ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតក្លាយជាអំពើហិង្សា ដោយបុរសជាប្តី បានវាយទៅលើស្ត្រីជាប្រពន្ធ យ៉ាងចាស់ដៃ និងត្រូវបានអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លួនបុរសជាប្តី នាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
ប្តីប្រពន្ធដែលកើតមានជម្លោះ និងឈានដល់អំពើហិង្សានេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចទីតាំងខាងលើ មានជម្លោះប្តីប្រពន្ធ ១គូ បានកើតឡើង និងឈានដល់អំពើហិង្សា ដោយបុរសជាប្តី បានវាយតប់ទៅលើប្រពន្ធទាំងកំរោល។ ភ្លាម នោះ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបាននាំប្តីប្រពន្ធខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកពោធិ៍ ដើម្បីសាកសួរ និងបានធ្វើការណែនាំបុរសជាប្តី ឱ្យបញ្ឈប់ការប្រើអំពើហិង្សានៅក្នុងក្រុមគ្រួសារបន្តទៅទៀត រួចក៏អនុញ្ញាតឱ្យប្តីប្រពន្ធទាំង២ ត្រឡប់ទៅផ្ទះវិញ៕