រដ្ឋាភិបាលចិនបានព្រមានកាលពីល្ងាចថ្ងៃអង្គារថា ខ្លួននឹងចាត់វិធានការដោយបង្ខំប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi មកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែសីហា ខាងមុខនេះ។ការព្រមាននេះបានកើតឡើងបន្ទាប់ពីកាសែត Financial Times បានចេញផ្សាយថា លោកស្រីនឹងមកបំពេញទស្សនកិច្ចលើទឹកដីកោះដែលទាមទារឯករាជ្យយពីចិននៅខែក្រោយនេះ។ ថ្ងៃទី១ខែសីហាគឺជាខួបនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃពុធទី ២០ មិថុនា២០២២។
ក្រសួងការបរទេសចិន លោក Zhao Lijian បានរិះគន់ចំពោះដំណើរទស្សនកិច្ចដ៏មានសក្តានុពលនេះ ដោយនិយាយថាវានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងចិនអាមេរិកហើយបានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់។
លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានថា ប្រសិនបើសហរដ្ឋអាមេរិកទទូចចង់ដើរតាមផ្លូវខុសនោះ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីបញ្ហានេះ។
កាសែតទីក្រុងឡុងដ៍បានបន្ថែមថាលោកស្រីPelosi និងគណៈប្រតិភូក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ហើយចំណាយពេលនៅកោះហាវ៉ៃដែលជាទីស្នាក់ការកណ្តាលនៃបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។
ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ខ្លួនមិនបានទទួលព័ត៌មានពាក់ព័ន្ធណាមួយអំពីដំណើរទស្សនកិច្ចនោះទេ។ នៅពេលសួរអំពីរបាយការណ៍នេះ លោក Drew Hammill អនុប្រធានបុគ្គលិករបស់លោកស្រីPelosi បាននិយាយថាយើងមិនអាចបញ្ជាក់ឬបដិសេធការធ្វើដំណើរអន្តរជាតិជាមុនទេដោយសារទាក់ទងទៅនឹងបញ្ហាសន្តិសុខ។
គួររំឭកថាលោកស្រីPelosiធ្លាប់មានគម្រោងដឹកនាំគណៈប្រតិភូសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែការធ្វើដំណើរត្រូវបានពន្យារពេលបន្ទាប់ពីលោកស្រីបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩ ។ នៅពេលនោះ ប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំងចំពោះការធ្វើដំណើរនេះ ហើយបានចេញការព្រមានស្រដៀងគ្នានេះដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងក្លាយជាលើកដំបូងដោយប្រធានសភាដែលកំពុងអង្គុយក្នុងតំណែងគិតចាប់តាំងពីលោក Newt Gingrich មកពីគណបក្សសាធារណរដ្ឋបានធ្វើដំណើរទៅតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៧៕