ខេត្តព្រះសីហនុ ៖ ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ បាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត កាលពីវេលារំលងអធ្រាត្រ ឈានចូលថៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅម្តុំឆ្នេរអូរត្រេះ ចំណុចមុខសណ្ឋាគារ៥២០ កណ្តាលក្រុងព្រះសីហនុ នោះ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការដេញបង្ក្រាបក្រុមជនសង្ស័យបានភ្លាមៗ ដោយបណ្តាលឱ្យក្រុមជនដៃដល់ជាជនជាតិចិន ដែលព្យាយាមបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច បានស្លាប់នៅនឹងកន្លែង ចំនួន៣នាក់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ថា កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីឃាតកម្មមួយបានកើតឡើង បង្កដោយមនុស្ស ១ក្រុម មានគ្នា៦នាក់ រួមមាន ជនជាតិខ្មែរម្នាក់ ជាអ្នកបើកបររថយន្ត និងជនជាតិចិន ៥នាក់ ជាមិត្តភក្តិនឹងគ្នា (ទើបស្គាល់គ្នា)។
តាមការបំភ្លឺពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញជនរងគ្រោះ និងជនសង្ស័យ បានជិះរថយន្ត ១គ្រឿង ម៉ាកឡង់គ្រីសឺរ ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6111 ជាមួយគ្នា មកពីផឹកស៊ី លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បង្កជម្លោះនឹងគ្នា ដោយជនសង្ស័យមានគ្នា ៣នាក់ បានធ្វើសកម្មភាពយកកាំភ្លើងខ្លី និងកាំបិតគំរាមជនរងគ្រោះដែលមានគ្នា ៣នាក់ដូចគ្នា។ ឃើញដូច្នេះ អ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្ត ស្រែកឱ្យគេជួយ ស្រាប់តែជនសង្ស័យ ៣នាក់ ដែលជិះខាងក្រោយ ចាប់ក្រៀកជនរងគ្រោះម្នាក់ រហូតប្រតាយប្រតប់គ្នា ហើយជនរងគ្រោះ ត្រូវបានជនសង្ស័យ ចាក់ពោះ ១កាំបិត និងខំរុញទ្វារថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់ ១គ្រាប់ ចំក្បាលស្លាប់ក្បែររថយន្ត។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលជិះខាងមុខ ត្រូវបានក្រុមជនសង្ស័យ៣នាក់ ចាប់ខ្លួនយកទៅ រួមជាមួយរថយន្តរបស់ជនរងគ្រោះ ជាមធ្យោបាយរត់គេចខ្លួនបាត់ផងដែរ។
ភ្លាមនោះ កម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះ បានទទួលព័ត៌មាន ក៏បានជិះដេញប្រកិតតាមរថយន្តដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យ បានធ្វើការបាញ់តដៃមកលើសមត្ថកិច្ច ជាច្រើនគ្រាប់ តែមិនបណ្តាលឱ្យកម្លាំងសមត្ថកិច្ចរងរបួស និងដកថយនោះឡើយ។ កម្លាំងបានបន្តដេញតាម និងមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញតាមរហូតដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុង ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ រថយន្តរបស់ជនសង្ស័យ បើកបរដោយល្បឿនលឿនបានបើករេចង្កូតធ្លាក់ផ្លូវ បុកបង្គោលភ្លើងថ្ម ទៅមុខលែងរួច ទើបកម្លាំងសមត្ថកិច្ចបានចូលទៅព័ទ្ធរថយន្ត បង្កមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះម្នាក់ (ដោយជនរងគ្រោះបានលូនចេញពីក្នុងរថយន្ត មកលើកដៃក្រាបក្បែររថយន្ត ដោយដៃមានជាប់ខ្នោះ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់)។
ជនរងគ្រោះ និងជនសង្ស័យ សុទ្ធតែរងរបួសធ្ងន់ដូចគ្នា និងត្រូវបានកម្លាំងនគរបាល ចាត់បញ្ជូនជនរងគ្រោះ ១នាក់ និងជនសង្ស័យ ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកជនសង្ស័យ ២នាក់ទៀត បានស្លាប់នឹងកន្លែង រីឯជនសង្ស័យ ១នាក់ដែលបញ្ជូនទៅមន្ទីរពេទ្យ ក៏បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជារួម ជនរងគ្រោះ មានចំនួន៣នាក់ រួមមាន ជនជាតិខ្មែរម្នាក់ (ជាអ្នកបើកបរ) និងជនជាតិចិនចំនួន ២នាក់ (ស្លាប់នៅកន្លែងកើតហេតុ ១នាក់ និងរបួសធ្ងន់ ១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។ រីឯក្រុមជនសង្ស័យ មានចំនួន៣នាក់ ជាជនជាតិចិន ស្លាប់ទាំង៣នាក់ (២នាក់ ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។
ដោយឡែក វត្ថុតាងចាប់យកបាន រួមមាន ១-អាវុធខ្លី ១ដើម ម៉ាក CF98 ពណ៌ខ្មៅ (មានបញ្ចូលគ្រាប់ ប្រភេទ 9mm ចំនួន ១គ្រាប់ ក្នុងកាណុង)។ ២-បង់អាវុធខ្លី១ មានគ្រាប់ប្រភេទ 9mm ចំនួន៥គ្រាប់។ ៣-រើសបានគ្រាប់ 9mm ក្នុងរថយន្ត ចំនួន១គ្រាប់។ ៤-សំបកការ៍ទូស ប្រភេទ 9mm ចំនួន៧គ្រាប់ (បន្សល់ទុកកន្លែងកើតហេតុ មុខសណ្ឋាគារ៥២០ ចំនួន១គ្រាប់ និងបន្សល់ទុកក្នុងរថយន្ត ចំនួន៦គ្រាប់)។ ៥-ខ្នោះដៃ ២គូ (នៅជាប់ដៃជនរងគ្រោះ ១គូ)។ ៦-កាំបិតស្នៀតចំនួន ២ដើម។ ៧-កាបូបដៃកៀបក្លៀក ចំនួន១ ពណ៌ប្រផេះ។ ៨-លិខិតឆ្លងដែន ចំនួន២ក្បាល (ឈ្មោះ HUANG MIN និងឈ្មោះ FENG QIANG)។ ៩-អត្តសញ្ញាណប័ណ្ណចិន ១សន្លឹក។ ១០-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១សន្លឹក (ឈ្មោះ FENG QIANG)។ ១១-កាតធនាគារ ចំនួន៥សន្លឹក។ ១២-ស្លាកលេខរថយន្ត ១គូ (ព្រះសីហនុ 2A-6145) និង១៣-កាបូបស្ពាយពីក្រោយ ចំនួន១ ពណ៌ប្រផេះ ក្នុងនោះមានគ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន៧គ្រាប់ (ខ្ចប់ក្នុងថង់ប្លាស្ទិក) ខ្សែរឹត (ស៊ីល) មួយចំនួនធំ ខ្សែពួរនីឡុង ១ខ្សែ ស្កុតថ្លា ១ដុំ កន្សែងដៃ ហែកជាចម្រៀកៗ ចំនួន៧បន្ទះ (សម្រាប់ចុកក្នុងមាត់ជនរងគ្រោះ) ទួរណឺវីស១ ខ្នោះដៃ ១គូ (សរុបទាំងអស់ ៣គូ នៅជាប់ដៃជនរងគ្រោះ ១គូ) សោខ្នោះដៃ ២ និងស្រោមខ្នោះ៣។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្តនៅឡើយ តែមានការសន្និដ្ឋានជំហានដំបូងថា ជាករណីចាប់ជំរិត។
ដោយឡែក នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកគួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវត្ថុតាង និងនាំយកថវិកាលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការ ដ្ឋាននគរបាលខេត្ត ដែលបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ទទួលបានជោគជ័យ។
លោកគួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។
លោកគួច ចំរើន បានថ្លែងថា ក្នុងក្របខ័ណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើស តែងតែមានអាវុធ ដូច្នេះយើងត្រូវតែចេះការពារខ្លួនឱ្យបានល្អ។ ដោយសារតែកន្លងមក មានសកម្មភាពមិន ប្រក្រតីមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា ទី១-បញ្ហាគ្រឿងញៀន។ ទី២-ការបង្ខាំងមនុស្សខុសច្បាប់ និងទី៣-បញ្ហាអាវុធ ជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុស ច្បាប់នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយចំនួន។ បញ្ហាទាំងនេះដែលយើងត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ៕