Friday, November 29, 2024
Homeព័ត៌មានជាតិពាក់មី ស្រាតលើស្ពានជ្រោយចង្វា តាមការសន្យា

ពាក់មី ស្រាតលើស្ពានជ្រោយចង្វា តាមការសន្យា

ភ្នំពេញ ៖ តារាកំប្លែងល្បី លោកចែម ចាន់រ៉ា ហៅនាយពាក់មី ដែលទើបលាឈប់ពីស្ថានីយទូរទស្សន៍ CTN កាលពីពេលថ្មីៗនេះ ត្រូវគេរិះគន់ថា បំពុលសង្គម និងស្នើឲ្យចាប់ដាក់គុកទៀតផង បន្ទាប់ពីលោកបានថតជាវីដេអូ ដើរស្រាតនៅលើស្ពានជ្រោយចង្វា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាការធ្វើតាមពាក្យសន្យារបស់លោក តាមបណ្តាញសង្គម ហ្វេសប៊ុក ថា បើក្រុមកីឡាករបាល់ទាត់អង់គ្លេស បិសាចក្រហម ម៉ែនឆេស្ទើរ យូណាយធីដ (Man utd) ប្រកួតចាញ់ដៃគូ លោកនឹងដើរស្រាតលើស្ពានជ្រោយចង្វា។

          តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ នាយពាក់មី បានប្រកាសន្យាជាមួយមិត្តភក្ដិនៅតាមបណ្ដាញសង្គម និងអ្នកស្រឡាញ់កីឡាបាល់ទាត់ថា ប្រសិនបើក្រុម Man Utd លេងចាញ់ លោកនឹងដើរស្រាតលើស្ពានជ្រោយចង្វា ដោយលោកសរសេរថា «បើ Man utd ចាញ់យប់នេះ ស្អែកខ្ញុំដើរស្រាតលើស្ពានជ្រោយចង្វា“ ។

          ក្រោយចប់ការប្រកួត លទ្ធផល ក្រុម Man Utd បានចាញ់គូប្រកួត ០ ទល់ ៤ ក្នុងការប្រកួតនៅយប់នោះ ធ្វើឲ្យនាយពាក់មី សម្រេចធ្វើតាមការសន្យារបស់ខ្លួនមែន ព្រោះមានអ្នកចូលមក comment ជាច្រើនថា លោកត្រូវតែធ្វើតាមសន្យា ។

          តាមពិតសកម្មភាពនាយពាក់មី ដើរស្រាតលើស្ពានជ្រោយចង្វានោះ មិនមែនជាការស្រាតពិតៗទេ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ (ស្រាតតែខោវែង នៅសល់ខោខ្លី) ប៉ុន្តែបើទោះបីជាសកម្មភាពដែលលោកបានធ្វើនោះ គ្រាន់តែសម្តែង ដើម្បីបានសើច ដោយមិនបានដើរស្រាតពិតមែនក៏ដោយ ក៏សកម្មភាពនោះ បានទទួលការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងពីមហាជនមួយចំនួន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក រហូតដល់មានបុរសម្នាក់ បានចូល ទៅខំមិន (comment) ថា “ដាក់គុកទៅ កុំឲ្យវាដើរបំពុលសង្គម ប្រទេសខ្ញុំថ្លៃថ្នូរ មិនត្រូវការមនុស្សបែបនេះទេ“ ។

          ចំណែកម្ចាស់គណនីបណ្ដាញសង្គម ហ្វេសប៊ុក មួយទៀត ឈ្មោះ “ Rin Ratanak” បានសសេរសារបង្ហោះ ដោយភ្ជាប់ជាមួយនឹងរូបភាពនាយពាក់មី ថា “ដោយសារការភ្នាល់ចាញ់ និងខំមិនដៀមដាម រហូតដល់ជាង ៣ខេ នាយពាក់មី បានធ្វើតាមសន្យា បន្ទាប់ពីក្រុមបាល់ទាត់ Manu United ចាញ់ការប្រកួត ។

           «បទបង្ហាញកេរ្តិ៍ភេទ» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ «បទបង្ហាញកេរ្តិ៍ភេទ» ត្រូវបានកំណត់និយមន័យថា «អំពើបង្ហាញកេរ្តិ៍ភេទ ដែលនាំឲ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ត្រូវផន្តាទោសដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល។

          តើលោកពាក់មី ដែលដើរស្រាតលើស្ពាន (រឿងទាយបាល់ទាត់់) ចូលបទល្មើសខាងលើនេះដែរឬទេ?“ ។

          ប្រឈមនឹងការរិះគន់ពីសំណាក់អ្នកប្រើបណ្ដាញសង្គម ហ្វេសប៊ុក ខាងលើ លោកចែម ចាន់រ៉ា ហៅនាយពាក់មី បានឆ្លើយតបតាមបណ្ដាញសង្គមហ្វេសប៊ុក ទៅអ្នកទាំងនោះវិញថា លោកមានអីត្រូវបំពុលសង្គម ឬក៏ត្រូវជាប់គុកអីនោះទេ ព្រោះលោកមិនមែនស្រាតមែនទែនឯណា គឺគា្រន់តែស្រាតក្នុងលក្ខណៈបិទបាំងតាមបែបលេងសើច ក្នុងនាមលោកជាតារាកំបែ្លងម្នាក់ប៉ុណ្ណោះ ពោលគឺលោកមិនបានស្រាតទេ គឺមានខោកីឡា និងខោក្នុងមួយជាន់ទៀត ។

          លោកចែម ចាន់រ៉ា បានសរសេរថា “ខ្ញុំអាចមានទោសមែនទេ ? វីដេអូកំប្លែងសោះ ព័ត៌មានចុះថា ខ្ញុំអាចប្រឈមនឹងមានទោស ខ្ញុំឆ្កួតមែន ទៅដើរស្រាតហ្នឹង? ស្លៀកខោកីឡាតើ នៅលីអូ ១ជាន់ទៀត។ ខ្ញុំជាអ្នកសម្តែង ជាតារាកំប្លែង អ្វីដែលខ្ញុំធ្វើដើម្បីឲ្យបងប្អូនមើលកម្សាន្តសប្បាយតែប៉ុណ្ណោះ” ។

          លោកចែម ចាន់រ៉ា បានសរសេរបន្ថែមថា “ដាក់គុក ? បំពុលសង្គម ?  ខ្ញុំអ្នកកំប្លែង ធ្វើវីដេអូកំប្លែង ឲ្យបងប្អូនសើចលេងសោះ ប៉ះពាល់អីទៅ ?  មានអ្នកបាំងអាវឲ្យ ស្លៀកខោកីឡា  ខ្ញុំឆ្កួតមែន ទៅដើរស្រាតហ្នឹង ? “ ។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកចែម ចាន់រ៉ា ហៅនាយពាក់មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ថា ក្នុងនាមជាអ្នកស្រឡាញ់កីឡាម្នាក់ និងមិនដែលយកកីឡាធ្វើជាល្បែងភ្នាល់អ្វីទាល់តែសោះ គ្រាន់តែធ្វើវីដេអូសើចលេងតាមការសន្យាថា ដើរស្រាត តែមានសម្លៀកបំពាក់បិទបាំងនោះ បែរជាមនុស្សមួយក្រុមតូច ចោទលោកថា បំពុលសង្គម និងត្រូវប្រឈមជាប់គុកទៅវិញ ដែលចំណុចនេះ លោកមិនមានការភ័យខ្លាចទេ ព្រោះក្រៅពីមានការរិះពីមនុស្សមួយក្រុមតូចនោះ មានមហាជនជាច្រើន បានគាំទ្រលោក ។

          លោកចែម ចាន់រ៉ា បានបញ្ជាក់ថា “បាទ! ខ្ញុំមិនតបអីជាមួយមនុស្សម្នាក់ ពីរនាក់ ដែលអវិជ្ជមានអ៊ីចឹងទេ ។ បងប្អូនខំមិនរាប់ម៉ឺននាក់ សុទ្ធតែដឹងទាំងអស់គ្នាថា ខ្ញុំជាអ្នកសម្ដែង តារាកំប្លែង ។ ខ្ញុំដើរដល់ចំណុចនេះ ខ្ញុំមិនមែនឆ្កួតទេ ថ្វីត្បិតតែខ្ញុំរៀនមិនបានជ្រៅជ្រះ ប៉ុន្តែខ្ញុំយល់ដឹងពីសង្គមហ្នឹងច្រើន ។ តើបងគិតមើលៗ! ខ្ញុំគួរដើរស្រាតដែរឬទេ? ខ្ញុំមនុស្សប៉ុណ្ណឹងដែរ តស៊ូពីបាតដៃទទេ ពីកម្មករសំណង់ រហូតដល់ក្លាយជាមនុស្សជោគជ័យ បងប្អូនគាំទ្រទូទាំងប្រទេស ហើយបែរជាខ្ញុំដើរស្រាត បងគិតថាខ្ញុំអ៊ីចឹងឬ? តាមពិតវាជាសិល្បៈហ្នឹង ។ និយាយទៅ រឿងហ្នឹង មានទៅសន្យាអី និយាយលេង ផុសលេង គឺការផុសហ្នឹង ក៏និយាយលេង ការថតហ្នឹងក៏ធ្វើលេង ជាការលេងសើចធម្មតា សិល្បៈ អត់មានទៅស្បថស្បែរជាមួយអ្នកណា ឬចុះហត្ថលេខាកុងត្រាលាយលក្ខណ៍អក្សរជាមួយអ្នកណា វាអត់ វាគ្រាន់តែជាការផុសលេង ធ្វើលេង កំដរអារម្មណ៍បងប្អូន មិនប៉ះពាល់អ្នកណាទេ“ ។

          នាយពាក់មី បន្តថា “ក្នុងនាមអ្នកស្រឡាញ់កីឡាម្នាក់ ខ្ញុំមិនត្រឹមតែគាំទ្រកីឡាបាល់ទាត់ពិភពលោកទេ គឺសម្រាប់កីឡាបាល់ទាត់ខ្មែរ ក៏ខ្ញុំគាំទ្រដែរ ដូចឃើញកន្លងមកហើយ ឲ្យតែខ្មែររប្រកួត ខ្ញុំទៅមើលរហូតហ្នឹង ហើយការប្រកួតរបស់ខ្ញុំ ខ្ញុំមានទាំងអ៊ុយ U របស់ខ្ញុំមួយគំនរ ខ្ញុំបង្កើតក្រុមឲ្យគាត់ច្រើនណាស់ ខ្ញុំស្រឡាញ់កីឡាណាស់ ។ ដូច្នេះខ្ញុំបញ្ជាក់ឡើងវិញ ក្នុងការគាំទ្រ ក៏ដូចជាការលេងបាល់ទាត់នេះ ខ្ញុំមិនមានភ្នាល់ជាមួយអ្នកណាទេ បងមើលៗ! អ្វីដែលខ្ញុំផុសហ្នឹង តើចំណុចណាដែលខ្ញុំភ្នាល់? វាអត់មាន គ្រាន់តែថា យើងស្រឡាញ់ក្រុម យើងធានាថា ក្រុមយើងដឹងតែឈ្នះហើយ បើមិនឈ្នះទេ យើងដើរស្រាត គឺនិយាយលេងអ៊ីចឹង។ ស្អែកឡើងក៏បងប្អូនខំមិនច្រើនអ៊ីចឹង បងប្អូនខំមិនលេង យើងក៏ចេះតែដើរថតលេងដែរទៅ មានអីទៅប៉ះពាល់អ្នកណាផង ហើយគ្មានទៅស្រាតអីមែនទែនផង ។ ដូច្នេះអ្នកដែលថាខ្ញុំបំពុលសង្គមហ្នឹង មានតែម្នាក់ ពីរនាក់ហ្នឹង ចង់ល្បីទេ ឯក្រៅពីហ្នឹង បងប្អូនគាំទ្រខ្ញុំទាំងអស់“ ៕ កុលបុត្រ

RELATED ARTICLES