Friday, September 20, 2024
Homeព័ត៌មានជាតិចោទគេជេរម៉ែ លើកគ្នាដេញកាប់

ចោទគេជេរម៉ែ លើកគ្នាដេញកាប់

 ខេត្តកំពង់ឆ្នាំង ៖ ក្មេងទំនើង ១ក្រុម បាននាំគ្នាចូលទៅសួរនាំបុរសជាបុគ្គលិកស្ថានីយប្រេងម្នាក់ ថាមានបានជេរម៉ែពួកគេឬអត់? លុះបុរសរូបនោះឆ្លើយថា មិនបានជេរទេ ស្រាប់តែក្មេងទំនើង បានទៅកែនបក្ខពួក ព្រួតគ្នាគប់ដុំថ្ម និងយកកាំបិតកាប់របងស្ថានីយប្រេង បំណងចូល ទៅកាប់ជនរងគ្រោះ តែត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល ដោយចាប់ក្របួចក្រុមក្មេងទំនើង បានចំនួន៥នាក់ នាំយកមកសាកសួរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេង មួយកន្លែង ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះ មានឈ្មោះលឹម  យូអ៊ី ភេទប្រុស  អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកស្ថានីយប្រេង ខាងលើ ធ្វើការនិងស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំណែកជនសង្ស័យទាំង ៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះភឿន  វណ្ណនឿន ភេទប្រុស អាយុ១៨ឆ្នាំ  មានលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទី២-ឈ្មោះខៀវ  សុវណ្ណនី ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទី៣-ឈ្មោះខុម  វ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទី៤-ឈ្មោះជឹម គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងទី៥-ឈ្មោះនិន មិនា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

រីឯវត្ថុតាងដែលដកហូតបាន រួមមាន ១-កាំបិតកកុក ចំនួន៣។ ២-កាំបិតប៉័ងតោ ចំនួន១។ ៣-ចម្ពាមកៅស៊ូ ចំនួន១ គ្រាប់ចម្ពាម ចំនួន៦គ្រាប់ (គ្រាប់ថ្ម)។ ៤-ស្លាកលេខម៉ូតូ ចំនួន១សន្លឹក (ស្វាយរៀង 1Q- 3651) និង៥-ម៉ូតូ ចំនួន៣គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥  ស៊េរីឆ្នាំ២០២០ គ្មានស្លាកលេខ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-0773 និងម៉ាកវីនន័រ ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5983)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងទំនើងមួយក្រុមខាងលើនេះ បានចូលទៅសួរជនរងគ្រោះឈ្មោះ លឹម  យូអ៊ី ថា “មានជេរម៉ែអញអត់?” ពេលនោះជនរងគ្រោះឆ្លើយថា “អត់បានជេរទេ”។ បន្ទាប់មក ក្រុមក្មេងទំនើង ក៏ត្រឡប់ទៅវិញ ស្រាប់តែមួយសន្ទុះក្រោយមក ក្រុមក្មេងទំនើងទាំងនោះ បានលើកគ្នាមកជាច្រើននាក់ ដោយជិះម៉ូតូ ៥គ្រឿង ក្នុងដៃមានកាន់ដុំថ្ម និងកាំបិត មកវាយនិងកាប់របងស្ថានីយលក់ប្រេង បំណងចូលទៅកាប់ចាក់ជនរងគ្រោះ។ ពេលឃើញដូច្នេះ ជនរងគ្រោះបានរាយការណ៍ជាបន្ទាន់ ទៅសមត្ថកិច្ច។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចក្រុងកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះមកដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ នាំយកទៅសាកសួរ។ ចំណែកបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនអស់។

ជនសង្ស័យទាំង៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា រួចបញ្ជូនខ្លួននិងវត្ថុតាងទៅកាន់តុលាការខេត្ត ចាត់ការបន្តតាមនីតិវិធី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២៕

RELATED ARTICLES