Thursday, November 28, 2024
Homeព័ត៌មានជាតិដេញកាប់១ដាវ ជាប់ខ្នោះ

ដេញកាប់១ដាវ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាក្មេងទំនើង ចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាដេញកាប់ទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួស ១ដាវ ចំកណ្តាលក្បាល ។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ែន ជូសឹង ភេទប្រុស អាយុ១៦ឆ្នាំ។ ទី២-ឈ្មោះអឿន វ៉ាន់ឆេង ភេទប្រុស អាយុ១៦ឆ្នាំ និងទី៣-ឈ្មោះយួត រ៉ាយុត ភេទប្រុស អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានលំនៅ ភូមិត្រពាំងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ចំណែកយុវជនរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតកាប់ ១ដាវ រយះក្បាល មានឈ្មោះកោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចប្រមាណជា១៥០ម៉ែត្រ ខាងកើតហាងខារ៉ាអូ ខេឌីកូល ក្នុងស្រុកភ្នំស្រុក មានករណីជនរងគ្រោះម្នាក់ ឈ្មោះកោត មុនា ត្រូវបានជនសង្ស័យ ១ក្រុម មានគ្នា ៣នាក់ ប្រដាប់ដោយខ្សែក្រវាត់ និងដាវសាមូរ៉ៃ បានធ្វើសកម្មភាពដេញវាយ និងកាប់ទៅលើជនរងគ្រោះ ចំក្បាល បណ្តាលរបួសធ្ងន់ និងបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដេរអស់ចំនួន ៧ថ្នេរ។

ប្រភពដដែល បន្តថា ក្រោយពេលសកម្មភាពរួច ជនសង្ស័យជាក្មេងទំនើងដែលបានកាប់ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រុក ធ្វើការឃាត់ខ្លួនបានចំនួន​៣នាក់ភ្លាមៗ ហើយត្រូវបាននាំខ្លួនយកមកសាកសួរតែម្តង។

យោងតាមតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ មូលហេតុដែលពួកគេព្រួតដេញកាប់ទៅលើជនរងគ្រោះ ព្រោះតែរឿងគំនុំ ដែលជនរងគ្រោះធ្លាប់ធ្វើសកម្មភាពដេញកាប់ពួកគេ ទើបពួកគេដេញកាប់វិញ ដើម្បីសងសឹក។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES