ភ្នំពេញ៖អតីតតារាភាពយន្ដជើងចាស់នាទសវត្សន៍៨០ និង៩០ អ្នកនាងកែវ កល្យាណ បានទាត់ចោលសំណើរថតភាពយន្ដជាច្រើនរឿងពីសំណាក់ផលិតករមួយចំនួនដែលចង់ឃើញនាងសម្ដែងតួជាម្ដាយក្នុងរឿងភាគដែលមានការផលិតជាច្រើនខែ។តែសំណើរទាំងនោះមិនធ្វើឲ្យអ្នកនាងកល្យាណ ចាប់អារម្មណ៍នឹងចង់ប្ដូរចិត្តវិលមករកការសម្ដែងកុនវិញនោះទេដោយនាងធ្លាប់ប្រាប់ថាអ្នកនាងសូមគាំទ្រពីចម្ងាយហើយជាការចង់ឃើញភាពយន្ដខ្មែរមានការរីកលូតលាស់ទៅមុខនាងក៍បានជម្រុញកូនស្រីឈ្មោះកែវ ឡាវីញ ឲ្យចាប់អាជីពមួយនេះបន្ដពីនាងបានដូចបំណងផងដែរ ទាំងដែលពីមុនកូនស្រីនាងគ្មានចិត្តលេងសិល្បៈបន្ដិចឡើយ។តែអ្នកនាងកល្យាណ ថាគ្មានបំណងឲ្យកូនស្រីប្រឡូកសិល្បៈពេញទំហ៊ឹងនោះទេ ពោលគឺឲ្យថតល្មមៗហើយក៍មិនចង់ឲ្យល្បីលេចធ្លោខ្លាំងដែរ ។អ្នកនាងកល្យាណ សង្កត់ថាបើកូនស្រីនៅតែត្រូវបានគេសង្ស័យឬផ្សារភ្ជាប់ទៅនិងការស្រលាញ់ភេទដូចគ្នាតទៅទៀតនោះនាងនឹងឲ្យកូនស្រីបោះបង់ពីការសម្ដែង ហើយឲ្យគេទៅធ្វើការទាក់ទងជំនាញរបស់គេវិញម្ដងព្រោះឡាវីញ រៀនចប់មហាវិទ្យាល័យមួយផ្នែកជំនាញឌីហ្សាញ(Design)។

តាមព័តមានថាភាពយន្ដដែលអ្នកនាងកែវ កល្យាណ បានអាកខានថតនោះមានដូចជានៅផលិតកម្មរស្មីហង្សមាស និងរឿងរបស់អ្នកស្រីពាន់ ភួងបុប្ផា មួយចំនួនទៀត។ចំពោះមូលហេតុដែលអ្នកនាងកល្យាណ មិនទទួលថតរឿងថ្មីៗអស់ជាច្រើនរឿងនោះព្រោះតែនាងមិនចង់លេងជាតួម្ដាយ និងចង់ផ្ដល់ឱកាសឲ្យតារាពន្លកក្រោយរះឡើង។ដោយឡែកសម្រាប់តារាជើងចាស់ជំនាន់អ្នកនាងកល្យាណ ដែលនៅតែបន្ដអាជីពចាស់រហូតមកដល់ពេលនេះមានដូចជាអ្នកនាងប៉ែន សុផានី និងស្វែង សុជាតា ជាដើម។តែមិត្តភក្ដិដ៍ជិតដិតបំផុតរបស់អ្នកនាងកល្យាណ គឺអ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅសហរដ្ឋអាមេរិកហើយទោះជានៅឆ្ងាយពីគ្នាក្ដី ក៍ទំនាក់ទំនងរបស់អតីតតារាទាំងពីរនៅតែផ្សារភ្ជាប់គ្នាជានិច្ច។

ក្រៅពីកែវ កល្យាណ តារាដែលបណ្ដុះកូនឲ្យស្នងតំណែងមានដូចជាលោកព្រាប សុវត្ថិ,ហួ ឡាវី និងអ្នកនាងម៉េង កែវពេជ្ជតា ,ចន ច័ន្ទលក្ខិណា ,និងខាត់ សុឃីម ជាដើម។យ៉ាងណារឿងដែលអ្នកនាងកល្យាណ ឈឺក្បាលបំផុតនោះគឺកូនស្រីសំណព្វចិត្តរបស់នាងកញ្ញាកែវ ឡាវីញ ហ៊ុំព័ទ្ធទៅដោយរឿងដែលគេសង្ស័យនាងស្រលាញ់ភេទដូចគ្នា ក្រោយឡាវីញ សម្ដែងឈុតពិសេសដោយអោបថើបគ្នាក្នុងរឿង”រសជាតិអ្នកមាន”ជាមួយនាងយ៉ា សុផាន់ម៉ៃ ។អតីតតារាភាពយន្ដដ៍ល្បីល្បាញ រូបនេះ បានព្រមានកូនស្រីថាបើសិនជានាងហ៊ានលួចថត រឿងណាដែលមានឈុតស្រីស្រលាញ់ ស្រី (lesbian)ទៀតនោះនាងគ្មានការរារែកចិត្តនោះទេពោលគឺនឹងឲ្យកូនស្រីឈប់ពីសិល្បៈភ្លាមតែម្ដង៕

