Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនស្ត្រីម្នាក់ ឆបោកលុយ ២០ម៉ឺនដុល្លារ

ចាប់ខ្លួនស្ត្រីម្នាក់ ឆបោកលុយ ២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាអ្នកបកប្រែភាសាបរទេសម្នាក់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ពាក់ពន្ធករណីឆបោក លើទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ ផ្តើមចេញពីការអូសទាញម្ចាស់ប្រាក់ ឱ្យចូលហ៊ុនរកស៊ីទិញ-លក់មាស (ខ្យល់)។

ស្ត្រីដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះពេជ្រ ច័ន្ទវល័ក្ខ អាយុ៤០ឆ្នាំ មុខរបរជាអ្នករកស៊ី និងបកប្រែភាសាបរទេស មានលំនៅផ្ទះជួល ផ្លូវA សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ការចាប់ខ្លួនស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចបង្ហើបប្រាប់ថា ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរគ្រោះ ដោយក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ ឈ្មោះពេជ្រ ច័ន្ទវល័ក្ខ បានទៅលួងលោមអូសទាញជនរងគ្រោះថា គេមានក្រុមហ៊ុនមួយ ឈ្មោះ សុខម៉ាល់ ធីម៉ិច ឌីវីឡុបមិន អ៊ីអេនស៊ី ជាក្រុមហ៊ុនរកស៊ីទិញ-លក់មាស និងទទួលបញ្ញើក្នុងក្រៅប្រទេស មានទីតាំងស្ថិតនៅផ្ទះលេខ 52z ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ហើយ

ត្រូវការអ្នករកស៊ីចូលហ៊ុនជាមួយ។ បន្ទាប់មក ឈ្មោះ ពេជ្រ ច័ន្ទវល័ក្ខ បានប្រាប់ជនរងគ្រោះថា គេបានទិញ មាសជាច្រើន នៅប្រទេសកេនយ៉ា អស់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ប៉ុន្តែដោយមានបញ្ហាជំងឺកូវីដ-១៩ ផ្ទុះឡើង គេក៏មានការកកស្ទះ មិនអាចនាំមាសនោះចូលមកក្នុងប្រទេសកម្ពុជា បាន។ ឥឡូវនេះ គេចង់យកមាស ៣គីឡូក្រាម មកស្រុកខ្មែរ តែត្រូវការប្រាក់ សម្រាប់សេវាដឹកជញ្ជូន ចំនួន ១ម៉ឺដុល្លារ ដូច្នេះគេ (ជនសង្ស័យ) ក៏បានតម្រូវឱ្យជនរងគ្រោះ ចេញលុយនោះសិន លក់បានចំណេញ ចែកគ្នាស្មើ។

លុះពេលបានលុយហើយ ស្រាប់តែជនសង្ស័យ យកមាស៣ជី ឱ្យទៅជនរងគ្រោះ រួចនិយាយបោកប្រាស់បន្តទៀតថា គាត់បានទទួលវ៉ាលិសមួយ ពីជនជាតិស្បែកខ្មៅ ឈ្មោះផាត់ ទ្រីត ដែលក្នុងវ៉ាលិសនោះ មានដាក់លុយខ្មៅ រាប់លានដុល្លារ តែពេលនេះ ឈ្មោះផាត់ ទ្រីត ត្រូវការលុយ ដើម្បីយកទៅទិញទឹកថ្នាំសម្រាប់លាងលុយខ្មៅនោះ ហើយជនរងគ្រោះ ឆោតល្ងង់ ក៏បានឱ្យលុយទៅជនសង្ស័យ ជាបន្តបន្ទាប់។

បន្ទាប់ពីត្រូវការលុយទិញទឹកថ្នាំហើយ ជនសង្ស័យ បានបោកបញ្ឆោតជនរងគ្រោះ យកប្រាក់មួយចំនួនទៀត ដើម្បីយកទៅទិញម៉ាស៊ីនសម្ងួតប្រាក់ ដែលមានតម្លៃ ៦៥ម៉ឺនដុល្លារ។ ពេលនេះ ក៏មានវត្តមានជនជាតិស្បែកខ្មៅម្នាក់ដែរ បានចូលរួមរៀបចំគម្រោងបោកប្រាក់ជនរងគ្រោះ ហើយជនសង្ស័យទាំងស្ត្រីខ្មែរ និងជនស្បែកខ្មៅ បានរួមគំនិតគ្នាយកលុយខ្មៅ មួយដុំ មកធ្វើជាលាង ចេញជាប្រាក់សុទ្ធ ៣០០ដុល្លារ បង្ហាញឱ្យជនរងគ្រោះឃើញ ដើម្បីបញ្ជាក់ឱ្យជនរងគ្រោះកាន់តែជឿទុកចិត្តក្នុងការបោកប្រាស់នោះ។

១លើក ជា២លើក ជនរងគ្រោះចេះតែផុងខ្លួនចាញ់ល្បិចកល់ជនសង្ស័យបោកប្រាស់ យកប្រាក់អស់រាប់ម៉ឺនដុល្លារ ប៉ុន្តែហេតុផលចង់ចំណេញ បានលុយធំមកវិញ ហៅថា សេះដាច់យកសេះតាម ទើបត្រូវចំណាយហូរហែទៀត រហូតអស់កាន់តែច្រើន។ ចុងក្រោយជនសង្ស័យ បានប្រើល្បិចថា ក្រុមហ៊ុនប្តីគាត់នៅក្រៅប្រទេស ក្ស័យធន តែប្តីគាត់បានទម្លាក់លុយចំនួន ២៣លាន ៨០ម៉ឺនដុល្លារអាមេរិក មកឱ្យគាត់ជាប្រពន្ធ ដែលលុយនោះ បានធ្លាក់មកដល់ស្រុកខ្មែរហើយ ហើយបើដកបាន ចែកគ្នាស្មើ តែដោយសារខ្វះឯកសារ ទើបដកមិនទាន់បាន។ ពេលនោះ ជនសង្ស័យ ក៏បានត្រូវការប្រាក់ពីជនរងគ្រោះបន្តទៀត ម្តង ៨ម៉ឺនដុល្លារ ម្តង ៤ម៉ឺនដុល្លារ ម្តង ៣ម៉ឺនដុល្លារ ដើម្បីយកទៅរត់ការបង់ពន្ធដកប្រាក់ មកចែកគ្នា។

ទីបំផុត ជនរងគ្រោះ បានចំណាយប្រាក់អស់ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ទើបបែកធ្លាយដល់កូន ដឹងរឿងម្តាយចាញ់ល្បិចកលជនឆបោក ក៏ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យចាប់ខ្លួនជននោះ នាំយកមកចាត់ការតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES