Friday, September 20, 2024
Homeព័ត៌មានជាតិប្អូនប្រុសឈ្លោះបងស្រី បងថ្លៃដាល់ខៀវភ្នែក

ប្អូនប្រុសឈ្លោះបងស្រី បងថ្លៃដាល់ខៀវភ្នែក

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានម្តាយប្រើឱ្យទៅសួរបងស្រីបង្កើតរបស់ខ្លួន ពីរឿងប្អូនប្រុសពៅម្នាក់ទៀតដែល ទៅស្នាក់នៅធ្វើការនៅផ្ទះបងស្រី និងបានបាត់ខ្លួន លុះទៅដល់ ក៏កើតមានជម្លោះពាក្យសម្តីជាមួយបងស្រី ស្រាប់តែ រំពេចនោះ បងថ្លៃ (ប្តីរបស់បងស្រី) បានស្ទុះមកដាល់ទាំងកំរោល បណ្តាលឱ្យដួលផ្កាប់មុខ រងរបួស ជាំខៀវភ្នែក ធ្វើឱ្យកើតរឿងប្តឹងផ្តល់ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីអំពើហិង្សា បងថ្លៃប្រុសដាល់ប្អូនជាំភ្នែកនេះ បានកើតឡើង កាលវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចសង្កាត់ទួលល្វា ក្រុងប៉ៃលិន។

បុរសរងគ្រោះដែលត្រូវបងថ្លៃដាល់ជាំភ្នែក មានឈ្មោះរ៉ាត់ ប៊ុនថាដា អាយុ២៧ឆ្នាំ មុខរបរលក់ផ្លែដូង តាមម៉ូតូរ៉ឺម៉ក (រងរបួសជាំភ្នែកខាងស្តាំ) មានប្រពន្ធឈ្មោះស៊ន ម៉េងហន។ ចំណែកជនដៃដល់ មានឈ្មោះគី ផានិត។

បុរសរងគ្រោះ បានរៀបរាប់ប្រាប់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ម្តាយរបស់គាត់បានទទួលដំណឹងថា ប្អូនប្រុសពៅរបស់គាត់ ឈ្មោះរ៉ាត់ សុខាន់ អាយុ១៤ឆ្នាំ ដែលបានមកស្នាក់នៅធ្វើការក្នុងផ្ទះបងស្រីបង្កើតម្នាក់ ឈ្មោះរ៉ាត់ ស្រីរ័ត្ន បានបាត់ខ្លួន ទើបឱ្យរូបគាត់ទៅសួរនាំរកប្អូនស្រាប់តែបងថ្លៃ ឈ្មោះគី ផានិត បាន ចេញមកដាល់រូបគេ បណ្តាលឱ្យដួលផ្កាប់មុខ រងរបួសជាំភ្នែកតែម្តង។

បុរសរងគ្រោះ បន្តថា ប្អូនប្រុសពៅរបស់គាត់ ត្រូវបានបងស្រីឈ្មោះរ៉ាត់ ស្រីរ័ត្ន ផ្ញើប្រាក់ឱ្យជិះរថយន្ត ពីខេត្តស្ទឹងត្រែង មកស្នាក់នៅធ្វើការជាមួយគាត់ អស់រយៈពេល ២ខែមកហើយ ដោយរូបគេជាក្មេងដែលស្លូតបូត មិនសូវចេះមាត់កនោះទេ ហើយក៏ខិតខំប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃ ស្ទើរគ្មានពេលសម្រាកនោះឡើយ។ នៅមុនថ្ងៃកើតហេតុ ដោយសារតែសម្លៀកបំពាក់សើមហាល អត់ស្ងួត ព្រោះភ្លៀងធ្លាក់ជាប់ៗគ្នា មិនអាចធ្វើការងារយាមជាសន្តិសុខនាពេលយប់បាន ក៏ត្រូវបងថ្លៃស្តីបន្ទោស រហូតដល់ក្រោយមក ក៏ចេញពីផ្ទះ បាត់ខ្លួន មិនដឹងជាទៅណានោះឡើយ។ ទោះបីជាយ៉ាងណា រហូតមកដល់ថ្ងៃនេះ អស់រយៈពេលជាង១០ថ្ងៃហើយ មិនទាន់ទទួលដំណឹងពីការបាត់ខ្លួនប្អូននៅឡើយ ជាហេតុធ្វើឱ្យម្តាយ និងបងៗដទៃទៀត មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។

តាមសម្តីយុវជនឈ្មោះរ៉ាត់ សុខឿន អាយុ២៥ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា រូបគេបានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ ដើម្បីឱ្យសមត្ថកិច្ចជួយស៊ើបអង្កេត ដោយរូបគេពិតជាមានការព្រួយបារម្ភខ្លាំងដែរចំពោះសុវត្ថិភាពរបស់ប្អូន ខណៈទៅស្នាក់នៅធ្វើការក្នុងផ្ទះបងស្រីខាងលើ ត្រូវបានប្តីបងស្រីស្តីបន្ទោស រហូតដល់រត់ចេញពីផ្ទះ មិនដឹងទៅណានោះទេ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ស្ត្រីម្នាក់ ឈ្មោះរ៉ាត់ ស្រីរ័ត្ន ត្រូវជាបងរបស់ក្មេងប្រុសដែលបាត់ខ្លួន បានឱ្យដឹងថា ប្តីរបស់នាងមិនបានស្តីបន្ទោសប្អូនប្រុសពៅខាងលើទេ ដោយយកចិត្តទុកដាក់ថែទាំ និងឱ្យស្នាក់នៅធ្វើការ ដើម្បីបានថវិកាយកទៅចិញ្ចឹមម្តាយនៅឯស្រុកកំណើត។ នាងបន្តទៀតថា លុះក្រោយពីទទួលបានលុយពីនាង ៤០ម៉ឺនរៀល ផ្ញើឱ្យម្តាយនៅឯស្រុកកំណើតរួច ស្រាប់តែនៅយប់ថ្ងៃដដែល មិនដឹងជាប្អូនប្រុសម្នាក់នេះ រត់ទៅណានោះទេ ហើយនាងក៏បានដាក់ពាក្យបណ្តឹងនៅពេលបាត់ខ្លួនភ្លាមៗដែរ៕

RELATED ARTICLES