ភ្នំពេញ៖សុខ ពិសី ដែលត្រូវFan របស់នាងដាក់រហ័សឲ្យថាជារាជនីសម្រស់នោះពេលខ្លះនាងបែជាបង្ហាញទឹកមុខក្រៀមក្រំតែម្នាក់ឯងនៅក្នុងចំណោមដែលមិត្តរួមអាជីពគេកំពុងសប្បាយរីរាយទៅវិញ ដែលសកម្មភាពបែបនោះមិនមែនយូៗម្ដងទេ តែជាញឹកញាប់ណាស់។អ្នកខ្លះសង្ស័យថាពិសី អាចតូចចិត្តសង្សារមិនសូវយល់ចិត្តនិងមើលរំលងភាពឯកោរបស់នាងទើបធ្វើឲ្យតារាសាច់សខ្ចីរូបនេះស្រពោនចិន្ដា ដល់ម្លឹង។តែអ្នកដែលស្និតពិសី បាននិយាយថាគឺរូបស្រីស្អាតទេ ដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហទើបនាំឲ្យស្នេហាមានភាពសោះកក្រោះបែបនេះ ព្រោះលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេនោះរងចាំតែសញ្ញាភ្លើងខៀវពីពិសី ប៉ុណ្ណោះ បើនាងព្រមឲ្យលោកកៀកកើយជាចំហឬបន្ដបិតបាំងនោះលោកនឹងសម្របខ្លួនតាមពិសី គ្រប់ពេលវេលាទាំងអស់។ប្រភពនោះបានឲ្យដឹងថាការដែលពិសី ស្រងូតស្រងាត់ច្រើនជាងរីករាយនោះគឺដោយសារតែនាងឃើញគូស្នេហ៍គេបញ្ចេញតែភាពផ្អែមល្ហែមសឹងគ្រប់គ្នា តែនាងបែជាសាងស្នេហ៍ដោយលាក់ៗទៅវិញ ទើបនាងតូចចិត្តតិចតួចដែលមិនអាចធ្វើបានដូចគេ។

សុខ ពិសី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួនជាច្រើនឆ្នាំហើយដែលរូបនាងផ្ទាល់ក៍ធ្លាប់សារភាពថាមានមន្រ្ដីរាជការខ្លះចង់ចូលស្ដីដណ្ដឹងនាងដែរ។ប៉ុន្ដែពិសី មិនចាប់អារម្មណ៍តំណែងជំទាវនោះទេ ហើយនាងជ្រើសរើសបុរសដែលយល់ដឹងពីអាជីពសិល្បៈរបស់នាងច្បាស់នោះគឺលោកចំរើន ដែលពួកគេបានភ្ជាប់ស្នេហ៍រយៈពេលជិត១០ឆ្នាំទៅហើយ តែអ្នកទាំងពីរមិនប្រកាសសាភាពស្នេហ៍ជាសាធារណៈម្ដងណាឡើយ។

ក្រៅពីសុខ ពិសី តារាដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនោះមានដូចជានាងអ៊ីវ៉ា ,រ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងពេជ្រ សោភា ជាដើម។តែសម្រាប់ពិសី វិញទោះជានាងត្រូវពន្យាពេលលាតត្រដាងស្នេហ៍ជាចំហក្ដី តែឥទ្ធិពលរបស់នាងនៅសាន់ដេពេលនេះមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសឡើយ ពោលគឺបុគ្គលិកនៅក្រុមហ៊ុនគោរពពិសី ប្រៀបដូចជាម្ចាស់ឬថៅកែផលិតកម្មសាន់ដេដែរ។ទស្សនិកជនរងចាំមើលថាតើនៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ សុខ ពិសី នឹងប្ដូរចិត្តពីខ្លាចបណ្ដើរគូស្នេហ៍មកជាក្លាហានដោយកៀកកើយម្ចាស់ចិត្តជាសាធារណៈដូចមិត្តភក្ដិដែរឬយ៉ាងណា?

