Tuesday, April 30, 2024
Homeសន្ដិសុខសង្គមប្តីឈ្លោះប្រពន្ធ ដុតផ្ទះឯង រាលឆេះផ្ទះគេ៣ខ្នង

ប្តីឈ្លោះប្រពន្ធ ដុតផ្ទះឯង រាលឆេះផ្ទះគេ៣ខ្នង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធ រហូតដល់មួម៉ៅក្តៅចិត្តក៏ចាក់សាំងដុតម៉ូតូចោល ធ្វើឱ្យឆេះរាលដល់ផ្ទះខ្លួនឯង និងបន្តរាលឆេះបងប្អូនបង្កើតចំនួន២ផ្ទះទៀត សរុបផ្ទះចំនួន ៣ខ្នង បានក្លាយ ជាចំណីភ្លើងគ្មានសល់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីប្រពន្ធឈ្លោះគ្នា ដុតផ្ទះខ្លួនឯង រាលឆេះផ្ទះគេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្រុមទី១៦ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល។

ជនបង្កហេតុដែលឈ្លោះជាមួយប្រពន្ធ ដុតផ្ទះចោល ឆេះរាលដល់ផ្ទះអ្នកជិតខាង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ រីម អ៊ីម អាយុ៤៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះហេង ហុន អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នង ដែលបានរងការខូចខាតដោយសារគ្រោះអគ្គិភ័យខាងលើ គឺសុទ្ធសឹងជាបងប្អូនបង្កើតនឹងគ្នា ក្នុងនោះ ផ្ទះ២ខ្នង ត្រូវបានឆេះអស់ទាំងស្រុង ចំណែក ១ខ្នងទៀត រងការខូចខាតប្រមាណ ២០ភាគរយ។

លោកអធិការ បន្តថា ម្ចាស់ផ្ទះទាំង៣ខ្នង ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា និងត្រូវបានរងការឆេះបំផ្លាញខាងលើ រួមមាន ម្ចាស់ផ្ទះទី១-ឈ្មោះហេង ហុន ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ ជនបង្កហេតុ។ សម្ភារៈខូចខាតក្នុងគ្រោះអគ្គិភ័យនេះ រួមមាន ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ រថយន្តធុនតូច ចំនួន១គ្រឿង ម៉ូតូ១គ្រឿង រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ សរុបទំហំខូចខាត គិតជាទឹកប្រាក់ប្រហែល ១២០លានរៀល។

ចំណែកម្ចាស់ផ្ទះទី២-ឈ្មោះហេង ហៀប ភេទស្រី អាយុ៤០ឆ្នាំ សម្ភារៈខូចខាតក្នុងគ្រោះអគ្គិភ័យនេះ រួមមាន ផ្ទះ១ខ្នង សង់ពីឈើលើ ថ្មក្រោម ទំហំ៨ម៉ែត្រ គុណនឹង ៦ម៉ែត្រ ប្រក់ដំបូលស័ង្កសី ជញ្ជាំងថ្ម និងក្តារ ទូរទឹកកក ១គ្រឿង ម៉ាស៊ីនត្រជាក់ ១គ្រឿង រួមនិងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ សរុបទំហំខូចខាត គិតជាទឹកប្រាក់ប្រហែល ១០០លានរៀល។

ដោយឡែក ម្ចាស់ផ្ទះទី៣-ឈ្មោះហេង ហាក់ ភេទស្រី អាយុ៤៨ឆ្នាំ សម្ភារៈខូចខាតក្នុងគ្រោះអគ្គិភ័យនេះ រួមមាន ផ្ទះ១ខ្នង សង់ពីឈើលើថ្មក្រោម ទំហំ ៨ម៉ែត្រ គុណនឹង ៦ម៉ែត្រ ប្រក់ដំបូលស័ង្កសី ជញ្ជាំងថ្មនិងក្តារ (ឆេះខូចខាតប្រមាណ២០ភាគរយ)។ សរុបទំហំខូចខាត គិតជាទឹកប្រាក់ប្រហែល ៤លានរៀល។

លោកអធិការ បានបន្តឱ្យដឹងថា គ្រោះអគ្គិភ័យលើលំនៅឋានទាំងបីខ្នងនេះ សរុបការខូចខាតរួមជាទឹកប្រាក់ប្រហែល ២២៤លានរៀល ប៉ុន្តែមិនមានរងរបួសដល់មនុស្សទេ។ ចំពោះមូលហេតុគឹបណ្តាលមកពីឈ្មោះរីម អ៊ីម ត្រូវជាប្តីរបស់ឈ្មោះហេង ហុន ស្រវឹងស្រា ឈ្លោះជាមួយប្រពន្ធ រួចក៏ដុតម៉ូតូខ្លួនឯង បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះខ្លួន និងផ្ទះបងប្អូនបង្កើត ២ខ្នងទៀតតែម្តង។

ក្នុងករណីនេះ កម្លាំងនគរបាលស្រុកថ្មគោល បានអន្តរាគមន៍ ចេញរថយន្តពន្លត់អគ្គិភ័យស្រុកចំនួន ១គ្រឿង និងរថយន្តច្នៃដឹកទឹក ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន (ឡានធំ២ តូច២) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

បុរសឈ្មោះរីម អ៊ីម ជាអ្នកបង្កឱ្យមានគ្រោះអគ្គិភ័យខាងលើ ត្រូវបានកម្លាំងអធិការនគរបាលស្រុក ចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES