Tuesday, November 26, 2024
Homeព័ត៌មានជាតិដាំបាយ​ ឆេះផ្ទះអស់ជាង១ម៉ឺនដុល្លារ

ដាំបាយ​ ឆេះផ្ទះអស់ជាង១ម៉ឺនដុល្លារ

ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ បានដាក់ដាំបាយលើចង្ក្រាន រួចដើរចោលភ្លេចខ្លួន ក៏បណ្តាលឱ្យកើតជាអគ្គិភ័យ ឆាបឆេះរាលដាល​យ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្ទះទាំងមូល ក្លាយជាចំណីភ្លើង ត្រឹមមួយប៉ប្រិចភ្នែកដែលគិតជាទំហំខូចខាត ប្រមាណជិត ១ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់អំពីឈើប្រក់ដំបូលសង្ក័សី ជាកម្មសិទ្ធិរបស់ឈ្មោះលាង លឿន ភេទប្រុស អាយុ៦៦ឆ្នាំ និងប្រពន្ធឈ្មោះធាម សំ អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះ បានរៀបចំដាក់ដាំបាយលើចង្ក្រាន រួចក៏បានដើរចេញទៅក្រៅបាត់ លុះភ្លេចខ្លួន មិនបានមកមើលភ្លើងចង្ក្រាន ស្រាប់តែកើតមានអគ្គិភ័យ​ឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឆោ ឡោដល់អ្នកជិតខាង នាំគ្នាជួយពន្លត់ដែរ តែទប់ទល់មិនឈ្នះ ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្នួល បានចេញអន្តរាគមន៍បាញ់ពន្លត់ ធ្វើឱ្យភ្លើងបានរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត និងរថយន្តដឹកទឹករបស់បងប្អូនប្រជាពលរដ្ឋ ចំនួន២រថយន្តផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីភ្លើងចង្ក្រានដាំបាយ។

ដោយឡែក ទ្រព្យសម្បត្តិដែលទទួលរងការខូចខាតដោយសារអគ្គិភ័យខាងលើ រួមមាន ផ្ទះ១ខ្នង ទាំងស្រុង  ឆេះប្រាក់រៀល អស់ចំនួន ១លានរៀល ឆេះប្រាក់ដុល្លារ ចំនួន ២ពាន់ដុល្លារ មាស ទម្ងន់ ៣ជី ប្លាកទីន ទម្ងន់៥ជី  អង្ករ ចំនួន១បេ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាតចាក់វ៉ាក់សាំងកូវីដ-១៩ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់ អស់ប្រហែលជិត ១ម៉ឺនដុល្លារ៕

RELATED ARTICLES