Friday, September 20, 2024
Homeព័ត៌មានជាតិសិស្សវក់ហ្គេម មើលរឿងអាសអាភាស គ្រូដកហូតទូរស័ព្ទ

សិស្សវក់ហ្គេម មើលរឿងអាសអាភាស គ្រូដកហូតទូរស័ព្ទ

ខេត្តបាត់ដំបង ៖ សិស្សានុសិស្សមួយចំនួន នៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគ្រូវិន័យ ដកទូរស័ព្ទដៃផ្ទាល់ខ្លួន និងហៅទៅសាកសួរម្តងម្នាក់ៗ ដោយសារពួកគេខ្លះក្នុងចំណោមនោះ វក់នឹងការលេងហ្គេម មើលរឿងអាសអាភាស ក្នុងថ្នាក់ ប្រើប្រាស់ ទូរស័ព្ទទាក់ទងស្នេហា និងលេង TikTok ក្នុងថ្នាក់ ជាហេតុប៉ះពាល់ដល់ការសិក្សា បាត់បង់វិន័យ និងសេចក្តីថ្លៃថ្នូរ។

ការចុះដកទូរស័ព្ទពីសិស្សខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រោយពេលគោរពទង់ជាតិម៉ោង ៧ព្រឹកចប់ ដោយក្នុងនោះ លោកគ្រូវិន័យម្នាក់ ឈ្មោះសួន ប៊ុនណាត បានដើរដកទូរស័ព្ទដៃពីកូនសិស្ស ចំនួន៤ថ្នាក់ ដើម្បីឆែកឆេរទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ និងសាកសួរផ្ទាល់មាត់ ម្តងម្នាក់ៗទាល់តែអស់ ក្នុងគោលបំណងស្វែករករូបភាពមិនប្រក្រតីដែលធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេ តែសិស្សមួយចំនួនមិនសប្បាយចិត្ត និងបានចោទលោកគ្រូនោះថា មានកន្លែងខ្លះសួរលើសសាច់រឿង លើសប្រធានបទ រំលោភសិទ្ធិបុគ្គល។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ លោកគ្រូ សួន ប៊ុនណាត ជាក្រុមប្រឹក្សាវិន័យ បានបញ្ជាក់ប្រាប់ថា រឿងដកទូរស័ព្ទពីសិស្ស ពិតជាមានមែន តែលោកបានធ្វើទៅបទបញ្ជាពីលោកនាយកវិទ្យាល័យ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុងសាលាផងដែរ។ លោកគ្រូថា មូលហេតុដែលនាំឱ្យមានការដកទូរស័ព្ទដៃនេះ គឺត្រូវតែប្រមូលទាំងអស់មកសិន ទោះបីសិស្សខ្លះបានប្រព្រឹត្តខុសវិន័យ ឬសិស្សខ្លះមិនបានប្រព្រឹត្តក៏ដោយ។ ក្រោយបានដកហើយ ក្រុមប្រឹក្សាវិន័យខាងបច្ចេកវិទ្យា ពិតជាបានឆែកមើលទិន្នន័យក្នុងទូរស័ព្ទ បើគ្មានការពាក់ព័ន្ធអ្វីទេ គឺបានប្រគល់ឱ្យសិស្សជាម្ចាស់ទូរស័ព្ទដៃវិញភ្លាមៗ តែបើប៉ះទូរស័ព្ទណាមានរូបភាពអាសអាភាស ហ្គេមមិនល្អ គឺត្រូវលុបចោលឱ្យអស់ និងរក្សាទុកទូរស័ព្ទដៃនោះសិន សឹមផ្តល់ការអប់រំបញ្ឈប់កុំឱ្យបន្តទៀត ទើបប្រគល់ឱ្យវិញតាមក្រោយ។

ពាក់ព័ន្ធករណីនេះ លោកប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក បានបញ្ជាក់ប្រាប់ថា បើតាមគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងមានការដឹងឮពីអាណាព្យាបាលគ្រប់រូបផងដែរនោះ កាលពីមុន សាលាបានហាមប្រាមសិស្សទាំងអស់ មិនឱ្យយកទូរស័ព្ទដៃចូលក្នុងថ្នាក់រៀន ទើបតែជំនាន់ផ្ទុះជំងឺកូវីដ-១៩ រីករាលដាលជាទូទៅគ្រប់ទីកន្លែង ធ្វើឱ្យសិស្សមិនបានចូលរៀនក្នុងសាលាឡើយ តែដោយសាររាជរដ្ឋាភិបាល បានឱ្យក្រសួងអប់រំរៀបចំឱ្យសិស្សរៀនតាមអនឡាញ ហេតុដូច្នេះហើយទើបសាលាបានអនុញ្ញាតឱ្យសិស្ស អាចយកទូរស័ព្ទដៃចូល ដើម្បីរៀន តែក៏មានលក្ខខណ្ឌកំណត់ផងដែរ។

លោកនាយវិទ្យាល័យពេជ្រចិន្តា បានបន្តថា កន្លងមក សាលាតែងតែបានអញ្ជើញមាតាបិតាសិស្សចូលរួមផ្សព្វផ្សាយព័ត៌មាននានា ពិសេសបទបញ្ជាផ្ទៃក្នុងសាលាទាំងមូល ដោយបានចាត់តាំងតាមលំដាប់ថ្នាក់ ក្នុងនោះមានប្រធានថ្នាក់នីមួយៗតាមដានសិស្សក្នុងថ្នាក់របស់ខ្លួនជាប្រចាំ។ ថ្មីៗនេះ សិស្សក្នុងសាលាមួយចំនួនដែលមានទូរស័ព្ទដៃកាន់ ក៏មានសិស្សល្អរៀនពូកែ និងសិស្សខ្លះទៀតញៀនលេងហ្គេមក្នុងថ្នាក់ មើលរឿងអាសអាភាសក្នុងថ្នាក់ លេង TikTok មានស្នេហាខូចខ្លួនក្នុងសាលាទៀតផង។

លោកនាយក បានបញ្ជាក់ថា សិស្សណាប្រព្រឹត្តខុសវិន័យនៅក្នុងសាលានេះ លោកនៅតែមានវិធានការ និងផ្តល់ការអប់រំបន្តទៀត មិនឱ្យកើតមានរឿងនេះនៅក្នុងសាលាទៀតបានឡើយ គឺក្នុងគោលបំណងឱ្យពួកគេកែខ្លួន ខិតខំរៀនសូត្រឱ្យបានពូកែគ្រប់ៗគ្នា ដើម្បីរក្សា កិត្តិយស សេចក្តីថ្លៃថ្នូរសិស្សខ្លួនឯង ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូក្នុងសាលាទាំងមូលផងដែរ៕

RELATED ARTICLES