Saturday, November 23, 2024
Homeនយោបាយសហការីថា លោកកឹម សុខា ជានិមិត្តរូបនៃអ្នកប្រជាធិបតេយ្យ

សហការីថា លោកកឹម សុខា ជានិមិត្តរូបនៃអ្នកប្រជាធិបតេយ្យ

ភ្នំពេញ ៖ សហការី បានលើកសរ​សើរលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែល​កំពុងជាប់ចោទពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជា​មួយបរ​ទេស” ថាជានិមិត្តរូបនៃអ្នក​ប្រជា​ធិបតេយ្យ ហើយថា​សេរីភាព​លោកកឹម សុខា គឺដើម្បីផលប្រយោជន៍ជាតិ ។ ដូច្នេះរាជរដ្ឋាភិបាល គួរផ្តល់សេរីភាពពេញលេញជូនលោកកឹម សុខា ឡើងវិញ ដើម្បីធ្វើកិច្ចការ និងសហការ​ក្នុងភាពជា​ដៃគូផ្សះផ្សាជាតិរួមគ្នា ដែលនឹងអាច​ទទួលបាន​នូវផល​ប្រយោជន៍ជាតិ សម្រាប់យើងទាំងអស់គ្នា ។

       លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារ​ខេត្តកណ្ដាល នៃអតីត​គណបក្សសង្រ្គោះជាតិ បាន​សរសេរ​នៅក្នុង​គណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក​ថា “កឹម សុខា ជានិមិត្តរូបនៃអ្នក​ប្រជាធិបតេយ្យ !

ឯកឧត្តម​ប្រធាន កឹម សុខា បានថ្លែងអំណរ​គុណចំពោះបងប្អូន​ប្រជាពលរដ្ឋខ្មែរ និងបាន​បញ្ជាក់ជំហរដ៏ច្បាស់លាស់ថា ទោះបីក្នុង​កាលៈទេសៈលំបាកយ៉ាងក៏ដោយ លោកមិនរត់ចោលបងប្អូនអ្នកគាំទ្រជាដាច់ខាត។

ដោយភាតរភាព ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រចំពោះឯកឧត្តមប្រធាន កឹម សុខា ក៏នៅតែមានភក្តីភាពចំពោះលោកជានិច្ច ព្រោះគាត់ជាក្តីសង្ឃឹមតែមួយគត់សម្រាប់កម្លាំងអ្នកប្រជាធិបតេយ្យខ្មែរ នាំមកនូវភាពសុខដុមរមនាដល់កម្ពុជា“ ។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ តារាវុទ្ធី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា ជាការពិត ទាំងពលរដ្ឋកម្ពុជា ទាំងសហគមន៍បរទេស នៅតែឲ្យតម្លៃលោកកឹម សុខា ជាបុគ្គលស្អាតស្អំ ហើយជាតំណាងនិមិត្តរូបក្នុងនាមអ្នកប្រជាធិបតេយ្យប្រាកដ ។

          លោកអ៊ុំ តារាវុទ្ធី បានមានប្រសាសន៍ថា “បាទ! ការកត់សម្គាល់របស់ខ្ញុំ ក៏ដូចជាមហាជន ពលរដ្ឋកម្ពុជាយើងបានមើលឃើញទាំងអស់គ្នាហើយថា សម្រាប់កម្ពុជាយើង អ្នកប្រជាធិបតេយ្យពិត គឺមានតែឯកឧត្ដមប្រធាន កឹម សុខា ទេ ដែលជាតំណាងអ្នកប្រជាធិបតេយ្យសម្រាប់កម្ពុជា ឆ្លុះបញ្ចាំងថា ក្រោយការបោះឆ្នោត មិនសមហេតុផលកន្លងទៅថ្មីៗ នៃក្រុមប្រឹក្សាឃុំ-សង្កាត់នេះ យើងមើលឃើញហើយថា ពលរដ្ឋមួយចំនួនធំ គាត់នៅតែបន្តភក្ដីភាពជាមួយនឹងគណបក្សសង្រ្គោះជាតី ដែលមានឯកឧត្ដមកឹម សុខា គាត់ជានិមិត្តរូបនៃតំណាងប្រជាធិបតេយ្យ ឯតំណាងឲ្យឆន្ទៈពលរដ្ឋ ដែលរក្សានូវស្មារតីសង្រ្គោះជាតិ ហើយមួយវិញទៀត មិនត្រឹមតែមហាជន អ្នកគាំទ្រ ពលរដ្ឋកម្ពុជាយើងហ្នឹងទេ សូម្បីតែសហគមន៍បរទេស មានប្រទេសមួយចំនួន ដែលជាមិត្តកម្ពុជា ក៏គាត់ឲ្យតម្លៃក្នុងការទទួលស្គាល់ឯកឧត្ដមប្រធានកឹម សុខា ជាបុគ្គលស្អាតស្អំ ដែលការចោទប្រកាន់គាត់ថាមានការគប់គិតជាមួយនឹងបរទេសអីក្នុងការចង់ផ្ដួលរំលំរដ្ឋាភិបាលអីនេះ គឺជារឿងមិនពិត ។ អ៊ីចឹងទាំងពលរដ្ឋកម្ពុជា ទាំងសហគមន៍បរទេស ក៏គេនៅតែឲ្យតម្លៃឯកឧត្ដមប្រធាន កឹម សុខា ជាបុគ្គលស្អាតស្អំ ហើយជាតំណាងនិមិត្តរូបក្នុងនាមអ្នកប្រជាធិបតេយ្យប្រាកដ ។ ដូច្នេះវាជាការត្រឹមត្រូវណាស់ ភាពលេចធ្លោរបស់គាត់ គឺស្មារតីដែលគាត់ទទួលការគោរពចំពោះឆន្ទៈពលរដ្ឋ គឺគាត់នៅតែរក្សាស្មារតីដើម ស្មារតីសង្រ្គោះជាតិ ដែលស្របតាមឆន្ទៈពលរដ្ឋ ដែលពលរដ្ឋចង់បាន“ ។

          លោកអ៊ុំ តារាវុទ្ធី បានបន្ថែមថា ក្នុងនាមលោកជាពលរដ្ឋកម្ពុជា មួយរូបដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាគាំទ្រលោកកឹម សុខា លោកសុំស្នើដល់តុលាការ ពិចារណាឡើងវិញ ក្នុងការទម្លាក់បទចោទ  ដើម្បីឲ្យលោកកឹម សុខា មានឱកាសបម្រើជាតិ ពីព្រោះគាត់ជាបុគ្គលស្អាតស្អំ មិនមានការគប់គិតជាមួយនឹងបរទេសណាក្នុងការផ្ដួលរំលំកម្ពុជាទេ ។

          លោកអ៊ុំ តារាវុទ្ធី បានមានប្រសាសន៍បន្តថា “ចំណុចនេះវាជាការត្រឹមត្រូវណាស់ កាលណាឯកឧត្ដមប្រធាន កឹម សុខា លោកមានសេរីភាពពេញលេញ គឺពិតណាស់ប្រជាជនកម្ពុជាទាំងមូល នឹងទទួលបានផលប្រយោជន៍ ។ ផលប្រយោជន៍ទី១ គឺមានការផ្សះផ្សា បង្រួបបង្រួមជាតិ ដែលទាំងពលរដ្ឋកម្ពុជា ទាំងមូលមានការរីករាយត្រេកអរ ឃើញអ្នកនយោបាយមានសេរីភាព មានដំណោះស្រាយនយោបាយ អាចត្រូវរ៉ូវគ្នាក្នុងន័យកសាងជាតិទាំងអស់គ្នា ហើយទី២ មានភាពសាទរពីបណ្ដាប្រទេសលោកសេរី ដែលជាមិត្តកម្ពុជា ក្នុងការចូលរួមវិនិយោគ ដើម្បីឲ្យកម្ពុជា យើងមានការបន្តការរីកចម្រើនបន្ថែមទៀត ។ នេះហើយគឺសេរីភាពឯកឧត្ដមប្រធាន កឹម សុខា នាំមកនូវការអភិវឌ្ឍជាតិ នាំមកនូវការផ្សះផ្សា បង្រួបបង្រួមជាតិ រួមគ្នាកសាងជាតិ ដោយមិនមានការគុំកួនសងសឹក ឈរលើគោលការណ៍ខ្មែរតែមួយ អហិង្សា មិនរើសអើងខ្មែរណាជាសត្រូវទេ ។ ដូច្នេះជុំវិញបញ្ហានេះ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា មួយរូប ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាគាំទ្រឯកឧត្ដមប្រធាន កឹម សុខា សុំស្នើដល់តុលាការ សុំឲ្យតុលាការ ពិចារណាឡើងវិញពីបញ្ហាបទចោទគាត់ ពីព្រោះគាត់ជាបុគ្គលស្អាតស្អំ មិនមានការគប់គិតជាមួយនឹងបរទេសណាក្នុងការផ្ដួលរំលំកម្ពុជាទេ ។ គោលការណ៍របស់គាត់ គឺគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ គឺគិតតែប្រយោជន៍ជាតិ គឺដើម្បីរួមគ្នាកសាងជាតិ ហើយអ្វីដែលគាត់មានសេរីភាព គឺនឹងមានការអភិវឌ្ឍជឿនលឿន ពីព្រោះសហគមន៍បរទេស គេផ្ដល់តម្លៃទៅលើឯកឧត្ដមប្រធាន កឹម សុខា ដែលជាតំណាងអ្នកប្រជាធិបតេយ្យ“ ។

          គួរបញ្ជាក់ថា លោកកឹម សុខា បានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋភាព ជាមួយបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។ គិតមកដល់ពេលនេះ ប្រធានគណបក្សប្រឆាំង រូបនេះ ត្រូវបិទសិទ្ធិនយោបាយតាមផ្លូវតុលាការ ប្រមាណ ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧ ។

          កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ គឺជាសវនាកលើកទី៤៣ ដែលគេសង្កេតឃើញថា ទាំងតំណាងអយ្យការ លោក ឆាយ ហុង និងមេធាវីតំណាងដោយអាណត្តិ ពីខាងរាជរដ្ឋាភិបាល លោក ចេង ប៉េងហាប់ និងលោកសាន់ ជួយ បានបន្តតាំងសំណួរជាថ្មីទៀត។ ប៉ុន្តែសំណួរភាគច្រើនត្រូវបានជនជាប់ចោទ ជម្រាបអង្គជំនុំជម្រះថា ធ្លាប់បានសួររួចហើយ។ នៅក្នុងបន្ទប់សវនាការ សង្កេតឃើញថា មានពេលខ្លះ លោកកឹម សុខា បន្តរក្សាចម្លើយចាស់ ហើយពេលខ្លះទៀត លោកឆ្លើយដោយពន្យល់ទៅម្ចាស់សំណួរវិញផង។

          បើទោះបែបណា សវនាការលើកនេះ ក៏មិនខុសពីសវនាការមុនៗដែរ។ ភាគីនៅក្នុងរឿងក្តីបានបន្តតានតឹងដាក់គ្នាជាថ្មីទៀត ភាពប្រឈមមុខដាក់គ្នានៅក្នុងបន្ទប់ជំនុំជម្រះ រហូតដល់ភាគីម្ខាងៗ មានពេលខ្លះបានប្រើប្រាស់ភាសាឌឺដងឱ្យគ្នាជាលក្ខណៈជាបុគ្គល សឹងថាច្រើនជាងនីតិវិធីតាមផ្លូវច្បាប់ផង។

          ថ្លែងដោះបន្ទុកនៅក្នុងបន្ទប់ជំនុំជម្រះ នៅព្រឹកថ្ងៃនោះ លោកកឹម សុខា បានប្រាប់អង្គសវនាការថា ឃ្លីបវីដេអូដែលមេធាវីតំណាងដោយរដ្ឋាភិបាល យកមកចោទប្រកាន់រូបលោក គឺខុសទាំងស្រុង។ លោកបានជម្រាបអង្គជំនុំជម្រះថា ឃ្លីបវីដេអូនៅជិតផ្សារស្លាបលែង ក្នុងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺនោះ គឺលោកពាក់អាវគគីរដៃខ្លី ហើយពុំបានថ្លែងសារនយោបាយអ្វីនោះទេ។ ប៉ុន្តែឃ្លីបវីដេអូដែលសហមេធាវីតំណាងរាជរដ្ឋាភិបាល យកមកចោទប្រកាន់ គឺលោកកឹម សុខា ពាក់អាវស មានពាក់កម្រងផ្កាម្លិះ។ ក្នុងន័យនេះ ជនជាប់ចោទបានអះអាងថា ភ័ស្តុតាងដែលដាក់បន្ទុកប្រឆាំងរូបលោកនេះ ខុសទាំងទីតាំងនិងពេលវេលា៕ កុលបុត្រ

RELATED ARTICLES