Friday, September 20, 2024
Homeព័ត៌មានជាតិជិះម៉ូតូសៀតដាវតាមខ្លួន ប៉ូលិសចាប់វ៉ៃខ្នោះ២នាក់

ជិះម៉ូតូសៀតដាវតាមខ្លួន ប៉ូលិសចាប់វ៉ៃខ្នោះ២នាក់

ខេត្តកណ្តាល ៖ យុវជនឈាមរាវចំនួន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ចាប់ឃាត់ខ្លួន បន្ទាប់ពីប្រទះឃើញយុវជនទាំង២នាក់ បានជិះម៉ូតូដឹកគ្នានៅពេលយប់ មានសៀតដាវកែច្នៃ ១ដើម ជាប់ខ្លួន។

ករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (ដាវ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។

យុវជនទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឡាច មករា អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភានផ្សារ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះអៀង សុភី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្នភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែកវត្ថុតាងចាប់យក រួមមាន ដាវដែកកែច្នៃចំនួន១ដើម ប្រវែង ២៥សង់ទីម៉ែត្រ និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ឡើងស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បិទឡូហ្គោអាវុធហត្ថ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចកំពុងជិះល្បាតតាមមូលដ្ឋាន ដូចសព្វដង ស្រាប់តែប្រទះឃើញយុវជនទាំង២នាក់ខាងលើ ជិះម៉ូតូដឹកគ្នា គួរឱ្យសង្ស័យ ក៏បានឃាត់សាកសួរ និងឆែកឆេរ ស្រាប់តែប្រទះឃើញដាវ ១ដើម នៅជាប់នឹងខ្លួនជនសង្ស័យ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួរតែម្តង។

ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES