ភ្នំពេញ៖ព្រាប សុវត្ថិ បានឈជើងនៅGalaxy រយៈពេលជិត២ឆ្នាំមកហើយក្រោយពីលោករួមរស់ជាមួយហង្សមាសអស់២៣ឆ្នាំ(១៩៩៧-២០២០)ដោយបន្សល់នូវស្នាដៃចម្រៀងជាង៣០០០បទនៅផលិតកម្មរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន។ទស្សនិកជនមើលឃើញថារយៈពេលជាង១ឆ្នាំនិង១០ខែដែលលោកឧកញ៉ាព្រាប សុវត្ថិ រួមរស់ជាមួយGalaxy នេះបទចម្រៀងរបស់លោកមិនអាចប្រៀបធៀបដូចកាលលោកច្រៀងនៅហង្សមាសដំបូងកាលពីឆ្នាំ១៩៩៧ រហូតដល់ថ្ងៃដើរចេញឆ្នាំ២០២០នោះទេ ពោលគឺអ្នកដែលគាំទ្រលោកស្នាយ នៅតែនិយមលើកយកចម្រៀងរបស់លោកនៅហង្សមាសទៅច្រៀងនិងប្រលងតាមកម្មវិធីផ្សេងៗដដែលគឺអ្នកដែលយកបទថ្មីៗរបស់លោកនៅGalaxy ទៅច្រៀង តិចជាងនៅទ្រនុំចាស់។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានប្រាប់ថាលោកព្រាប សុវត្ថិ តាំងពីចេញពីហង្សមាសទៅផលិតកម្មថ្មីនេះលោកមិនធ្លាក់ចុះនោះទេ ពោលគឺនៅតែរក្សារលំនឹងបានដដែល។ទោះជាមានការលើកឡើងបែបនេះក្ដីក៍Fan របស់លោកព្រាប សុវត្ថិ ចង់ឲ្យលោកមានបទខ្លាំងៗឡើងវិញព្រោះពេលនេះលោកស្នាយ មានវ័យជ្រេបន្ដិចមែន តែសម្លេងរបស់លោកមិនទាន់ធ្លាក់ចុះនោះទេ តែនៅរដូវបុណ្យចូលឆ្នាំខ្មែរកន្លងទៅព្រាប សុវត្ថិ បានស្ងប់ស្ងាត់គ្មានបទផ្ទុះដូចឆ្នាំមុនៗដែលនេះចាត់ទុកថាជាលើកដំបូងបំផុតក្នុងអាជីពរបស់លោកផងដែរ។

យ៉ាងណាអំឡុងពេលដែលព្រាប សុវត្ថិ កំពុងតែត្រូវបានគេស្រពិចស្រពិលក្នុងអាជីពរបស់លោកក្រោយលោកស្នាយ ឡើងជាឧកញ៉ាជាង១ខែមកនេះដោយមានខ្លះសង្ស័យថាលោកលែងច្រៀងព្រោះតែមមាញឹកតែលើរឿងលក់ដីឡូតិ៍នោះស្រាប់តែពេលនេះមានអតីតអ្នកនិពន្ធ និងដឹកនាំសម្ដែងរបស់ហង្សមាសដល់ទៅ២នាក់ដែលធ្លាប់ធ្វើការជាមួលោកព្រាប សុវត្ថិ នោះបានទៅរួមរស់និងចាប់ដៃគ្នាជាមួយលោកសុវត្ថិ នៅGalaxy នោះគឺលោកខាំ ភូរិ និងលោកសុខ ជំនោរ ។ការទៅដល់ព្រមគ្នារបស់លោកភូរិ និងលោកជំនោរ ដើម្បីជំនួសតំណែងរបស់លោកយឹម តាស្រង់ នោះធ្វើឲ្យអ្នកនិយមព្រាប សុវត្ថិ ហាក់មានសង្ឃឹមសារជាថ្មីឡើងវិញព្រោះសម្អាងថាអ្នកទាំងពីរធ្លាប់បាននិពន្ធនិងដឹកនាំសម្ដែងបទMVរបស់លោកសុវត្ថិ ជាច្រើនបទមកហើយ ហេតុនេះព្រាប សុវត្ថិ នឹងអាចផ្ទុះម្ដងទៀតពោលគឺឲ្យតែផលិតបទត្រូវគឺនៅតែអង្រួនទីផ្សារចម្រៀងបានគ្រប់ពេល។ប៉ុន្ដែអ្នកជំនាញសិល្បៈមិនហ៊ានសន្និដ្ឋានចំពោះលោកខាំ ភូរិ និងសុខ ជំនោរ ថាអាចនឹងធ្វើឲ្យព្រាប សុវត្ថិ កក្រើកដូចកាលនៅហង្សមាសឡើយដោយComposer ម្នាក់នៅហង្សមាសបានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ឧសភា ថានៅលើគោលការណ៍របស់Galaxy ដែលចង់បាន។ប៉ុន្ដែលោកទទួលស្គាល់ថាផលិតកម្មនេះមានលុយ ហេតុនេះទោះជាចង់ចំណាយការផលិតអស់ប៉ុន្មានក៍គ្មានឧបស័ក្កដែរ។

ព្រាប សុវត្ថិ ទើបតែប្រារពខួបកំណើតគម្រប់អាយុ៤៧ឆ្នាំកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ ហើយគេកត់សម្គាល់ថាតាំងពីលោកឡើងជាឧកញ៉ាជាង១ខែមកនេះលោកស្នាយ ក៍ចាប់ផ្ដើមរយាលៗពីការច្រៀងសម្ដែងតាមឆាកតន្រ្ដីផងដែរ។តារាដែលត្រូវបានគេទម្លាយថាមានទ្រព្យ៣០លានដុល្លារតាំងពីខែកញ្ញាឆ្នាំ២០២០ នោះពេលនេះលោកក្ដាប់មុខជំនួញជាច្រើនក្នុងដៃ ហេតុនេះទោះជាលោកលែងច្រៀងរាំក៍មិនប្រឈមហានីភ័យសេដ្ឋកិច្ចដែរ។តែអ្នកណាក៍បានដឹងដែរថាលោកព្រាប សុវត្ថិ ជាមនុស្សមានបេះដូងជាអ្នកសិល្បៈហេតុនេះហើយទោះជាលោកក្លាយទៅជាឧកញ៉ាក៍មិនបោះបង់អាជីពចម្រៀងជាដាច់ខាត។ចំណែកមហាជនរងចាំមើលថាការទៅដល់របស់លោកខាំ ភូរិ និងសុខ ជំនោរ ដើម្បីអន្ដរាគមន៍ដល់ព្រាប សុវត្ថិ នៅGalaxy ខណៈដែលលោកស្នាយ សល់ចំនួនកុងត្រាតំណាក់កាលដំបូងជាមួយផលិតកម្មនេះជាង៣ឆ្នាំទៀតនឹងធ្វើឲ្យទីផ្សារចម្រៀងរបស់លោកឧកញ៉ាសុវត្ថិ មានការប្រែប្រួលបានកម្រិតណាចន្លោះពីឆ្នាំ២០២២ ដល់២០២៥?

