Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនមន្ត្រីអង្គការបរិស្ថាន ២នាក់ ពីបទកំហែងយក

ឃុំខ្លួនមន្ត្រីអង្គការបរិស្ថាន ២នាក់ ពីបទកំហែងយក

ខេត្តពោធិ៍សាត់ ៖ មន្ត្រីអង្គការបរិស្ថាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូង និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីកំហែងយក និងសមគំនិត ក្នុងអំពើកំហែងយក ប្រព្រឹត្តនៅចំណុចខ្នងចែង ស្ថិតនៅភូមិក្រេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

យោងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ៣៣០ និង៣២៨ ឃ.ខ/២២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនជនត្រូវចោទ ២នាក់ ពីបទ «កំហែងយក និងសមគំនិត្យក្នុងអំពើកំហែងយក» ប្រព្រឹត្តនៅចំណុច ខ្នងចែង ស្ថិតនៅភូមិក្រេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកភ្នំក្រវាញ បានបញ្ជាក់ឱ្យដឹងថា ជនជាប់ចោទដែលត្រូវបានតុលាកាឃុំខ្លួន ទី-១ ឈ្មោះផែន សុផន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរជាមន្ត្រីអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ មានតួនាទីជាអគ្គនាយករងទទួលបន្ទុករដ្ឋបាល បច្ចុប្បន្ន មកបំពេញបេសកកម្មនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានលំនៅ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២- ឈ្មោះភិន ម៉េន ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ជាមន្ត្រីអង្គការអង្គភាពជាមួយគ្នា។ ចំណែកដើមបណ្តឹង មានឈ្មោះខៀវ សារិទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ បច្ចុប្បន្ន មានលំនៅ ភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ។

របាយការណ៍ដដែល បន្តថា ដើមបណ្តឹងបានប្តឹងទៅកាន់ជនជាប់ចោទទាំង២នាក់ខាងលើ ពីបទបង្កើតកុងត្រូលជជុះ ដើម្បីទារលុយពីជនប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ខ្លឹមសារបណ្តឹងរបស់ឈ្មោះខៀវ សារិទ្ធ ដែលបានប្តឹងក្រុមការងារខ្លួនឯងនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជនជាប់ចោទ (ផែន សុផន និងភិន ម៉េន) បានជ្រើសរើសបុគ្គលិកបម្រើការងារឱ្យអង្គភាព (អង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ) ដោយតម្រូវឱ្យបង់លុយក្នុងម្នាក់ៗចំនួន ១០០ដុល្លារ ក្នុងនោះ បុគ្គលិកជ្រើសតាំង ទី១-ឈ្មោះខៀវ សារិទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅ ភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ (ជាម្ចាស់បណ្តឹង) មានតួនាទីប្រធានស្នាក់ការប្រចាំខេត្តពោធិ៍សាត់។ ទី២-ឈ្មោះញ៉ែម ទ្រី ភេទប្រុស អាយុ៦៥ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៣-ឈ្មោះប៊ុន ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៤-ឈ្មោះ វ៉ា ពិសី ភេទប្រុស អាយុ៣៥ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៥-ឈ្មោះគុយ វឿន ភេទប្រុស អាយុ៤៤ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី៦-ឈ្មោះដាំ ពន់ថន ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រចាំការស្រុកភ្នំក្រវាញ ។

ពាក្យបណ្តឹង បានបន្តទៀតថា កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឈ្មោះផែន សុផន និងឈ្មោះភិន ម៉េន បានហៅឈ្មោះឈឹម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ មានលំនៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ (អង្គភាពជាមួយគ្នា) ឱ្យទៅជួបពួកខ្លួន នៅចំណុចខ្នងចែង ចម្ការ (ភិន ម៉េន) ខណៈបានបញ្ឈប់ការងារ (ឈឹម សុផាត) ដោយដកឯកសណ្ឋានការងារអស់ និងបានប្រាប់ថា បើចង់បន្តការងារ ត្រូវបង់លុយ ១០០ដុល្លារទៀត (ផែន សុផន និងភិន ម៉េន (បានចេញទៅចងអង្រឹងដេកនៅចំណុចខ្នងចែង ដើម្បីចាំជំរិតទារលុយពីអ្នកបររទេះដឹកឈើ ដោយក្នុង ១រទេះ តម្រូវឱ្យបង់លុយចាប់ពី ១០០០០រៀល ទៅ២០០០០រៀល។

របាយការណ៍នគរបាលដដែល បន្តថា បើយោងតាមបណ្តឹងឈ្មោះខៀវ សារិទ្ធ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ (ផែន សុផន និងភូមិ ម៉េន) បានបន្តជ្រើសរើសបុគ្គលិកបានចំនួន ៤រូបទៀត ទី១-ឈ្មោះឃាន ជីវ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ទី២-ឈ្មោះអ៊ុល សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះឈឿន ឈឿម ភេទប្រុស អាយុ៣៤ឆ្នាំ និងទី-៤ឈ្មោះអ៊ុល ខាន់ឈិត ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិកត្រូវបានជ្រើសតាំង មានលំនៅ ភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ដោយម្នាក់តម្រូវឱ្យបង់លុយចំនួន ១០០ដុល្លារ។ បុគ្គលិកថ្មីទាំងចំនួន៤នាក់ តម្រូវឱ្យទៅឈរជើងនៅតំបន់ខ្នងចែង ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដើម្បីធ្វើសកម្មភាពជំរិតទារលុយពីអ្នកបររទេះដឹកឈើ៕

RELATED ARTICLES