Wednesday, November 27, 2024
Homeព័ត៌មានជាតិទាស់សម្តី ខឹងស្រីជេរម៉ែ ប្រុសទាញកាំបិតចាក់ស្លាប់

ទាស់សម្តី ខឹងស្រីជេរម៉ែ ប្រុសទាញកាំបិតចាក់ស្លាប់

ខេត្តប៉ៃលិន ៖ បុរសនារី ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែខាងស្រី ជេររាលដល់មេដំបូល (ជេរម៉ែ) ជាហេតុធ្វើឱ្យខាងប្រុសផ្ទុះកំហឹងទប់មិនជាប់ ក៏ស្ទុះទាញកាំបិតកៃមុខស្រួច ចាក់ប្រហារទៅលើខាងស្រីជាគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ មុនពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកជនដៃដល់ជាឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនា បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងសណ្ឋាគារមកុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យជាឃាតករដែលចាក់ប្រហារនារីម្នាក់ បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្នោះកា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានឈ្មោះឈីង មើយ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ ជនជាតិថៃ ស្នាក់នៅសណ្ឋាគារមកុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

លោកមាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១ករណី បង្កឡើងដោយជនជាតិថៃ ប្រុសស្រី២នាក់ បានទាស់សម្តីគ្នា រួចជេរគ្នា បណ្តាលឱ្យបុរសម្នាក់ជនជាតិថៃ ខឹងក៏យកកាំបិតកៃមុខស្រួច យកមកចាក់ទៅលើស្ត្រីជាជនជាតិថៃ ដូចគ្នា បណ្តាលឱ្យងរបួសធ្ងន់ និងក្រោយមកក៏បានដាច់ខ្យល់ស្លាប់ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកអធិការស្រុក បានបន្តថា មូលហេតុដែលនាំឱ្យកើតមានករណីខាងលើនេះ គឺដំបូងឡើង ជនសង្ស័យនិងនារីរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ប៉ុន្តែមិនទាន់ដឹងថា ជម្លោះរឿងអ្វីឱ្យពិតប្រាកដនៅឡើយ ស្រាប់តែក្រោយមក ជម្លោះកាន់តែក្តៅ ភាគីនារីរងគ្រោះក៏ចាប់ផ្តើមជេរប្រមាថទៅលើជនសង្ស័យ រហូតរាលដល់មេដំបូល (ជេរដល់ឪពុកម្តាយរបស់ជនសង្ស័យ) ជាហេតុធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង  ក៏បានយកកូនកាំបិតកៃមុខស្រួច ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមក ក៏បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងបានចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករ ព្រមទាំងដកហូតបានវត្ថុតាង កាំបិតកៃមុខស្រួច ១ដើមផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES