ខេត្តព្រះសីហនុ ៖ បុរសស្ត្រី ពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿង ដឹកគ្នាចេញពីកន្លែងលក់ដូរ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រូវជនសង្ស័យ ២នាក់ ស្ទាក់កាប់ប្លន់កាបូបលុយ ទីបំផុតសមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ បានរត់គេចខ្លួនបាត់។
តាមប្រភពនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី តាមផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់កាបូបលុយ) ០១ករណី បង្កឡើងដោយជនសង្ស័យ ចំនួន ០២នាក់ រួមមាន ៖ ១. ឈ្មោះឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ២. ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានធ្វើសកម្មភាពប្រើច្រវាក់និងកាំបិតប៉័ងងតោ ដេញកាប់ប្លន់យកកាបូបលុយរបស់ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ជាអ្នកលក់ដូរ មានលំនៅ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ត្រឡប់មកផ្ទះវិញ។
ប្រភពដដែល បន្តថា ក្រោយពេលធ្វើសកម្មភាពរួច កម្លាំងនគរបាល បានចុះអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះឡាត់ ជីវរ ដកហូតវត្ថុតាង រួមមាន ៖ កាបូបលុយ ចំនួន០១ លុយ ចំនួន ១៦៥២ដុល្លារ និង ១៥៧៦០០រៀល ចិញ្ចៀន ចំនួន ០១វង់(របស់ជនរងគ្រោះ) កាំបិតប៉័ងតោ ចំនួន០១ សម្រាប់ធ្វើសកម្មភាព ច្រវាក់ ០១ខ្សែ មានកិបសោ ម៉ូតូម៉ាកWINNER ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង ម៉ាកVIVO ពណ៌ខៀវ (របស់ជនសង្សយ័) រីឯឈ្មោះយុ បានរត់គេចខ្លួន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕