Friday, September 20, 2024
Homeព័ត៌មានជាតិកូនប្រុសដុតផ្ទះឪ កាន់ដំបងគំរាមមិនឱ្យពន្លត់

កូនប្រុសដុតផ្ទះឪ កាន់ដំបងគំរាមមិនឱ្យពន្លត់

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ប្រើប្រាស់ថ្នាំញៀនហួសកម្រិត គ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន ក៏បែកគំនិតធ្វើសកម្មភាពដុតផ្ទះឪពុកខ្លួនឯងចោល បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងថែមទាំងកាន់ដំបង គំរាមមិនឱ្យឪពុក ឬអ្នកណាម្នាក់ចូលមកពន្លត់នោះឡើយ ទីបំផុត ផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងគ្មានសល់ ចំណែកកូនប្រុសកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះម្តាយចោល កាន់ដំបងគំរាមមិនឱ្យពន្លត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។

លោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ បានឱ្យដឹងថា ជនបង្កហេតុដែលដុតផ្ទះឪពុកចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ង សំរិត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងការឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះឈិត ស៊ង ភេទប្រុស អាយុ៧៦ឆ្នាំ ត្រូវជាឪពុករបស់ជនបង្កហេតុ។

លោកអធិការ បញ្ជាក់ថា ជនសង្ស័យ ជាមនុស្សញៀនថ្នាំដល់កម្រិត ហើយក៏បានយកភ្លើងមកដុតផ្ទះឪពុកម្តាយខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយគ្មាននរណាម្នាក់ហ៊ានចូលជួយសង្គ្រោះឡើយ ព្រោះតែជននេះបានកាន់ដំបង ខណៈពេលភ្លើងកំពុងតែឆាបឆេះផ្ទះ រហូតទាល់តែលោកដឹកនាំកម្លាំងចុះទៅដល់ ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យ ទើបបង្ក្រាបជនម្នាក់នេះបាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើ បានប្រើប្រាស់ថ្នាំញៀន រហូតដល់ខូចសតិទៅហើយ និងចេះតែបង្កបញ្ហាមិនឈប់ឈរ កុំថាឡើយនៅក្នុងគ្រួសារ សូម្បីជាមួយអ្នកក្បែរខាង ក៏ជននេះបង្កការរំខាន ឬប្រើហិង្សាដែរ ធ្វើឱ្យគ្រប់គ្នា មានការខ្លាចរអាគ្រប់ៗគ្នា។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅសុខៗ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព យកភ្លើងដុតផ្ទះម្តាយឪពុកខ្លួនឯងចោលតែម្តង ហើយគ្មានអ្នកណាម្នាក់បានដឹងសោះ រហូតទាល់តែអណ្តាតភ្លើងឆាបឆេះខ្លាំងទៅហើយ ទើបមានការភ្ញាក់ផ្អើល ដល់ឪពុកម្តាយ និងអ្នកស្រុកភូមិ នាំគ្នាស្ទុះទៅរកពន្លត់ដែរ ប៉ុន្តែទៅដល់ ត្រូវជនសង្ស័យស្លៀកខោខ្លី ដៃកាន់ដំបង ដើរទៅដើរមក ព្រមទាំងស្រែកគំរាមមិនឱ្យនរណាចូលពន្លត់ភ្លើងដាច់ខាត ជាហេតុធ្វើឱ្យអ្នកស្រុកភូមិ រួមទាំងបងប្អូន និងឪពុកម្តាយជនសង្ស័យ មិនហ៊ានចូលទៅពន្លត់ភ្លើង ជាហេតុធ្វើឱ្យអណ្តាតភ្លើងលេបត្របាក់ផ្ទះអស់ទាំងស្រុងតែម្តង រហូតទាល់តែរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមកដល់ ទើបជួយបាញ់ពន្លត់ និងចាប់ខ្លួនជនសង្ស័យបាន។

លោកអធិការស្រុកបាណន់ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក បានប្រើប្រាស់ទឹកអស់ ២រថយន្ត តែបាញ់សង្គ្រោះបានខ្លះៗ នៅផ្នែកខាងក្រោមដែលមានស្រូវ និងសម្ភារៈមួយចំនួន រីឯប៉ែកខាងលើ បានក្លាយជាចំណីភ្លើងទាំងស្រុងទៅហើយ។

លោកអធិការ បានបញ្ជាក់ថា តាមពិត លំនៅឋាននេះ ត្រូវអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង ចាប់តាំងពីរថយន្តទឹកមិនទាន់ទៅដល់ ព្រោះពុំមានអ្នកចូលជួយបាន ដោយសារខ្លាចជនដៃដល់វាយនឹងដំបង។ លោកបានបន្ថែមថា ពេលលោកចុះទៅដល់ ឃើញជនបង្កហេតុ កាន់ដំបង ដើរទៅដើរមក ការពារភ្លើង មិនឱ្យអ្នកណាចូលពន្លត់ឡើយ ដូច្នេះហើយទើបលំនៅឋាននេះ ត្រូវភ្លើងឆាបឆេះអស់គ្មានសល់។

ជុំវិញករណីអគ្គិភ័យខាងលើនេះ នៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយ។ ដោយឡែកជនដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមបញ្ជាលោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES