ភ្នំពេញ៖ក្នុងចំណោមតារាល្បីៗរបស់ហង្សមាសពួកគេសុទ្ធតែទទួលបានតំណែងធំជាគណៈកម្មាការ និងគ្រូបង្វឹករៀងៗខ្លួនដែលធ្វើឲ្យទាំងប្រាក់ចំណូលរួមទាំងកេរ្តិ៍ឈ្មោះរបស់តារាទាំងនោះកើនថែមមួយក្រឺតថែមទៀត។ប៉ុន្ដែសម្រាប់សុគន្ធ និសា វិញតាំងពីបាត់បង់កៅអីជាគណៈកម្មាការThe Voice Kids Cambodia រដូវកាលទី២ដែលធ្លាក់ក្នុងកណ្ដាប់ដៃនាងសួស វីសា មកពេលនេះនាងនៅតែមិនទាន់ត្រូវបានថៅកែប៉ៈប៉ូវឲ្យតំណែងធំណាផ្សេងទៀតទៅនាងដើម្បីស្ដារមុខមាត់ឡើងវិញនោះទេ ប៉ុន្ដែគេបែជាឃើញនាងផន ស្រីខួច ,សុខ ស្រីនាង និងជាពិសេសនីកូ មានឱកាសឡើងកាន់ការងារធំនោះទៅវិញ។

សម្រាប់និសា ថៅកែហាក់មើលរំលងបើទោះជាពេលនេះតំណែងធំដល់ទៅ២ក្នុងចំណោមតំណែងទាំង៣របស់ព្រាប សុវត្ថិ កំពុងនៅទំនេរគឺThe Voice Kids Cambodia និងCambodian Idol Junior ហើយត្រូវបានគេសន្និដ្ឋានថានិសា មានប្រៀបជាងតារាផ្សេងៗទៀតក្នុងការរ៉ាប់រងការងារនេះជំនួសលោកសុវត្ថិ ក្ដីតែក្នុងជំនួបផ្ទាល់សុគន្ធ និសា ហាក់គ្មានចេតនាចង់បានតំណែងថ្មីណាមួយមកវិញឡើយ។និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការបាត់មុខនាងពីកម្មវិធីThe Voice Kids Cambodia រដូវកាលទី២នោះមិនមែនថៅកែដកនាងចេញនោះទេ ប៉ុន្ដែមកពីរូបនាងសុំឈប់។ចំពោះមូលហេតុវិញនិសា ថាមកពីនាងគ្មានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារទាំងនោះ។តែទស្សនិកជនមើលឃើញថាដោយសារតែពេលនោះនិសា ទម្លាក់កូនក្រុមម្នាក់ដែលមានសម្ថភាពល្អជាងអ្នកជាប់ទៅវគ្គបន្ដនាំឲ្យនាង ទទួលការរិះគន់ច្រើនទើបនាងលែងចង់បានកៅអីធំនោះទៀតតែម្ដង។

មិនត្រឹមតែគ្មានបំណងប្រជែងតំណែងធំដែលបន្សល់ពីព្រាប សុវត្ថិ នោះទេ ប៉ុន្ដែសុគន្ធ និសា ក៍បានផ្អាកការថតសម្ដែងភាពយន្ដតទៅទៀតដែរព្រោះពេលនេះនាងផ្ដោតតែលើការពង្រឹងអាជីពចម្រៀងប៉ុណ្ណោះ បន្ទាប់ពីនិសា ក្រសោបតួឯកបានដល់ទៅ៤រឿងជាប់ៗគ្នាគឺរឿង”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មី នៃសុភមង្គល”។ដោយឡែកទាក់ទងរឿងសុគន្ធ និសា រៀបជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកជាង៤ឆ្នាំ តែគ្មានកូន១គ្រាប់នោះតាមព័តមានថាអ្នកនាងប៊ុន សុគន្ធា រៀបគម្រោងយកកូនជាលើកទី២នៅឆ្នាំ២០២២ នេះបន្ទាប់ពីបានលុបចោលការពពោះឆ្នាំ២០២១ ព្រោះតែពេលនោះនាងកើតកូវីដ៕

