Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានគេចប៉ូលិសធ្លាក់ស្រែ ធ្លាយថ្នាំញៀន

បើកឡានគេចប៉ូលិសធ្លាក់ស្រែ ធ្លាយថ្នាំញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ បានបើករថយន្តព្រូស ១គ្រឿង តាមផ្លូវ ត្រូវសមត្ថកិច្ចសង្ស័យហៅឱ្យឈប់ តែមិនព្រមឈប់ ក៏ព្យាយាមបន្ថែមល្បឿនបើករត់គេច លុះសមត្ថកិច្ចដាក់រថយន្តធំកាក់ផ្លូវក្បាលស្ពាន ទៅមុខមិនរួច ក៏សម្រេចបើកគេចចុះស្រែ តែជាប់ផុង ក៏ត្រូវ សមត្ថកិច្ចក្របួចជាប់ និងរកឃើញថ្នាំញៀន ប្រមាណជិត ៤០កញ្ចប់។

 សមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលខេត្ត បានដេញស្ទាក់ចាប់រថយន្តមួយគ្រឿង ខណៈដែលមានការសង្ស័យ ព្រោះបានហៅឱ្យឈប់ តែរថយន្តនោះមិនព្រមឈប់ ហើយបើករថយន្តបុកបារ៉ាស់ រត់ថែមទៀត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានជ្រលងម៉ៅ  ស្ថិតក្នុងស្រុកកំពង់ត្រឡាច។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលការិយាល័យគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកុយ ណារឹទ្ធ ហៅរស់ អាយុ៣១ឆ្នាំ មានលំនៅ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យរូបនោះបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស មកដល់ចំណុចទំនប់ឈ្វាំង ក្នុងស្រុករលាប្អៀរ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឃាត់ ដើម្បី

សាកសួរ ប៉ុន្តែជនសង្ស័យមិនព្រមឈប់រថយន្តទេ ហើយបានបើកគេចឡើងផ្លូវជាតិលេខ៥ រួចបើកសំដៅទៅរាជធានីភ្នំពេញ ។

ប្រភពដដែល បន្តថា ពេលនោះសមត្ថកិច្ចនគរបាល បានដេញតាម និងដាក់បារ៉ាស់ស្ទាក់តាមគោលដៅ។ លុះពេលជនសង្ស័យបើកមកដល់ចំណុចស្ពានជ្រលងម៉ៅ ជួបនឹងរថយន្តធំដែលសមត្ថកិច្ចយកធ្វើបារ៉ាស់បាំងផ្លូវដាក់នោះ ជនសង្ស័យក៏បានបើកចុះស្រែ គេចបន្តទៀត តែជាប់ផុង ទើបរត់លែងរួច ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

ក្រោយការឃាត់រថយន្តខាងលើ សមត្ថកិច្ចក៏បានធ្វើការដកហូតនូវវត្ថុតាង រួមមាន ថ្នាំញៀនចំនួន ៣៧កញ្ចប់ ស្មើនឹង ៧១,៣៥ក្រាម។

ជនសង្ស័យ​ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES