Friday, September 20, 2024
Homeព័ត៌មានជាតិកូនវ៉ៃឪ ខឹងជេររឿងផឹកស្រា

កូនវ៉ៃឪ ខឹងជេររឿងផឹកស្រា

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក លុះត្រូវឪពុកបង្កើតជេរស្តី រឿងដើរផឹកស៊ី មិនជួយការងារផ្ទះ ស្រាប់តែផ្ទុះកំហឹង ស្ទុះទៅទាញដែកស្បែង (ដែកគាស់) វាយក្បាលឪពុក បណ្តាលឱ្យរយះ ហូរឈាមស្រោចខ្លួន ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសវាយក្បាលឪពុកបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី។

កូនប្រុសកំណាចដែលវាយឪពុកបង្កើតខ្លួនឯងបែកក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះម៉ាញ់ មាន អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ជាឪពុក មានឈ្មោះម៉ុក ម៉ាញ់ អាយុ៧១ឆ្នាំ ជាជនជរាពិការ (រងរបួសរយះក្បាលខាងឆ្វេង)។ ឪពុកកូនទាំងពីរខាងលើ មានលំនៅក្នុងភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ ហើយរាល់ពេលស្រវឹងម្តងៗ ឧស្សាហ៍រករឿងអុកឡុក បង្កហិង្សាក្នុងគ្រួសារខ្លាំងណាស់។ លុះមកដល់វេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះពេលចូលមកដល់ផ្ទះវិញ បុរសរងគ្រោះជាឪពុក ទ្រាំមិនបាន ក៏ស្តីបន្ទោស ២-៣ម៉ាត់ទៅ ស្រាប់តែកូនប្រុសកំណាច ផ្ទុះកំហឹង ស្ទុះទៅទាញដែកត្បែង វាយទៅលើជនរងគ្រោះជាឪពុកបង្កើត ចំក្បាលខាងឆ្វេង បណ្តាលឱ្យរយះហូរឈាមស្រោចខ្លួនតែម្តង និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ចូលជួយអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកឃាត់ខ្លួនជនសង្ស័យជាកូនប្រុសកំណាចខាងលើ យកទៅចាត់ការតាមច្បាប់តែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានករណីខាងលើនេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងក្នុងអង្គភាព ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះម៉ាញ់ មាន បាននៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើដែកស្បែង វាយទៅលើជនរងគ្រោះជាឪពុកបង្កើត ប្រាកដមែន មូលហេតុផឹកស្រាស្រវឹង ខឹងឪពុកស្តីបន្ទោសតិចតួច។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES