Friday, September 20, 2024
Homeព័ត៌មានជាតិ២នាក់ ព្រួតកាប់ចាក់មិត្តភក្តិប៊ិះស្លាប់

២នាក់ ព្រួតកាប់ចាក់មិត្តភក្តិប៊ិះស្លាប់

ខេត្តកោះកុង ៖ កម្មកររោងចក្រ ១ក្រុម ដែលជាមិត្តភក្តិនឹងគ្នា បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាង មានគ្នា២នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិងចុងស្រួច បានធ្វើ សកម្មភាពព្រួតកាប់ចាក់ទៅលើមិត្តភក្តិរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងវង់ផឹកស៊ីមួយកន្លែង ត្រង់ចំណុចផ្លូវបេតុង មុខវត្តព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនដៃដល់ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះមុន្នី បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅបច្ចុប្បន្ន ភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងទី២-ឈ្មោះមួយ អេងគាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅបច្ចុប្បន្ន ភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។ ចំណែកជនរងគ្រោះ មានឈ្មោះឡេង ហុងលាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ រួមនិងមិត្តភក្តិ បានជួបជុំគ្នាផឹកស៊ី នៅចំណុចខាងលើ និងឮតែមាត់ជជែកសើចក្អាកក្អាយ។ លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តី រហូតដល់ជនដៃដល់ទាំង២នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតចុងស្រួច បាននាំគ្នាកាប់ចាក់ទៅលើជនរងគ្រោះឈ្មោះឡេង ហុងលាង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES