តិដូនតា គ្មានអ្នកណាអាចបំពានបាន…»៕