ភ្នំពេញ៖សុខ ស្រីនាង ពេលនេះមិនដឹងថាតើនាងគិតយ៉ាងណាឡើយនៅពេលដែលមានស្រីៗកាន់តែច្រើនចាប់អារម្មណ៍តាមដាននិងលង់ស្នេហ៍នាងច្រើនជាងប្រុសបន្ទាប់ពីនាងលេងឈុតពិសេសជាមួយសុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវ២”។អ្វីដែលគូរឲ្យកត់សម្គាល់ស្រីនាង ដែលកាន់តែហ៊ានស្និតស្នាលជាមួយសុគន្ធកញ្ញា រហូតមានពេលខ្លះពួកគេដើរទន្ទឹមគ្នាត្រូវFan ជម្រុញឲ្យថើបគ្នាទៀតនោះ នាងបែជាងាកទៅទុកចិត្តលើតារាចម្រៀងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ដែរទៅវិញ។ការបែងចែកអារម្មណ៍មិនច្បាស់សលាស់របស់ស្រីនាង នៅពេលនេះវាបានធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី(lesbian )ដែលលង់ស្នេហ៍ស្រីនាង ជាយូខែមកហើយនោះចាប់ផ្ដើមពិបាកយល់ចិត្តតារាស្រីស្រស់រូបនេះថាអារម្មណ៍ពិតរបស់នាងតើស្រលាញ់ស្រីដូចក្នុងរឿងមែន ឬមួយនាងស្រលាញ់តែប្រុស?

ដោយឡែកអ្នកនៅក្នុងរង្វង់សិល្បៈបានដាស់តឿនស្រីនាង ជាច្រើនលើកច្រើនសារថាប្រយ័ត្ន នាងជួបរឿងដូចឌួង ហ្សូរីដា ពេលអោបរឹតគ្នាជាមួយអតីតប្ដីអ្នកនាងចាន់ សុផានី នេះព្រោះថាហ្សូរីដា ហាក់បាក់ស្បាតទៅហើយដោយសារតែពេលហៅលោកសុវណ្ណារ៉េត ទៅថតសម្អាងការនាងស្រាប់តែមានស្រីស្នេហ៍ហ្សូណូ ឆាតមកអុកឡុកនាងជាបន្ដបន្ទាប់ព្រោះតែប្រចណ្ឌតារាចម្រៀងនេះជាមួយនាង។ប៉ុន្ដែស្រីនាង វិញនៅពេលដែលនាងនិងសុគន្ធកញ្ញា កាន់តែអៀនគ្នាៗខ្លាំងៗឡើងនោះអ្នកមេម៉ាយរូបនេះបែជាលែងហ៊ានកៀកកើយគ្នាជាមួយលោកណុប បាយ៉ារិទ្ធ តែមកទុកចិត្តលើតារាកូន១ហ្សូណូ ទៅវិញ។

សូមបញ្ជាក់ថាសុខ ស្រីនាង ក្រោយចេញពីសាន់ដេចូលហង្សមាសនាងត្រូវបានថៅកែពេញចិត្តផ្ដល់តំណែងតួឯកឲ្យ២រឿងជាប់គ្នាគឺរឿង”រាជនីយភូមិគ្រឹះ”និងភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស” ហើយស្រីនាង ថែមទាំងឆក់បានតំណែងជាគណៈកម្មាការCambodian Idol Junior ទៀតផង។ប៉ុន្ដែសម្រាប់ទីផ្សារចម្រៀងរបស់ស្រីនាង ហាក់នៅមានកម្រិតនៅឡើយបើប្រៀបធៀបនាងរ៉េត ស៊ូហ្សាណា ខណៈដែលភាពយន្ដទី២ដែលនាងរំពឹងថាធ្វើឲ្យនាងលេចធ្លោថែមមួយក្រឺតទៀតនោះស្រាប់តែពេលនេះនៅជាប់គាំងនិងគ្មានព័តមាននៃការដាក់បញ្ចាំងជាក់លាក់ឡើយ។ដោយឡែកទាក់ទងរឿងបេះដូងវិញស្រីនាង ដែលលែងប្ដីលោកស៊ី សុវត្ថិ ជាង១០ឆ្នាំទៅហើយពេលនេះនាងនៅតែមិនព្រមបង្ហាញគូស្នេហ៍ថ្មី ពោលគឺលាក់ជិតឈឹងតែម្ដងទើបធ្វើឲ្យស្រីៗកាន់តែច្រើនបាក់ចិត្តស្នេហ៍នាងជាងប្រុសភេទ៕

