សម្រាប់អ្នកធ្លាប់ឆ្លងកាត់របបសង្គមច្រើនជំនាន់ និងមានវ័យជរា បានដឹងយ៉ាងច្បាស់ថា កាលពីសម័យសង្គមរាស្ត្រនិយម តែងបើកឱ្យមាន “សមាជជាតិ” ជារៀងរាល់ឆ្នាំ នៅខែធ្នូ។ វេទិកាសាធារណៈដ៏ធំនោះ បើកសិទ្ធិជូនប្រជាពលរដ្ឋ មន្ត្រី រាជការ គ្រប់មជ្ឈដ្ឋាន ឡើងបញ្ចោញមតិរិះគន់ ឬទូលទាស់ពីការកើតទុក្ខមិនសុខចិត្តបញ្ហាមួយ សុំឱ្យអង្គសមាជ ជួយដោះស្រាយ។ ករណីបណ្ឌិត ឡៅ ម៉ុងហៃ ស្នើម្តងហើយម្តងទៀត ឱ្យរាជរដ្ឋាភិបាល រៀបចំសមាជជាតិឡើងវិញនោះ ទំនងជាទៅមិនរួចទេ ខ្លាចរញ៉េរញ៉ៃដូចពីដើម ដែល “នគរធំ” ធ្លាប់ដឹង ក៏លើកពី “សមាជជាតិ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ….។
រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រង់ជំពូកទី៤ថ្មី មាត្រា ១៤៧ថ្មី (មាត្រា ១២៨ចាស់) សរសេរថា “សមាជជាតិ បើកឱ្យប្រជារាស្ត្រ ជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហានិងសំណូមពរ ជូនរដ្ឋអំណាចដោះស្រាយ។ ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមសមាជជាតិ”។
រីឯមាត្រា ១៤៨ថ្មី សរសេរថា “សមាជជាតិ ប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយក- រដ្ឋមន្ត្រី។ សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ“។
ចំណែកមាត្រា ១៤៩ថ្មី ចារទុកថា “សមាជជាតិ អនុម័តសំណូមពរ ជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាច ពិចារណា។ ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិ នឹងត្រូវកំណត់ក្នុងច្បាប់មួយ”។
នេះជាមាត្រាពាក់ព័ន្ធដល់សមាជជាតិ ដែលរដ្ឋសភា បានអនុម័ត កាលពីឆ្នាំ១៩៩៣ ក្រោយបោះឆ្នោតថ្នាក់ជាតិ អាណត្តិ ទី១ រួចមក និងមាននាយករដ្ឋមន្ត្រី ២រូប កាន់អំណាច អមដោយសមាជិករដ្ឋាភិបាល ចម្រុះគ្នា រវាងគណបក្សប្រជាជនកម្ពុជា (CPP) គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា (សម្តេចសឺន សាន) រដ្ឋធម្មនុញ្ញ និយាយពី “សមាជជាតិ” នេះ មិនខុសពីរដ្ឋធម្មនុញ្ញ សម័យសង្គរាស្ត្រនិយមនោះទេ គ្រាន់តែលើសលស់ ថែមថយពាក្យ- ពេចន៍សំណេរខ្លះៗប៉ុណ្ណោះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយចាស់វស្សា បានផុសសំណេរតាមហ្វេសប៊ុកថា “មិនគួរប្រញាប់ប្រញាល់ រហ័សរហន់ទេ រឿងវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ធ្វើច្បាប់ឱ្យសមាជជាតិ មានដំណើរការមួយឆ្នាំម្តងៗ ដូចចែងក្នុងរដ្ឋធម្មនុញ្ញ វិញប្រសើរជាង។ ២៩ឆ្នាំហើយ អត់ដែលមានសមាជជាតិនេះទេ គឺខុសនឹងរដ្ឋធម្មនុញ្ញោហីយ”។
នេះមិនមែនជាលើកទី១ទេ ដែលលោកតា ឡៅ ម៉ុងហៃ ស្នើឱ្យបើកសមាជជាតិឡើងវិញនោះ ប៉ុន្តែគណបក្សប្រជាជន កម្ពុជា (CPP) ដែលកាន់រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មិនអាចធ្វេត្វីមាគាត់បានឡើយ។ រឿងធ្វើតាមមិនបាននោះ អាច មកពីកត្តាផ្សេងៗនាំផលវិបាកដល់សណ្តាប់ធ្នាប់សង្គម ដែល “នគរធំ” សូមគាស់កកាយរំព្ញកអតីតកាល ពាក់ព័ន្ធដល់សមាជជាតិ មកបង្ហាញត្រួសៗនោះពេលនេះ…។
នាឆ្នាំ១៩៦៧ កម្ពុជា មានឈ្មោះថា “កោះសន្តិភាព” ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ដែល ដាក់រាជ្យថ្វាយព្រះបិតា ចុះមកដឹកនាំចលនាសង្គមរាស្ត្រនិយម ដែលជួនកាលព្រះអង្គ គង់ជា “ព្រះប្រមុខរដ្ឋ” ជួនកាលកាន់ តំណែងជា “នាយករដ្ឋមន្ត្រី” ធ្វើនយោបាយយ៉ាងពេញទំហឹង។
ព្រះអង្គបានព្រះរាជទាន “អង្គសមាជជាតិ” បើកឱ្យកូនចៅប្រជារាស្ត្រពីគ្រប់មជ្ឈដ្ឋាន ឡើងមកជួបជុំគ្នានៅវាលព្រះ- មេរុ (វាលមេន) ដើម្បីបញ្ចោញមតិយោបល់ រិះគន់ស្ថាបនា ឬប្តឹងទូលទាស់ពីរឿងឯកជន ថ្វាយសម្តេចឪ ទ្រង់ព្រះតម្រិះ រកយុត្តិធម៌ជូនពួកគាត់។
កាលនោះ អាចារ្យថាំ នៅជំទង់ តាមដានស្តាប់វិទ្យុ យ៉ាងយកចិត្តទុកដាក់ ព្រោះមានការចាក់ផ្សាយបន្តផ្ទាល់ ក៏បានឮ ស្ត្រីចំណាស់ម្នាក់ ជាជនជាតិចិន ចេះនិយាយខ្មែរប៉ៃឡាំៗ ឡើងទូលថ្វាយសម្តេចឪ ថា កូនក្រមុំគាត់ ត្រូវអ្នកតំណាងរាស្ត្រម្នាក់ ឈ្មោះស្រី ស្រណោះ ទៅលួងលោមបោកប្រាស់យកព្រហ្មចារី រហូតមានផ្ទៃពោះ រួចលោកនោះ បោះបង់ចោល។ យាយចិន នោះ និយាយផង យំផង ឮពេញវិទ្យុ ក៏ឮសម្តេចឪ មានព្រះបន្ទូលថា ចាំព្រះអង្គដោះស្រាយឱ្យ និងសុំឱ្យយាយវិលទៅខេត្ត ក្រចេះ ជាស្រុកកំណើតវិញចុះ។ រឿងនោះ ក៏ឮរសឹបរសៀបថា លោកតំណាងរាស្ត្រត្រូវរបូតកៅអី ផ្តល់សំណងដល់សង្សារ មានផ្ទៃពោះ ទោះជាគាត់មានប្រពន្ធដើម ចាំតែរារាំង ក៏មិនឈ្នះ គំនាបពីថ្នាក់លើ ដើម្បីផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រ។
ដោយឡែកនៅថ្ងៃទី០២ នៃសមាជជាតិនោះ ក៏បានឮវោហារសាស្ត្ររបស់អ្នកនិពន្ធ ហាក់ ឆៃហុក ឡើងចាប់ក្បាលមីក្រូ ពន្លះចៅហ្វាយក្រុងភ្នំពេញ ដែលមានការដឹកនាំខ្សោយ។ គាត់ជាអ្នកនិពន្ធល្បីល្បាញ បានសរសេររឿងប្រលោមលោក បោះពុម្ពផ្សាយ ទទួលបានការគាំទ្រសម្បើមណាស់ ម៉្លោះហើយពេលគាត់ឡើងកិនចៅហ្វាយក្រុង ក៏មានស្នូរទះដៃ អបអរសាទរ លាន់កក្រើក វាលមេន។ កាលនោះ លោកប៉ែន ភី (ហៅឃុន ពិផែន) នាយកទស្សនាវដ្តី “ផ្សេង-ផ្សេង” បានចាត់សហការី ឱ្យទៅថត រូបក្នុងសមាជ ជាប់ទាំងរូបលោកហាក់ ឆៃហុក និយាយឆ្ការដៃឆ្ការជើង ផ្តិតពេញ១ទំព័រ ដោយដាក់ចំណងក្រោម រូបថតថា “ពិរោធ”។ អ្នកថតរូបដ៏ចំណាននោះ ក៏បានទៅលួចថតអ្នកបាញ់នោមដាក់របងសាលារចនា នៅខាងលិចវាលមេន ដោយដាក់ចំណងជើងថា “ឆ្អេះង៉ោង” លៃយ៉ាងណាឱ្យលក់ទស្សនាវដ្តីនោះដាច់។
ក្រៅពីការរិះគន់ ឬបកអាក្រាតចរិតខិលខូចរបស់មន្ត្រីរាជការសម័យនោះ ក៏មានការប្រឡងចម្រៀងនៅពេលរាត្រីផង ដេរ។ លោកម៉ា ឡៅពី ពិធីករសំឡេងមាស បើគាត់និយាយ ដូចមានបញ្ចុះមន្តស្នេហ៍សារិកាលិនថោង ពីរោះជាងច្រៀងទៅ ទៀត ដោយគាត់ចេះធ្វើអត្ថាធិប្បាយពីខ្លឹមសារទំនុកច្រៀង ដែលបេក្ខជន បេក្ខនារី យកមកច្រៀងប្រឡង ដែលភាគច្រើន យកបទលោកស៊ីន ស៊ីសាមុត អ៊ឹម សុងសឺម មាស ហុកសេង សុះ ម៉ាត់ អ្នកស្រីរស់ សេរីសុទ្ធា ម៉ៅ សារ៉េត ហួយ មាស ប៉ែន រ៉ន សូ សាវឿន មកច្រៀង។
និយាយរួម រយៈពេល ៣យប់ ៣ថ្ងៃ នៅដើមខែធ្នូ រងខ្យល់រងាបក់ត្រសៀកៗពីទិសឦសានផងនោះ បានជួយជំរុញ បរិយាកាសសមាជជាតិ ឱ្យត្រជាក់ត្រជំ សុខដុមរមនា ឯអ្នកមកពីខេត្តឆ្ងាយៗ ជាប់ក្តីអាល័យ មិនចង់វិលទៅស្រុកវិញ។
លុះចូលមកដល់សម័យលន់ នល់ សមាជជាតិ ត្រូវបិទទាំងស្រុង ប៉ុន្តែនៅបន្តការប្រលងចម្រៀងតាមទូរសទស្សន៍ ដូច ករណីអ្នចម្រៀងអាប់ឌុល សារី ច្រៀងបទ “ពលទោអភ័ព្វ” បានជាប់លេខ២ តែល្បីជាងអ្នកជាប់លេខ១។
សម័យប៉ុល ពត គ្មានសមាជជាតិទៀតទេ ដោយប្តូរទៅជា “អង្គមិទ្ទិង” ហៅមេទិញ ប្រមូលប្រជាកសិករទៅអង្គុយពេញ វាលស្រែ ចាំស្តាប់គណៈតំបន់ គណៈស្រុក និយាយតែឯង បែកអូរហូរជាស្ទឹង ប៉ុន្តែអ្នកស្តាប់ គ្មានសិទ្ធិឡើងនិយាយទេ។
ក្រឡេកមើលបច្ចុប្បន្ន ទោះបីជារដ្ឋធម្មនុញ្ញ បានចារទុកពីការរៀបចំសមាជជាតិ ក្តី ក៏មិនអាចទៅរួច ដោយហេតុថា “បក្សធំជាងរដ្ឋ” ឬថា CPP កាន់ចង្កូតនាវាកម្ពុជា ស្រេចតែលើអ្នកកាន់ចង្កូត មិនចាំអ្នកជិះនាវា ទៅប៉ះពាល់ចង្កូតនោះឡើយ។ បើសិនជារាជរដ្ឋាភិបាល បើកឱ្យមានសមាជជាតិ ដូចមុននោះ ច្បាស់ជាមន្ត្រីពុករលួយ ខិលខូច បំពានច្បាប់ ត្រូវប្រជារាស្ត្រ ដែល “ទ្រាំលែងបាន” ឡើងបកអាក្រាត ខ្មាសគេមិនខាន។
រដ្ឋមន្ត្រី ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ត្រូវទទួលខុសត្រូវធ្ងន់ជាងគេ ចំពោះជោគវាសនាជាតិមាតុភូមិ ដូច្នេះគេចទៅ ណារួច បើសិនជាស្រុក ខេត្តគាត់មានតែបញ្ហាមិនចេះចប់នោះ? ម៉្យាងទៀត “ប្រជាធិបតេយ្យ សេរីពហុបក្ស” ឬបក្សច្រើន យ៉ាងនេះ ច្បាស់ជាគេបញ្ជូនវាគ្មិនតាមបក្សមួយៗ ឡើងនិយាយខ្ទរខ្ទារ ហែកកេរ្តិ៍គ្នា រញ៉េរញ៉ៃណាស់ ព្រោះសម័យពហុបក្ស មិនខ្វះទេ វាគ្មិននយោបាយ។
ទោះយ៉ាងណា សមាជជាតិ មិនសូវយករឿងនយោបាយ មកនិយាយទេ តែសម្បូររឿងសង្គម ដូចជាការចាប់រំលោភ ការជិះជាន់កេងប្រវ័ញ្ច ឬអសមត្ថភាពរបស់អាជ្ញាធរជាដើម។ ច្រើនតែយករឿងបុគ្គលមកនិយាយច្រើនជាងរឿងជាតិ ដែល រាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិបាករៀបចំសមាជនេះណាស់ ទោះបីជាមានចារទុកក្នុងរដ្ឋធម្មនុញ្ញ ក៏ដោយ ចុះ។ ទោះជាគ្មានសមាជជាតិ ក៏រាជរដ្ឋាភិបាល បានបើកឱ្យមាន “វេទិកាសាធារណៈ” តាមឃុំ ស្រុកនីមួយួៗដែរ ដើម្បីពាំនាំ យកសំណូមពររបស់ប្រជាពលរដ្ឋ ជូនទៅថ្នាក់លើដោះស្រាយ។ បើតាមការស្រាវជ្រាវ អង្គសមាជជាតិ គឺយកលំនាំតាម “ព្រះរាជសវនាការ” ដែលព្រះបាទជយវរ្មន័ទី៧ ទ្រង់ព្រះរាជានុញ្ញាតឱ្យប្រជារាស្ត្រឡើងក្រាបបង្គំគាល់ ២ដងក្នុង១ថ្ងៃ ដើម្បីទូលថ្វាយនូវទុក្ខវេទនា ឬសុំឱ្យព្រះអង្គជួយកសាងមន្ទីរព្យាបាលរោគ សាលាឆទាន ជីកបារាយណ៍ សង់ប្រាសាទ ជាដើម។
សរុបទៅ “សមាជជាតិ” សម្រាប់បច្ចុប្បន្ន ពិបាករៀបចំណាស់ ព្រោះបក្សច្រើនពេក ច្បាស់ជាអ្នកនយោបាយ បញ្ជូន វាគ្មិនរបស់គាត់មកនិយាយ ខណៈដែលប្រជារាស្ត្រ មិនហ៊ានចេញមុខ។ បើយកសមាជជាតិ ធ្វើនយោបាយ អត់កើតទេ នាំឱ្យ មានផលវិបាកដល់សង្គម ឯការរិះគន់គ្នាបែប “បំបាក់មុខ” ក៏ពិបាកទទួលយកដែរ។ ដូច្នេះករណីមិនរៀបចំសមាជជាតិ គឺដូច បទបរិយាយខាងលើ…៕ ដោយ អាចារ្យថាំ