Friday, September 20, 2024
Homeព័ត៌មានជាតិកូនប្រុសវ៉ៃ៥ដំបង ទាត់៥ជើង ឪសន្លប់ស្តូក

កូនប្រុសវ៉ៃ៥ដំបង ទាត់៥ជើង ឪសន្លប់ស្តូក

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានរករឿងអុកឡុកពេញផ្ទះ លុះឪពុកចេញមកឃាត់ ធ្វើឱ្យកើតមានជម្លោះពាក្យសម្តីជាមួយឪពុក រហូតឈានដល់អំពើហិង្សា ដោយកូនប្រុសកំណាច បានទាញតុអ៊ីណុក រុញឪពុករបស់ខ្លួនផ្ទប់នឹងពាងទឹក បណ្តាលឱ្យដួល រួចទាញដំបងសំពងមិនអស់ចិត្ត ក៏ស្ទុះទៅទាត់ឪពុកបង្កើតខ្លួនឯងចំនួន៥ជើង បណ្តាលឱ្យសន្លប់ស្តូក ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសបង្កើតវាយនិងទាត់ឪពុកខ្លួនឯង រហូតដល់សន្លប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ។

ជនសង្ស័យដែលវាយទាត់ធាក់ឪពុកបង្កើតដល់សន្លប់ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះអូ បូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះហ៊ឹម អាន អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់។ ឪពុកកូនទាំងពីរ មានលំនៅក្នុងភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ ទើបនឹងមកពីផឹកស៊ីស្រវឹងជោក លុះមកដល់ផ្ទះ ក៏ស្រែកឡូឡាអុកឡុកយ៉ាងខ្លាំង ទើបបុរសរងគ្រោះជាឪពុក បានចេញមកឃាត់ ប៉ុន្តែកូនប្រុសរូបនេះ មិនត្រឹមតែមិនស្តាប់ បែរជាបង្កជម្លោះ និងប្រើហិង្សាដាក់ឪពុកខ្លួនឯងទៀតផង ដោយជនសង្ស័យឈ្មោះអូ បូ បានធ្វើសកម្មភាពយកតុអ៊ីណុក ពណ៌ទឹកប្រាក់ រុញទៅលើជនរងគ្រោះជាឪពុកឈ្មោះហ៊ឹម អាន បណ្តាលឱ្យដួលផ្ទប់ទៅនឹងពាងទឹក បន្ទាប់មក ជនសង្ស័យបានយកតុអ៊ីណុក វាយទៅលើឪពុករបស់ខ្លួន ចំនួន ៣ទៅ៤តុទៀតផង។

ប្រភពដដែល បន្តថា បន្ទាប់មកទៀត ជនសង្ស័យ បានយកដំបងកំណាត់ឈើបន្ទះ មានរាងបួនជ្រុង ប្រវែងប្រមាណកន្លះម៉ែត្រ សំពងទៅលើឪពុករបស់ខ្លួន ចំនួន ៤ទៅ៥ដំបង ត្រូវចំថ្ងាសនិងផ្ទៃមុខ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ប៉ុន្តែជនសង្ស័យជាកូនប្រុសកំណាចនេះ នៅមិនទាន់អស់ចិត្ត ក៏បានស្ទុះទៅទាត់ជនរងគ្រោះដែលជាឪពុកបង្កើត ចំនួន៥ជើង បន្ថែមទៀត ត្រូវត្រង់ឆ្អឹងជំនីរខាងស្តាំ បណ្តាលឱ្យជនរងគ្រោះជាឪពុក សន្លប់បាត់បង់ស្មារតីនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES