ដោយ អាចារ្យថាំ
ការរកស៊ីអ្វីក៏ដោយ ទាល់តែបានចំណេញទើបគេធ្វើ រីឯយុទ្ធសាស្ត្រនយោបាយ ក៏ទាល់តែបានចំណេញដែរ ទើបធ្វើបាន ប៉ុន្តែបើធ្វើទៅខាត គួរកុំធ្វើអី។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បាន ផុស សំណេរតាមហ្វេសប៊ុក ថា “គណបក្សប្រជាជនកម្ពុជា គោរពសិទ្ធិនយោបាយ និងស្វាគមន៍ការចងសម្ព័ន្ធភាព ឬការរួបរួមគណបក្សនយោបាយ” អ្នកនាំពាក្យ CPP ក៏បានប្រាប់ “នគរធំ” ដែរថា “ចំពោះការចងសម្ព័ន្ធភាពនេះ ទៅរួច ឬទៅ មិនរួច វាអាស្រ័យលើផ្ទៃក្នុងគាត់ចងសម្ព័ន្ធភាព ហើយនៅសុខជាមួយគ្នាឬអត់?”។
ចំណុចនេះ មានន័យថា បក្សកាន់អំណាច កំពុងបើកភ្លើងខៀវ ឱ្យអ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្សចងសម្ព័ន្ធគ្នា ឬចូលរួមជាមួយ CPP ដែលសូម្បី តែលោកគឹម សុខ អ្នកវិភាគមិនសំចៃមាត់ ក៏បានអំពាវនាវឱ្យអ្នកប្រជាធិបតេយ្យ រួបរួមគ្នាដែរ ដើម្បីយកឈ្នះបក្សកាន់អំណាច។
ទោះយ៉ាងណា “នគរធំ” មានទស្សនៈដោយឡែកថា ការដែល CPP ស្វាគមន៍ការរួបរួមនេះ “មិនទាស់ខុសអ្វីទេ” ប៉ុន្តែត្រូវសម្លឹងមើលទៅអនាគតផងថា “តើបានចំណេញឬខាត?”។
សំណួរនេះ យើងសូមឆ្លើយជាខ្លឹមសាររបៀបធៀបថា “អ្នកនេសាទប្រឹង ចាប់តែត្រីកញ្ចុះ ត្រីក្រាញ់ កំពឹស កំភ្លង ទោះជាបានពេញ១ធុង ក៏មិនដល់ចាប់ បានត្រីរ៉ស់ពីរបី ឬថា ចាប់បានត្រីរ៉ស់ ប៉ុនកំភួនជើង តែ១ក្បាល ទោះជាត្រី ល្អិតល្អោចពេញ១ធុង ក៏មិនស្មើដែរ”។
យ៉ាងណាមិញ បើ CPP ព្យាយាមអូសទាញអ្នកនយោបាយប្រឆាំងដ៏ខ្លាំង ពូកែដាច់គេ ឱ្យបានតែម្នាក់ ក៏អាចមានប្រសិទ្ធភាពជាងអូសទាញអ្នកនយោបាយ ល្អិតល្អោច មិនសូវមានគេស្គាល់។
យើងឃើញហើយសព្វថ្ងៃ យោងតាមបញ្ជីក្រសួងមហាផ្ទៃ មានគណបក្ស នយោបាយរាប់សិបឯណោះ លុះចូលប្រកួតការបោះឆ្នោត ឃើញបាន១៧ ដែល ចូលរួមបោះឆ្នោត ឃុំ-សង្កាត់ កន្លងមក។ បក្សទាំង១៧ ទៀតសោត ឃើញបាន កៅអីតែ ៩គណបក្ស ទៅសល់ប៉ុន្មាន ហ្សេរ៉ូតាផ្លាក។ ចុះនៅសល់គណបក្ស មានតែឈ្មោះក្នុងបញ្ជីរាប់សិបនោះ សួរថា “បានប្រយោជន៍អី បើ CPP ប្រមែប្រមូល មកចូលសម្ព័ន្ធភាព?”
បើ CPP ទុកបក្សតូចៗទាំងនោះឱ្យនៅ “លម្អប្រជាធិបតេយ្យសេរី ពហុបក្ស មិនចំណេញ?” តែបើហៅចូលអស់ ដោយសន្យាឱ្យបុណ្យស័ក្តិតួនាទី បានត្រឹមធ្វើឱ្យមន្ត្រី CPP ដែលបាត់បង់កៅអី អត់អន់ស្រពន់ចិត្តតែប៉ុណ្ណោះ។ បក្សល្អិតល្អោច មិនបានបោះឆ្នោត ឬបោះដែរ តែហ្សេរ៉ូកៅអី មិនខុសពីត្រីកញ្ចុះ ត្រីក្រាញ់ កំពឹស កំភ្លាញ គួរទុកឱ្យនៅកំដរបឹងធំ ឬបឹងកំប្លោក ល្អជាង។
បើ CPP ចងបានសម្ព័ន្ធភាពកាន់តែរឹងមាំជាងនេះទៀត គួរសម្លឹងមើល “អារ៉ស់ អាឆ្តោ” ដែលពូកែផ្លៀក រួចប្រើនុយស្ទូចវាឱ្យបាន។ បើស្ទូចបានអាឆ្តោ អារ៉ស់ នោះ អ្នកស្ទូចចំណេញធំណាស់ បើចង់យកទៅស្ងោរជ្រក់ ខ អាំង ក៏ចេះតែបាន ប៉ុន្តែបើចាប់បានតែត្រីកញ្ចុះ មានធ្មុងស្រួចៗនោះ ជួនកាលមុតដៃ រកប្រេងកូឡា លាបមិនទាន់ ហើយបើធ្វើម្ហូប ក៏គ្មានឱជារស ដូចអារ៉ស់ អាឆ្តោ។
ដោយឡែក អារ៉ស់ អាឆ្តោ “ធ្លាប់ស្គាល់នុយកូនកង្កែប” ទើបវាមិនព្រម ត្របាក់នុយនោះ ប៉ុន្តែបើអ្នកស្ទូចប៉ិនប្រសប់ អាចប្តូរនុយថ្មី ទើបត្រីត្របាក់។ ការប្របក់កង្កែប ក៏យ៉ាងនេះដែរ បើចាប់កូនុកង្កែប កូនក្អាត់ បិតផ្លែសន្ទូច វាមិន ត្របាក់ទេ ប៉ុន្តែក្មេងឃ្វាលគោ ឆ្លាត ក៏ “យកផ្កាននោង” បិទផ្លែសន្ទូច ក៏អាច ប្របក់បានកង្កែប កន្លះទ្រុង។ យុទ្ធសាស្ត្រនយោបាយ ចងសម្ព័ន្ធភាព ការប្រមូលយកមនុស្សមិនល្បីមក ប្រើមិនសូវចំណេញទេ ជួនកាលមុតដៃដូចធ្មុងត្រីកញ្ចុះ ប៉ុន្តែបើលៃលកយ៉ាងណា ចាប់ត្រីធំឱ្យបាន ចំណេញកប់ក្តោង។ ការចាប់ត្រីធំ ដែលមើលស្គាល់នុយ ក៏យ៉ាប់ ដែរ លុះត្រាតែអ្នកស្ទូចនោះ មានជំនាញ និងចិត្តសាស្ត្រខ្ពស់ណាស់ សូមពិចារណា…៕