Tuesday, November 26, 2024
Homeព័ត៌មានជាតិខ្ចីគេ១ម៉ឺនដុល្លារ កែសម្រស់ អត់លុយសង ចងក

ខ្ចីគេ១ម៉ឺនដុល្លារ កែសម្រស់ អត់លុយសង ចងក

ភ្នំពេញ ៖ ស្ត្រីម្នាក់ ហេតុតែចង់បានរូបរាងមុខមាត់ស្រស់ស្អាត ក៏ទៅខ្ចីប្រាក់គេ ចំនួន ១ម៉ឺនដុល្លារ យកទៅកែសម្រស់ លុះទទួលបានរូបសម្រស់ស្រស់សោភាដូចបំណងហើយ បែរជាអត់មានលទ្ធភាពសងបំណុលគេ ធ្វើឱ្យលំបាកចិត្តពេក ក៏ប្រាប់ឪពុកម្តាយថា ទៅរកការងារធ្វើ នៅភ្នំពេញ  ក្រែងបានប្រាក់សងបំណុលគេ លុះឪពុកម្តាយទាក់ទងមិនបាន ៣ថ្ងៃ ក៏ឡើងតាមមករកដល់ភ្នំពេញ ទីបំផុតប្រទះឃើញកូនស្រី ចងកស្លាប់ឡើងហើមស្អុយ ក្នុងបន្ទប់ជួល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ជួល ជាន់ទី៣ ម្តុំផ្សាររន្ទះបាញ់ ស្ថិតក្នុងភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះវ៉ាន់ លីនដា អាយុ៣២ឆ្នាំ មិនទាន់មានមុខរបរអ្វីនៅឡើយ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ បន្ទប់៣០១ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងមានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពពីឪពុកម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក កូនស្រីរបស់គាត់ជំពាក់លុយគេ ជាង ១ម៉ឺនដុល្លារ ដោយនាងបានយកលុយនោះទៅកែសម្រស់ លុះក្រោយពេលបានមុខមាត់ស្អាតសមបំណងហើយ បែរជាអត់មានលុយសងគេ ក៏បានប្រាប់ពួកគាត់ជាឪពុកម្តាយថា ឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើ ក្រែងបានប្រាក់សងគេវិញ ដឹងអីនាងបែរជាមានគំនិតខ្លី មកបញ្ចប់ជីវិតបែបនេះទៅវិញ។

ឪពុកម្តាយស្ត្រីរងគ្រោះខាងលើ រៀបរាប់បន្តថា មុនពេលកើតហេតុ ពួកគាត់ជាឪពុកម្តាយ បានទូរស័ព្ទទាក់ទងមកកូនស្រី អស់រយៈពេលបីថ្ងៃជាប់ៗគ្នា តែមិនមានអ្នកលើកសោះ។  លុះដល់ថ្ងៃកើតហេតុ រូបគាត់បានចេញពីស្រុកកំណើត មករកកូនស្រីនៅភ្នំពេញ ដោយបានសួរនាំអ្នកនាំមកជួលបន្ទប់ស្នាក់នៅ ទើបដឹងថា កូនបានជួលបន្ទប់ស្នាក់នៅកន្លែង កើតហេតុ និងបានសួរនាំម្ចាស់ផ្ទះ រួចហើយក៏បានឡើងទៅរកកូន នៅបន្ទប់ជួល ជាន់ទី៣ ។

ប្រភពដដែល បន្តថា នៅពេលទៅដល់មុខបន្ទប់ជួល ឃើញបន្ទប់ចាក់សោខាងក្នុង រូបគាត់បានហៅម្ចាស់ផ្ទះ ឱ្យមកជួយចាក់សោដែរ តែម្ចាស់ផ្ទះចាក់មិនចេញ ក៏បានបើកបង្អួចមើលមានធុំក្លិនស្អុយ និងឃើញកូនរបស់គាត់បានចងកជាប់ប្រឡោះឥដ្ឋខ្យល់ មិនដឹងថាស្លាប់តាំងពីពេលណានោះទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែរខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានគាស់ទ្វារផ្ទះចូលពិនិត្យមើល ឃើញសភាពសពហើមស្អុយទៅហើយ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យឪពុកម្តាយដឹកយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES