ភ្នំពេញ ៖ ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦ នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ២៧៨ករណី ឃាត់ខ្លួនសរុប ៩៧៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេល ៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កហេតុ ថយចុះ ១១៥នាក់។

យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមក្មេងទំនើងជិត ១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចំនួន ៥៤១នាក់។ ចំពោះជនបង្កហេតុ ៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ច សន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា កន្លងទៅ បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលបង្កការអុកឡុកសង្គម ឱ្យទៅបម្រើការងារនៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងថា ជីវិតកងទ័ព និងនគរបាលការពារព្រំដែន ដែលមួយចំនួនក៏ជាយុវជនដូចគ្នានោះ កំពុងធ្វើពលិកម្មនិងប្រឈមគ្រោះថ្នាក់អ្វីខ្លះ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។
ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិ បន្តអនុវត្តវិធានការបង្ក្រាបក្រុមក្មេងទំនើង ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ។

លោកបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការច្បាប់ភ្លាមៗ និងគ្មានការលើកលែង ដើម្បីរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារ ណៈ ជាពិសេស គឺការធានាឱ្យបាននូវប្រសិទ្ធភាពនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូ ទាំងព្រះរាជាណាចក្រកម្ពុជា៕