ភ្នំពេញ៖តារាកំប្លែងលោកចែម ចាន់ដារា ហៅនាយពែកម៉ី បានធ្វើឲ្យផ្អើលពេញCtn ព្រោះតែកាលពីថ្ងៃទី៣១ខែឧសភា លោកដារា បានចេញសារថាលោកអាចនឹងត្រូវមេបញ្ឈប់ឬលាចេញដោយខ្លួនឯងព្រោះតែមិនពេញចិត្តថ្នាក់ដឹកនាំថ្មី។យ៉ាងណានាយពែកម៉ី ថាចិត្តនាយមិនចង់ចេញពីCtn ដែលជាកន្លែងផ្ដល់កំណើតឲ្យនាយនោះទេ ហើយនាយសុខចិត្តចេញមុខតវ៉ា រឿងរិតត្បិតខ្លាំងពេក ធ្វើឲ្យបុគ្គលិកមានសម្ពាធ ដើម្បីឲ្យថ្នាក់លើបន្ថយសម្ពាធខ្លះឲ្យបុគ្គលិកបន្ដធ្វើការមិនសូវរងសម្ពាធពេក។បន្ដិចក្រោយមកនាយពែកម៉ី បានលុបសារនោះចេញភ្លាមហើយថាក្រុមហ៊ុនបានស្នើរឲ្យដកចេញ តែCtn បានដោះស្រាយឲ្យនាយ និងសម្រួលដល់បុគ្គលិកទាំងអស់ហើយ…។ទោះជានាយពែកម៉ី ថាក្រុមហ៊ុនបានរកដំណោះស្រាយឲ្យខ្លួននិងអ្នករួមអាជីពហើយក្ដី តែនាយពែកម៉ី មិនបញ្ជាក់ទេថាតំណោះស្រាយនោះជាអ្វីខ្លះ ហើយរឿងណាដែលនាយត្រូវកែប្រែតាមគោលការណ៍របស់ក្រុមហ៊ុនចង់បានឡើយ។

លោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ អ្នកគ្រប់គ្រងការផលិតកម្មវិធីរបស់Ctn និងជាអ្នកនិពន្ធនិងដឹកនាំក្រុមកំប្លែងCtn ជិត១៣ឆ្នាំមកហើយនោះបានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាក្រោយមានដំណោះស្រាយរួចលោកជឿរជាក់ថានាយពែកម៉ី នៅតែបន្ដអាជីពកំប្លែងនិងធ្វើការឲ្យCtn តាមធម្មតា។លោកវ៉ិចទ័រ បន្ថែមថាមិនមែនតែនាយពែកម៉ី ម្នាក់នោះទេ ប៉ុន្ដែក្រុមកំប្លែងទាំងអស់ក៍មានអារម្មណ៍ដូចលោកចាន់ដារា ដែរព្រោះថាភាពតឹងតែងពេកនោះដូចជាបុគ្គលិកត្រូវតែពាក់កាតសម្គាល់ខ្លួន ហើយបើភ្លេចកាតដេញឲ្យទៅយកកាតវិញដែលសកម្មភាពបែបនេះធ្វើឲ្យពួកគេមិនពេញចិត្ត ។លោកថាថ្នាក់លើដែលនាយពែកម៉ី ចង់សំដៅនោះគឺជាជនជាតិឥណ្ឌា ដែលកាន់តួនាទីធំនោះរយៈពេល១ឆ្នាំមកហើយ។

សូមបញ្ជាក់ថានាយពែកម៉ី បានប្រលងកំប្លែងរបស់Ctn កាលពីចុងឆ្នាំ២០០៩ និងលើក ពានថ្ងៃទី១ខែមករាឆ្នាំ២០១០ ពោលគឺរយៈពេលជិត១២ឆ្នាំនេះនាយពែកម៉ី ជាបុគ្គលិកពេញ សិទ្ធរបស់Ctn និងមានប្រាក់ខែបើកជារៀងរាល់ខែផងដែរ ខណៈដែការសម្ដែងឈុតឆាកផ្សេងៗទៀតទាំងលើឆាក និងក្រៅឆាកនាយទទួលបានកញ្ចប់ថវិការបន្ថែម។នាយពែកម៉ី ក៍ដូចជាអ្នកកំប្លែងផ្សេងៗទៀតរបស់Ctn ពួកគេគោរពលោកតាវ៉ិចទ័រ និងចាត់ទុកដូចជាឪពុក ព្រោះលោកជាស្ថាបនិកបង្កើតក្រុមកំប្លែងនេះឡើងហើយបានកែប្រែពីអ្នកដែលធ្លាប់ធ្វើជាកម្មករសំណង់ទៅជាតារាកំប្លែងល្បី ,ពីអ្នកធ្លាប់រស់នៅផ្ទះជួលទៅជាមានផ្ទះវីឡារធំស្កឹមស្កៃ និងពីអ្នកធ្លាប់ជិះម៉ូតូឌុបទៅជាមានរថយន្ដទំនើបៗជិះពោលគឺក្រុមកំប្លែងមួយនេះបានកែប្រែមុខមាត់និងជីវភាពរបស់ខ្លួនស្ទើតែទាំងស្រុង។សម្រាប់នាយពែកម៉ី វិញពេលនេះតាំងចិត្តនឹងបន្ដអាជីពចាស់តទៅទៀត ហើយនាយក៍ដើរទន្ទឹមគ្នារឿងរកស៊ីផ្នែកអចលនទ្រព្យផងដែរ។នាយពែកម៉ី ក៍ជាមុខសញ្ញានៃការឡើងឧកញ៉ានាពេលខាងមុខ ព្រោះនាយមានជីវភាពធូធាររស់នៅផ្ទះស្កឹមស្កៃនិងជិះរថយន្ដទំនើបម៉ាកLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារឯណ្ណោះ។តែនាយពែកម៉ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយគ្មានបំណងឡើងជាឧកញ៉ានោះទេព្រោះធ្វើអ្នកធំពិបាកដើរផឹកស៊ីណាស់ ហេតុនេះនាយចង់ធ្វើអ្នកតូចតាចល្អជាងវិញ។ពែកម៉ី ក៍លើកឡើងថាបើសិនជានាយឡើងឧកញ៉ា ច្បាស់ជាលែងមានគេហ៊ានជួលទៅកាត់សក់ ឬលេងកំប្លែងទៀតហើយអីចឹងនាយសូមតែធ្វើជាអ្នកកំប្លែងធម្មតាម្នាក់ តែចេញរកស៊ីលក់ដីនិងផ្ទះល្វែងទន្ទឹមគ្នា។អតីតកម្មករសំណង់ក្លាយទៅជាតារាកំប្លែងល្បីឈ្មោះរូបនេះសង្កត់ថាទោះជាថ្ងៃក្រោយនាយក្លាយទៅជាអ្វីក៍មិនបោះង់អាជីពកំប្លែងជាដាច់ខាត។

តាមព័តមានថាតាំងពីនាយពែកម៉ី មានលុយចាយពេញៗដៃ និងជះរថយន្ដទំនើបៗនេះនាយ កាន់តែមានស្រីក្មេងតោងស្នេហ៍ពោលគឺមន្ដស្នេហ៍របស់លោកចាន់ដារា មិនចាញ់នាយចឺម,នាយក្រូច និងលោកអ៊ីណូ ឡើយ។ប៉ុន្ដែភរិយារបស់នាយចិត្តធ្ងន់និងមិនចេះប្រចណ្ឌហួងហែងលោកដារា ផ្ដែសផ្ដាសនោះទេទើបធ្វើឲ្យចំណងស្នេហាតារាកំប្លែងមុខស្ងួតរូបនេះនៅតែគ្មានភាពប្រេះស្រាំជាបន្ដបន្ទាប់ដូចសិស្សប្អូននាយចឺម៕

