ខេត្តកណ្តាល ៖ មន្ត្រីជំនាញក្រសួងបរិស្ថាន បានចុះពិនិត្យគុណភាពបរិស្ថាន នៅក្រុមហ៊ុនប្រភេទរោងចក្រផលិតកាបូប មួយកន្លែង នៅខេត្តកណ្តាល បន្ទាប់ពីមានករណីកម្មករ ចំនួន១៩នាក់ មានបញ្ហាសុខភាពខ្សោយ ទន់ដៃទន់ជើង។

ក្រោយពីទទួលបានព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD។ នៅវេលាម៉ោង ៨យប់ ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងករណីមានកម្មករ ចំនួន១៩នាក់ មានអាការអស់កម្លាំង ទន់ដៃទន់ជើង និងដួលសន្លប់។
ទីតាំងកើតហេតុ ស្ថិតនៅក្នុងអគារផលិតកម្មដេរកាបូប ដែលមានទីតាំងក្បែរជួរប្រើប្រាស់កាវបិទស្បែកកាបូប។ ក្រោយពីមានការកើតហេតុ ក្រុមហ៊ុនបានបញ្ជូនកម្មករនិងកម្មការិនី ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន គុយវ៉ែត និងមណ្ឌលសុខភាពព្រែកអញ្ចាញ។
នៅវេលាយប់ថ្ងៃដដែល កម្មការិនីដែលបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកអញ្ចាញ មានសភាពធូរស្បើយ និងកំពុងសម្រាកតាមដានសុខភាពបន្ត ចំនួន១២នាក់។ ចំណែកកម្មការិនីដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគុយវ៉ែត បានត្រលប់ទៅផ្ទះវិញអស់ហើយ។

ក្រុមការងារបានដាក់ឧបករណ៍តេស្តគុណភាពខ្យល់ក្នុងអគារផលិតកម្មកើតហេតុ និងបរិវេណក្រៅអគារផលិត កម្មផងដែរ។ ជាលទ្ធផល គុណភាខ្យល់ គឺនៅក្រោមកម្រិតស្តង់ដារ មិនមានការបំពុលខ្យល់កើតឡើងនៅក្នុងរោងចក្រ នេះបើតាមការធ្វើតេស្តបឋមលើគុណភាពខ្យល់ក្នុងរោងចក្រ នាវេលាយប់ថ្ងៃកើតហេតុខាងលើ។ក្រុមការងារ នឹងបន្តតាមដានគុណភាពខ្យល់ នៅក្នុងពេលដែលមានកម្មករធ្វើការបន្ថែមទៀត៕