ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជំងឺនេះ ក៏បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡា នៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាល ទូទាំងប្រទេស អ្នកទទួលទូរស័ព្ទ ១១៥ និងសាធារណជន តាមបណ្តាញទំនាក់ទំនងសង្គម។ ជាមួយនេះ ក្រសួង បានត្រៀមវិធានការចាំបាច់ សម្រាប់ការពារនិងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យ កើតឡើងនៅកម្ពុជា។
ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្តាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់ រហូត ដល់ ៨០-៩០ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើន ត្រូវបានរកឃើញនៅតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក។
ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្ស មាន ៤ប្រភេទ រួមមាន អេបូឡា (Ebola) ស៊ូដង់ (Sudan) តៃហ្វ័ររេស (Tal Forest) និងប៊ុនឌីប៊ូហ្គីយូ (Bundibugyo)។ បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា មួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់ លាក់ ដែលអាចសម្លាប់វីរុស បានទាំងស្រុងទេ មានតែការព្យាបាល ថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។
របៀបចម្លង ៖
– តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺ ឬអ្នកស្លាប់ដោយសារជំងឺអេបូឡា ឬសម្ភារដែលមានផ្ទុកវីរុសអេបូឡា។
– ជំងឺអេបូឡា អាចឆ្លងដោយកម្រ តាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជា ពពួកអំបូរសត្វប្រចៀវ ជ្រឹង ឈ្លូស ប្រើស និងស្វា ដែលរស់នៅក្នុងព្រៃក្រាស់ៗ នៃទ្វីបអាហ្វ្រិក។
រោគសញ្ញា ៖
– អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ រាក ក្អួត និងអាចមានការហូរឈាម។
– រោគសញ្ញា ចាប់ផ្តើមបង្ហាញក្នុងរយៈពេល ពី២ថ្ងៃ ដល់២១ថ្ងៃ ជាមធ្យម លេចចេញចន្លោះពី៨ថ្ងៃ ទៅ១០ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសអេបូឡា។
របៀបបង្ការ ៖
– លាងសម្អាតដៃ ជាមួយនឹងសាប៊ូ និងទឹកស្អាត ឱ្យបានញឹកញាប់ ឬអាល់កុលលាងដៃ។
-ប្រសិនបើអ្នករស់នៅ ឬធ្វើដំណើរទៅតំបន់ដែលមានការសង្ស័យ ឬមានជំងឺអេបូឡា ត្រូវអនុវត្តវិធានការការពារខ្លួន ឱ្យបានត្រឹមត្រូវ។
– ចៀសវាងការប៉ះពាល់ដោយផ្ទាល់ ជាមួយសារធាតុរាវក្នុងរាងកាយរបស់បុគ្គលដែលឆ្លងវីរុសអេបូឡា ឬអ្នកស្លាប់ដោយសារជំងឺនេះ ឬសម្ភារដែលមានវីរុសអេបូឡា។ សារធាតុរាវក្នុងរាងកាយ រួមមាន ឈាម ទឹកនោម លាមក ទឹកមាត់ ញើស កម្អួត ទឹកដោះម្តាយ ទឹកភ្លោះ ទឹកកាម និងទឹករំអិលរបស់មនុស្សដែលមានជំងឺអេបូឡា។
– លើសពីនេះ សូមចៀសវាងការប៉ះពាល់ជាមួយ ៖ សម្លៀកបំពាក់ កម្រាលពូក ខ្នើយ ម្ជុល ឧបករណ៍វេជ្ជ សាស្ត្រ ឬរបស់របរផ្សេងទៀតដែលអាចមានការប៉ះពាល់ឈាម ឬសារធាតុរាវរបស់មនុស្សដែលឆ្លងវីរុសអេបូឡា។ សាកសពអ្នកសង្ស័យ ឬបញ្ជាក់ថា មានជំងឺអេបូឡា។ ពពួកអំបូរសត្វប្រចៀវ ជ្រឹង ឈ្លូស ប្រើស ស្វា និងឈាម សាច់ឆៅ ឬសារធាតុរាវរបស់សត្វ ទាំងនេះ។
– ប្រើឧបករណ៍ការពារខ្លួន (PPE) នៅពេលប៉ះពាល់ឬថែទាំអ្នកជំងឺសង្ស័យឬបញ្ជាក់ថាមានជំងឺអេបូឡា ឬស្លាប់ដោយសារជំងឺអេបូឡា ឈាមនិងសារធាតុរាវក្នុងរាងកាយរបស់ពួកគេ ឬវត្ថុដែលប្រលាក់ដោយឈាម ឬសារ ធាតុរាវក្នុងរាងកាយរបស់ពួកគេ។
– បន្ទាប់ពីត្រឡប់មកពីតំបន់ផ្ទុះជំងឺអេបូឡា សូមតាមដានសុខភាពខ្លួនឯង រយៈពេល ២១ថ្ងៃ និងស្វែងរកការព្យាបាល ជាបន្ទាន់ ប្រសិនបើមានរោគសញ្ញានៃជំងឺអេបូឡា។
– ប្រសិនបើមានរោគសញ្ញា ដូចជា អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ក្អួត រាក និងមានប្រវត្តិធ្វើដំណើរពីតំបន់ផ្ទុះជំងឺអេបូឡា (សាធារណរដ្ឋកុងហ្គោ អ៊ូហ្គង់ដា) សូមទៅពិនិត្យនិងពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នក ជាបន្ទាន់ភ្លាមៗ។
– បុគ្គលិកសុខាភិបាល ត្រូវអនុវត្តវិធានការបង្ការការចម្លងរោគ និងការគ្រប់គ្រងការឆ្លងជំងឺយ៉ាងម៉ឺងម៉ាត់គ្រប់ពេលវេលា។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ…៕