Friday, September 20, 2024
Homeព័ត៌មានជាតិចោរឆក់ទូរស័ព្ទ ស្រាតខោចោល ស្លៀកកន្សែង បន្លំភ្នែកប៉ូលិស

ចោរឆក់ទូរស័ព្ទ ស្រាតខោចោល ស្លៀកកន្សែង បន្លំភ្នែកប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់ បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវសន្តិសុខនិងប្រជាពលរដ្ឋប្រដេញតាមឃាត់បានភ្លាមៗ ដោយក្នុងនោះ មានម្នាក់ ត្រូវបានចាប់នៅនឹងកន្លែង ចំណែកបក្ខពួកម្នាក់ទៀត បានស្ទុះរត់ផ្លោះរបង ចូលដីឡូត៍ទំនេរ ប្លុងទូរស័ព្ទចោល រួចបន្តរត់ទៅក្នុងការដ្ឋានក្បែរនោះ ស្រាតខោអាវចោល ស្លៀកន្សែង បន្លំភ្នែកសមត្ថកិច្ច តែចុងក្រោយនៅតែគេចមិនផុតពីខ្នោះ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្តុបព្រះសក្យមុនីចេតិយ ផ្លូវ R6 កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទាំងពីរនាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហៃ ចំរើន អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកធ្វើសកម្មភាពឆក់ទូរស័ព្ទ) និង២-ឈ្មោះវណ្ណ អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកបើកម៉ូតូធ្វើសកម្មភាព និងជាម្ចាស់ម៉ូតូ)។ ចំណែកនារីរងគ្រោះ សុំមិនបង្ហាញអត្តសញ្ញាណ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលនាងកំពុងឈប់ម៉ូតូម៉ាកហុងដា ស្កុបពី និយាយទូរស័ព្ទ នៅចំណុចស្តុបព្រះសក្យមុនីចេតិយ ភ្លាមៗនោះក៏លេចមុខជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ អត់មានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iPhone XS max ពណ៌មាស ពីនាង បានសម្រេច ហើយបន្ថែមល្បឿនជិះម៉ូតូរត់គេចខ្លួនចូលក្នុងបឹងកក់ តាមបណ្តោយផ្លូវ R6 តែរំពេចនោះ ត្រូវបានប្រជាពលរដ្ឋ រួមទាំងរូបនាងដែលជាជនរងគ្រោះ ជិះប្រដេញតាមពីក្រោយ និងស្រែកថា “ចោរ!ៗ” ផ្អើលដល់សន្តិសុខក្នុងបឹងកក់ នាំគ្នាឡោមព័ទ្ធ ប្រដេញឃាត់បានអ្នកបើកម៉ូតូម្នាក់ភ្លាមៗ។

នារីរងគ្រោះ បន្តថា ចំណែកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពឆក់នោះ បានផ្លោះរបងការដ្ឋាន និងដីឡូត៍ដែលព័ទ្ធរបងទុកចោល រត់គេចខ្លួនបាត់ ព្រមទាំងយកទូរស័ព្ទរបស់ជនរងគ្រោះ ទៅលាក់ទុកក្នុងព្រៃត្រែង រួចរត់ចូលកន្លែងស្នាក់នៅរបស់កម្មករ។ បន្ទាប់មក លួចយកកន្សែងពោះគោ មកស្លៀក ហើយស្រាតខោអាវចោល និងបន្តរត់គេចពីកម្លាំងសន្តិសុខ និងសមត្ថកិច្ច ដែលកំពុងឡោមព័ទ្ធជនសង្ស័យ។ បន្ទាប់ពីរត់គេច និងសម្ងំលាក់ខ្លួនអស់រយៈពេលជាងកន្លះម៉ោង ជនសង្ស័យរូបនោះ ក៏ផ្លោះចេញមកធ្វើដូចជាគ្មានរឿងអ្វី ប៉ុន្តែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក តែម្តង។

បន្ទាប់ពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ប្រាកដមែន និងបាននាំផ្លូវសមត្ថកិច្ច ត្រឡប់ទៅយកទូរស័ព្ទដែលខ្លួនលាក់ទុកនោះ នាំមកប្រគល់ឱ្យជនរងគ្រោះវិញ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES