Friday, September 20, 2024
Homeព័ត៌មានជាតិដោះស្បែកជើងវ៉ៃក្បាល ខឹងចាប់ថើបប្រុសស្អាត សង្សារគេ

ដោះស្បែកជើងវ៉ៃក្បាល ខឹងចាប់ថើបប្រុសស្អាត សង្សារគេ

ភ្នំពេញ ៖ យុវតីជំទង់ ចំនួន២ក្រុម បានកើតមានជម្លោះប្រតាយប្រតប់គ្នា ឈានដល់អំពើហិង្សា ដោយភាគីម្ខាង ទាញស្បែកជើងកែងចោទ សំពងភាគីទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសរយះក្បាល ដេរ៥ថ្នេរ ដោយចោទប្រកាន់ថា យុវតីរងរបួស បានលួចទាក់ទងសង្សារគេ និងថែមទាំងចាប់ថើប បឺតក មានជាប់ស្នាមជាក់ស្តែងទៀតផង។

ហេតុការណ៍ជម្លោះស្នេហាត្រីកោណនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅត្រើយម្ខាង (ម្តុំអូតែលសុខា) ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីភាគីយុវតីដែលរងរបួសក្បាល ដេរអស់៥ថ្នេរ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ខណៈដែលពួកនាងកំពុងអង្គុយលេងនៅលើសួនច្បារមាត់ទន្លេ (ចំណុចកើតហេតុខាងលើ) ស្រាប់តែលេចមុខយុវជនរូបសង្ហាដូចតួកូរ៉េម្នាក់ ឈ្មោះរាជ បានចូលមកអង្គុយក្បែរ និងបាននិយាយសាសង ក្នុងន័យស្នេហាជាមួយពួកនាងទៀតផង លុះពេលសួរថា «មកញ៉ែគេអ៊ីចឹង ប្រយ័ត្នសង្សារតាមមករករឿងពួកខ្ញុំណា” ខាងប្រុសឆ្លើយថា គេគ្មានសង្សារឯណាទេ។ ស្រាប់តែមិនបានប៉ុន្មាន ក៏លេចមុខយុវតីម្នាក់ ចូលមករករឿងឈ្លោះប្រកែក ចោទប្រកាន់ថា ពួកនាងបានដណ្តើមសង្សាររបស់គេ រហូតធ្វើឱ្យកើតជាជម្លោះក្តៅគគុក ឈានដល់អំពើហិង្សា ដោយយុវតីរូបនោះ បានដោះស្បែកជើងកែងចោទ វាយពួកនាង ទើបនាងបានចូលទៅឃាត់ ស្រាប់តែរងរបួស ១ស្បែកជើងកែងចោទ រយះក្បាល ៥ថ្នេរតែម្តង ទើបនាងកើតទុក្ខមិនសុខចិត្ត ក្រោយពីទៅពេទ្យ ដេរមុខរបួសរួច ក៏ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

យុវតីរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក៏ឃើញគូសង្សារខាងលើ ដឹកគ្នាមកទីតាំងកើតហេតុទៀត ទើបនាងចូលមកសួរនាំ ដើម្បីហៅទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលតែម្តង។

ដោយឡែក ភាគីយុវតីជាសង្សាររបស់យុវជនសង្ហា ឈ្មោះរាជ បានអះអាងថា មូលហេតុដែលនាំឱ្យកើតមានជម្លោះ និងឈានដល់ហិង្សាបែបនេះ គឺដោយសារតែភាគីខាងនារីរងគ្រោះ បានលួចទាក់ទងជាមួយសង្សាររបស់នាង ដោយមានភ័ស្តុតាងស្នាមថើបបឺតក ជាប់នឹងបំពង់ករបស់សង្សារនាងស្រាប់ ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏កើតមានជម្លោះបែបនេះតែម្តង។

រីឯយុវជនឈ្មោះរាជ បានទទួលស្គាល់ថា រូបគេពិតជាបានទៅនិយាយលេងសើចជាមួយនារីរងគ្រោះមែន ហើយត្រូវបានយុវតីម្នាក់ ក្នុងចំណោមនោះ ចាប់ថើប បឺតកគេ ឱ្យមានស្នាមប្រាកដមែន ប៉ុន្តែគេក៏បានសុំទោសបញ្ចប់រឿងហើយ ស្រាប់តែក្រោយមក ក៏កើតមានជម្លោះ ឈានដល់ហិង្សាដាក់គ្នាបែបនេះតែម្តង។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានឡើងជិះម៉ូតូចាកចេញទៅបាត់ ដោយអះអាងថា នាំគ្នាទៅប៉ុស្តិ៍ ដោះស្រាយឱ្យដឹងសខ្មៅ៕

RELATED ARTICLES