ភ្នំពេញ ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានជំងឺបាក់ទឹកចិត្ត (Depression) មួយរយៈមកហើយ ស្រាប់តែចុងក្រោយ បន្ទាប់ពីមានទំនាស់ពាក្យសម្តីជាមួយសង្សារ ធ្វើឱ្យនាងគិតខ្លី បញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារខុនដូ ជាន់ទី២៥ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចជំនាញ ចុះមកពិនិត្យទាំងយប់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអគារខុនដូ Sky Tree (ស្កាយទ្រី) ស្ថិតនៅតាមផ្លូវលេខ៧០ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
នារីដែលបញ្ចប់ជីវិតខ្លួនឯង ដោយលោតសម្លាប់ខ្លួនពីលើខុនដូនោះ មានឈ្មោះហ៊ុន ស្រីទៀង អាយុ២២ មានបងប្អូន ៣នាក់ (ស្រីទាំង៣) ហើយនាងគឺជាច្បងក្នុងគ្រួសារ មានមុខរបរជាអ្នកលក់ឡេ និងផលិតផលតាមអនឡាញ ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេត នារីរងគ្រោះ រស់នៅខុនដូខាងលើ ជាន់ទី២៥ ជាមួយបុរសម្នាក់ ជាសង្សារ ។ ម្តាយរបស់នាង បានស្លាប់កាលពី ៤ឆ្នាំមុន ចំណែកឪពុក មានមុខរបរអ្នករត់ម៉ូតូកង់បី និងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយ។
ប្រភពដដែល បានឲ្យដឹងថា នារីរងគ្រោះ បានកើតជំងឺបាក់ទឹកចិត្ត (Depression) មួយរយៈមកហើយ។ មុនពេលកើតហេតុ នារីរងគ្រោះ បានឈ្លោះប្រកែកជាមួយសង្សាររបស់នាង តាមទូរស័ព្ទ តែមិនដឹងឈ្លោះពីរឿងអ្វីទេ។ បន្ទាប់មក ដោយសារតែខ្លាចនារីរងគ្រោះគិតអ្វីផ្តេសផ្តាស ទើបសង្សាររបស់នាង បានទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូខាងលើ ដើម្បីឱ្យទៅជួយមើលនាង តែពេលទៅដល់ ឃើញបន្ទប់ខុនដូរបស់នាង ត្រូវបានចាក់សោបិទជិត គោះទ្វារហៅក៏មិនឆ្លើយ ស្រាប់តែមួយសន្ទុះក្រោយមក នារីរងគ្រោះ បានលោតទម្លាក់ខ្លួនចុះមកក្រោម បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។
ក្រោយពេលកើតហតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានទៅដល់កន្លែងកើតហេតុ រួចធ្វើការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីរងគ្រោះ និងបានធ្វើកោសល្យវិច័យសព រួចបានសន្និដ្ឋានថា នារីរងគ្រោះពិតជាបានលោតសម្លាប់ខ្លួន ពីជាន់ទី២៥ដោយខ្លួនឯងប្រាកដមែន។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕