ខេត្តតាកែវ ៖ បុរសម្នាក់ បានលែងលះប្រពន្ធ ហើយបានទៅរៀបការការជាមួយនារីម្នាក់ផ្សេងទៀត នៅផ្ទះជិតគ្នា ប៉ុន្តែបញ្ហាទ្រព្យសម្បត្តិមិនទាន់បានបែកចែករួចរាល់នៅឡើយ ទើបនៅថ្ងៃរៀបការ កូនប្រុសស្រីបីនាក់ បានមកស្រែកយំ សំពះសុំអង្វរលោកឪពុកជួយដោះស្រាយបញ្ហាបំណុលធនាគារ។
ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមការរៀបរាប់ពីក្មេងប្រុសស្រីទាំង៣ ឲ្យដឹងថា ឪពុកខ្លួនឈ្មោះ ពេជ្រ ធារ៉ា បានមករៀប ការជាមួយប្រពន្ធថ្មី ឈ្មោះង៉ែត ស្រីវឿន ទាំងដែលបំណុលជាច្រើននៅមិនទាន់សងធនាគាររួច។ យ៉ាងណាក៏ដោយពួកគេទាំង ៣នាក់ទទួលស្គាល់ថា ទំនាក់ទំនងរវាងម្ដាយនិងឪពុករបស់ពួកគេ បានបញ្ចប់ទៅហើយ។
កុមារជាកូន បន្តថា ម្តាយនិងឪពុកខ្លួន បានលែងលះគ្នាហើយ តែទ្រព្យសម្បត្តិរួម នៅមិនទាន់បែងចែកទេ ហើយឪពុកពួកគេ បានស្ម័គ្រចិត្តចុះចេញពីផ្ទះ ដោយយករថយន្តមួយគ្រឿង ទៅជាមួយផង ថែមទាំងមិនដែលជួយបង់លុយធនាគារដែលជំពាក់នោះទេ ទើបពេលនេះ ពួកគេត្រូវជាកូន អាណិតម្តាយ ក៏សម្រេចចិត្តមកយំអង្វរឪពុក សុំលុយ ១ម៉ឺនដុល្លារ យកទៅសងធនាគារ។
បើតាមកុមារជាកូន បានឲ្យដឹងថា លោកឪពុកពួកគេ ឈ្មោះពេជ្រ ធារ៉ា បានរៀបការជាមួយម្តាយពួកគេ ឈ្មោះ អាន ចាន់ថៃ រហូតមានកូន៣នាក់ ដែលក្នុងនោះ ស្រី២នាក់ ហើយក៏បានលែងលះគ្នា កាលពីប៉ុន្មានខែមុន បន្សល់ទុកកូនទាំង៣ ដែលកំពុងសិក្សា ជាមួយនិងបំណុលធនាគារយ៉ាងច្រើន ឲ្យម្តាយពួកគេជាអ្នកទទួលខុសត្រូវ ចំណែកឪពុកបានយករថយន្តទៅមួយគ្រឿង និងបានរៀបការប្រពន្ធថ្មី ដែលមានផ្ទះនៅទល់មុខផ្ទះគ្នា ទើបពួកគេនាំគ្នាមកស្រែកយំមុខរោងការ សុំឪពុកជួយដោះបំណុលធនាគារផង ពុំនោះទេ ពួកគេនឹងអស់ផ្ទះសម្បែងជ្រកមិនខាន៕
…