Thursday, May 14, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខេវិន ស្មីត យោធាថៃបាញ់

ខេវិន ស្មីត យោធាថៃបាញ់

ខេត្តឧត្តរមានជ័យ ៖ អ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ ជនជាតិអង់គ្លេស លោក ខេវិន ស្មីត ដែលបន្តរាយការណ៍ពីបញ្ហាព្រំដែនកម្ពុជា-ថៃ បង្ហាញការពិតទៅកាន់ពិភពលោក នូវការឈ្លានពានរបស់យោធាថៃ មកលើអធិប តេយ្យនិងបូរណភាពទឹកដីកម្ពុជា នោះ បានអះអាងថា ទាហានថៃ បានបាញ់ប្រហារ គំរាមលោកដែលកំពុងថតវីដេអូ រាយការណ៍ព័ត៌មាននៅព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ខេវិន ស្មីត (Kevin Smith KH) បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញពីការផ្ទុះអាវុធរបស់ទាហានថៃ នៅច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រ ទេសកម្ពុជា ដោយលោកបញ្ជាក់ថា យោធាថៃ ទើបតែបាញ់មកលើរូបលោក នៅអូស្មាច់ ជាកន្លែងដែលពួកគេកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ដោយសារគ្រាន់តែលោកព្យាយាមនិយាយការពិត អំពីស្ថានភាពនៅព្រំដែន។ លោក ខេវិន ស្មីត និយាយថា លោកគ្មានអាវុធ គ្មានការការពារ និងមិនញុះញង់ អ្វីដែលលោកមាន គឺកាមេរ៉ា ប៉ុន្តែបែរជាទទួលរងការបាញ់ប្រហារពីយោធាថៃ ។

លោក ខេវិន ស្មីត បានសរសេរបញ្ជាក់នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ទាហានថៃ ទើបតែបាញ់នៅក្បែរខ្ញុំ នៅអូរស្មាច់ ទឹកដីអធិបតេយ្យរបស់ខ្មែរ ដែលពួកយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់។ អ្វីដែលខ្ញុំកំពុងធ្វើ គឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ។ នៅថ្ងៃទី២៩ ខែមេសា  ពួកគេបានបាញ់ព្រមាន ចំនួន ៩គ្រាប់ ទៅលើមន្ត្រីអន្តរជាតិ ហើយអះអាងថា វាគ្រាន់តែជាផាវប៉ុណ្ណោះ។ នេះជាភ័ស្តុតាងដែលពួកគេបានធ្វើ ហើយថៃ  កំពុងកុហកពិភពលោក។ សរុបទៅ មានការបាញ់ ចំនួន ៤គ្រាប់ នៅថ្ងៃនេះ“ ។

គួរបញ្ជាក់ថា លោក Kevin Smith (ខេវិន ស្មីត) គឺជាជនជាតិអង់គ្លេស អ្នកបង្កើតមាតិកា ដែលត្រូវបានគេស្គាល់ថាជា “បុរសបរទេសបេះដូងខ្មែរ” តាមរយៈសកម្មភាពដ៏ក្លាហានរបស់គាត់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងលាតត្រដាងសកម្មភាពទាហានថៃ ដែលឈ្លានពានរំលោភយកដីកម្ពុជា នៅតំបន់ព្រំដែន ដូចជាតំបន់ថ្មដា តំបន់អូរស្មាច់ ជាដើម។ សកម្មភាពរបស់បុរសជនជាតិអង់គ្លេស រូបនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ដោយលោកបានចុះទៅថតវីដេអូបង្ហាញពីសកម្មភាពឈ្លានពានរបស់យោធាថៃ ដាក់ទូកុងតឺន័រ និងរាយលួសបន្លា រំលោភបំពានមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយលោកមិនខ្លាចញញើតនឹងអាវុធរបស់ពួកទាហានឈ្លានពានទាំងនោះឡើយ ហើយលោកថែមទាំងហៅពួកយោធាថៃ ឈ្លានពានទាំងនោះ ជា «ចោរ» ដោយលោកបានយកថ្នាំពណ៌ ទៅបាញ់ជាអក្សរ «ចោរ» (THIEVES) នៅលើទូកុងតឺន័រ ដែលទាហានថៃ យកមកដាក់រំលោភលើទឹកដីកម្ពុជា ទៀតផង ។

 កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកខេវិន ស្មីត បានបង្ហាញរូបភាពវីដេអូ ស្ដីពីទូកុងតឺន័រ ដែលទាហានថៃ បានឈ្លានពាន យកមកដាក់នៅក្នុងទឹកដីកម្ពុជា នៅច្រកថ្មដា នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក និងបានផ្សព្វផ្សាយទៅកាន់ពិភពលោកថា នេះជាអំពើឈ្លានពានរបស់ទាហានថៃ ដែលលោកបានហៅថាជា «ចោរ-Thieves» ។ លោកចង់ឲ្យពិភពលោក ងាកមករួមគ្នារកយុត្តិធម៌ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលត្រូវ «ចោរ-Thieves» យកទូកុងតឺន័រ មកដាក់ឈ្លានពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ និងដោយឥតអៀនខ្មាស។

ដោយឡែក ការចុះទៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមមាន តំបន់អូរស្មាច់ ជាដើម  នាពេលកន្លង លោកខេវិន ស្មីត ទទួលបានការសម្របសម្រួលពីលោកម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដើម្បីធានាបាននូវជោគជ័យ និងសុវត្ថិភាព ហើយទទួលបានការសេរសើរថា នេះជាគំរូនៃកិច្ចសហការរវាងបុគ្គលអន្តរជាតិផ្សេងៗ ដើម្បីបម្រើការងារផ្នែកព័ត៌មាន និងផលប្រយោជន៍សា ធារណៈ ហើយបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត អំពីស្ថានភាពនៅព្រំដែនកម្ពុជា ដែលរងការឈ្លានពានពីយោធាថៃ ទៅកាន់សាធារណជនអន្តរជាតិ និងពិភពលោក ៕

 

RELATED ARTICLES