Tuesday, November 26, 2024
Homeព័ត៌មានជាតិម្ហូបខ្មែរ៥មុខ ពេញនិយមក្នុងពិព័រណ៍ភូមិម្ហូប អន្តរជាតិនៅបារាំង

ម្ហូបខ្មែរ៥មុខ ពេញនិយមក្នុងពិព័រណ៍ភូមិម្ហូប អន្តរជាតិនៅបារាំង

បារាំង ៖ លោកស្រី ស៊ុន សុវាសនា អគ្គទីប្រឹក្សាស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសបារាំង ទទួលបន្ទុកសេដ្ឋកិច្ចការទូត បានសម្តែងនូវក្តីរំភើបរីករាយ រួមជាមួយនឹងមោទកភាពជាតិ បន្ទាប់ពីមុខម្ហូបចំនួន៥មុខ របស់កម្ពុជា បានទទួលការពេញនិយមទាំងអស់ពីអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍ភូមិមុខម្ហូបអន្តរជាតិ។

លោកស្រី ស៊ុន សុវាសនា បានបន្ថែមដោយក្តីរីករាយថា “មុខម្ហូបទាំង៥មុខ របស់យើង ដែលរួមមាន នំបញ្ចុក សម្លខ្មែរ-ការី អាម៉ុក សាច់គោអាំង នំកងខ្មែរ និងនំអន្សម ត្រូវបានដាក់លក់អស់ជានិច្ច ហើយពេលខ្លះក្រុមការងាររបស់ស្ថានទូតយើង ធ្វើថ្មីជូនភ្ញៀវមិនទាន់ទៀតផង។ មិនថាជាជនជាតិខ្មែរយើង នៅប្រទេសបារាំង ឬក៏ជនជាតិបារាំង ឬជនជាតិបរទេសផ្សេងទៀតនោះទេ សុទ្ធតែបានលើកសរសើរ និងគាំទ្រមុខម្ហូបទាំង៥មុខនេះ”។

បន្ថែមពីលើនេះ ក្រុមចុងភៅខ្មែរយើង ក៏បានឡើងធ្វើបទបង្ហាញពី អាម៉ុក ដែលត្រូវបានដកស្រង់ចេញពី សៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ជូនភ្ញៀវ ដោយទទួលបានការសាទរផងដែរ។

ក្រៅពីមុខម្ហូបទាំង០៥មុខ ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ក្រោមការណែនាំរបស់លោកឯកអគ្គរាជទូត ក៏បាននាំយកនូវអង្ករ ស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត យកទៅតាំងបង្ហាញផងដែរ ដើម្បីឱ្យជនបរទេស កាន់តែស្គាល់ផលិតផលខ្មែរបន្ថែមទៀត។

សូមរម្លឹកថា កម្មវិធីភូមិមុខម្ហូបអន្តរជាតិ (Village international de la gastronomie) ប្រារព្វធ្វើនៅសួនច្បារ Trocadéro ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានស្តង់សរុប ចំនួន៧៥ស្តង់ និងមាន ៤៦ប្រទេស បានចូលរួមក្នុងកម្មវិធីនេះ ដោយចាប់លក់ ពីម៉ោង១០ព្រឹក ដល់ម៉ោង ១០យប់ (ម៉ោងនៅប្រទេសបារាំង)។

ដោយឡែកសម្រាប់ស្តង់របស់ព្រះរាជាណាចក្រកម្ពុជា មានការបង្ហាញវិធីធ្វើម្ហូប ការសម្តែងរបាំក្ងោក និងការសម្តែងរបាំកម្រងផ្កា ជូនភ្ញៀវទស្សនានៅពេលល្ងាច៕

RELATED ARTICLES