ខេត្តកំពង់ស្ពឺ ៖ បុរសជាជនអនាថាម្នាក់ បានចូលមកសុំព្រះសង្ឃស្នាក់នៅក្នុងវត្ត បានមួយរយៈ លុះក្រោកពីដេក ក៏ដើរទៅសួរដូនជីម្នាក់ ដើម្បីរកបាយហូប ស្រាប់តែត្រូវដូនជីស្តីបន្ទោស២-៣ម៉ាត់ថា គិតតែដេកស៊ី មិនជួយធ្វើការលោកសោះ ជាហេតុធ្វើឱ្យបុរសនោះ ផ្ទុះកំហឹង ស្ទុះទាញអង្រែបុកគ្រឿង សំពងទៅលើដូនជី បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើឃាតកម្ម វាយសម្លាប់ដូនជីនៅក្នុងវត្តនេះ បានកើតឡើង កាលពីវេលាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចវត្តសំពៅអណ្តែត ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
សមត្ថកិច្ចស្រុកឱរ៉ាល់ បានឱ្យដឹងថា ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាជនអនាថា ទើបនឹងមកសុព្រំសះង្ឃស្នាក់នៅក្នុងវត្ត បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ចំណែកលោកយាយរងគ្រោះ មានឈ្មោះតែង ឃុន អាយុ៦២ឆ្នាំ ជាដូនជី មានស្រុកកំណើតនៅភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ សព្វថ្ងៃស្នាក់នៅបម្រើព្រះសង្ឃ ក្នុងវត្តសំពៅអណ្តែត ស្ថិតនៅក្នុងមូលដ្ឋានកើតហេតុខាងលើ។
ប្រភពដដែល បន្តថា មុនកើតហេតុ ជនសង្ស័យទើបនឹងក្រោកពីដេក រួចក៏ដើរទៅសួរដូនជីរងគ្រោះ ឈ្មោះតែង ឃុន ថា “មានបាយហូបអត់ ខ្ញុំឃ្លាន”។ ពេលនោះ ដូនជីរងគ្រោះ ក៏តបវិញថា “ឯងគិតតែពីដេកស៊ី អត់មានជួយការងារលោកសង្ឃសោះ តើមានបាយឯណាឱ្យឯងហូបទៅ”។ គ្រាន់តែឮជនរងគ្រោះស្តីបន្ទោសឱ្យខ្លួនបែបនេះ ស្រាប់តែជនសង្ស័យផ្ទុះកំហឹង ស្ទុះទៅទាញអង្រែបុកគ្រឿង សំពងទៅលើដូនជីរងគ្រោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី។ ចំណែកសពដូនជីរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕