Tuesday, November 26, 2024
Homeព័ត៌មានជាតិកូនស្រីនាំប្តីរត់ពីកូរ៉េ ទៅតាមខឹម វាសនា ឪអង្វរយ៉ាងណា ក៏មិនចេញមកវិញ

កូនស្រីនាំប្តីរត់ពីកូរ៉េ ទៅតាមខឹម វាសនា ឪអង្វរយ៉ាងណា ក៏មិនចេញមកវិញ

ខេត្តសៀមរាប ៖ បុរសពិការ វ័យចំណាស់ម្នាក់ បានអះអាងថា កូនស្រី និងកូនប្រសារបស់គាត់ ដែលជាពលករបម្រើការងារនៅឯប្រទេសកូរ៉េ ព្រោះតែជឿលង់ការឃោសនារបស់លោកខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថាទឹកជន់លិចពិភពលោក សល់តែដីចម្ការរបស់ខ្លួន នៅជើងភ្នំគូលែន ខេត្តសៀមរាប នោះ បានបោះបង់ចោលការងារ ដឹកដៃគ្នារត់ត្រឡប់មកស្រុក រួចបង្ហួសទៅសម្ងំក្នុងចម្ការខឹម វាសនា អស់រយៈពេលជាង១០ថ្ងៃ មកហើយ មិនឃើញចេញមកវិញសោះ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ មានការព្រួយបារម្ភយ៉ាងខ្លាំង និងទទូច អង្វរឱ្យកូនៗ ចេញមករួមរស់ជួបជុំគ្រួសារវិញ។

បុរសជាឪពុក បានឱ្យដឹងថា គាត់មានលំនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ សែន ៣១៧ តាកែនកោះស្លោក ភូមិតេជោ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ចំណែកកូនស្រីរបស់គាត់ដែលកំពុងសម្ងំក្នុងចម្ការលោកខឹម វាសនា មានឈ្មោះក្រឹម សុភី និងកូនប្រសាប្រុស ឈ្មោះហេង រ៉ាមី ជាពលករបម្រើការងារនៅឯប្រទេសកូរ៉េ ប៉ុន្តែបានរត់ចោលការងារ អំឡុងពេលមានការអំពាវនាវពីលោកខឹម វាសនា ថានឹងមានទឹកជន់លិចពិភពលោក។

បុរសជាឪពុក បានរៀបរាប់ថា “កាលពីថ្ងៃទី២៥-២៦ សីហា កូនស្រីខ្ញុំ (នៅកូរ៉េ) បានខលមកខ្ញុំថា ឱ្យបបួលបងប្អូន ម៉ែឪ មកលេងអង្គរវត្ត ហើយខ្ញុំក៏សួរទៅវិញថា ចុះម៉េចក្រែងកូនឯងនៅកូរ៉េ ម៉េចឱ្យប៉ាមកលេងអង្គរវត្ត? ហើយអ៊ីចឹងកូនឯងអត់មកស្រុកខ្មែរវិញទេអី? រួចដល់ពេលហើយទៅ ខ្ញុំក៏ថា ឱ្យប៉ាមកលេងម៉េចកូន ប៉ាអត់មានលុយទេ រាល់ថ្ងៃស៊ីឈ្នួលគេ គ្រាន់តែបូតបង់ៗឱ្យគេ សឹងមិនគ្រប់ផង ដល់អ៊ីចឹងគេក៏ឆាតមកទៀតថា ប៉ាឯងទៅៗ ខ្ញុំផ្ញើលុយឱ្យប៉ាឯងទៅដើរលេង ឱ្យប៉ាឯងសប្បាយចិត្ត បានស្គាល់អង្គរវត្ត ព្រោះអីប៉ាឯងហត់យូរហើយ។ ដល់អ៊ីចឹង ខ្ញុំក៏ថាសួរម៉ាក់កូនឯងសិន គេក៏ថា សួរម៉ាក់ឱ្យលឿនៗទៅ ម៉េចៗខ្ញុំទម្លាក់លុយទៅឱ្យ ហើយមិនបាច់គិតអីច្រើនទេ គិតតែទៅដើរលេងឱ្យសប្បាយទៅ ហើយសួរមីងសួរអ៊ំអីមើល គាត់មកដើរលេងអត់? នាំគាត់ទៅលេងសៀមរាប លេងអង្គរវត្តទៅ ហើយខ្ញុំក៏អត់រឿងថា គេមានគោលការណ៍អ៊ីចឹងទេ ដល់អ៊ីចឹង ខ្ញុំនិងប្រពន្ធក៏ថា បើគេឱ្យមកហើយ ក៏មក តែពេលមកដល់ ឮដំណឹងថា មានការផ្អើលរឿងទឹកលិចផែនដី ខ្ញុំក៏បានខលទៅកូនស្រីនៅកូរ៉េ ប្រាប់ថា កូនអើយ កូនឯងកុំចេះតែជឿគេណាកូន ប៉ាឃើញគេជឿ LDP ហ្នឹងច្រើនណាស់។ ខ្ញុំក៏ប្រាប់ទៀតថា កូនឯងដឹងហើយ ប៉ាមិនមែនខាង LDP ទេ ដល់អ៊ីចឹង គេឆ្លើយថា ខ្ញុំអត់ទេប៉ា រួចហើយអ្នកដែលធ្វើការជាមួយគេ ១០នាក់ហ្នឹង គឺ៧-៨នាក់ គេទៅខាងណោះអស់ហើយ ស្រាប់តែចុងក្រោយ ឮដំណឹងថា កូនស្រី និងកូនប្រសា បានចូលទៅដល់ចម្ការខឹម វាសនា បាត់ទៅហើយ ធ្វើឱ្យខ្ញុំជាឪពុក ស្រឡាំងកាំង រកនិយាយអ្វីមិនចេញ និងព្យាយាមហៅកូនស្រី និងកូនប្រសា ឱ្យចេញមកវិញដែរ តែមកដល់ថ្ងៃនេះ ពួកគេមិនព្រមចេញមកវិញនៅឡើយ…”។

បុរសជាឪពុក បានផ្តាំផ្ញើទៅកូនស្រី និងកូនប្រសាប្រុសថា “សូមឱ្យកូន កុំឱ្យងប់ងុលនឹងការបោកប្រាស់របស់លោកខឹម វាសនា ព្រោះជាអំពើបោកប្រាស់មួយ ដែលធ្វើឱ្យយើងងប់ងុលនៅតែមនុស្សមួយក្តាប់តូច ដូច្នេះគួរតែកូនវិលចេញមកក្រៅ ដើម្បីជួបពុកម៉ែ បងប្អូន ដែលបានបែកគ្នារាប់ឆ្នាំហើយមកនោះ ហើយហេតុអីក៏កូនឯងមកដល់ស្រុកខ្មែរវិញហើយ ទៅនៅជាមួយគេ មិនមកជួបម៉ែឪ បើចាញ់កលគេឃោសនាពីកូរ៉េហើយ មកដល់ស្រុកខ្មែរ ហេតុអីក៏កូនមិនទៅជួបម៉ែឪ បងប្អូន ហេតុអីក៏កូននៅតែជឿលើការឃោសនារបស់លោកខឹម វាសនា ឱ្យជឿលើអប្បិយជំនឿថាមានទឹកលិចពិភពលោកឯណាមក ហេតុអីក៏កូនជឿគេម៉្លេះ? ចុះឪពុកម្តាយ កូនមិនជឿ ដែលបានខិតខំចិញ្ចឹមកូនតាំងពីបាតជើងក្រហមរងាល រហូតកូនធំពេញរូបពេញរាង មានប្តីប្រពន្ធ ហេតុអីក៏កូនមិនស្តាប់ឪពុកម្តាយ ហេតុអីក៏កូនទៅជឿគេ គ្រាន់តែគេនិយាយបន្តិចបន្តួច ហើយបើសិនជាជឿគេហ្នឹង នៅមួយចំហៀងប្រទេស ក៏ប៉ាមិនថាដែរ នេះនៅ ១ចម្ការ ១២ហិកតារ តើកូនឯងរស់នៅបានប៉ុន្មានថ្ងៃ ប៉ុន្មានឆ្នាំ? អ៊ីចឹងប៉ាអំពាវនាវដល់កូន បើកូនបានដឹងបានឮ បានឃើញ សូមឱ្យកូនវិលមករកម៉ែឪ បងប្អូនវិញ បើកូនមិនបានទៅកូរ៉េ វិញទេ កូនរកស៊ីនៅស្រុកខ្មែរ វិញទៅ…”។

បុរសជាឪពុកខាងលើ បានបន្តថា “ខ្ញុំសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុក គ្រប់ស្ថាប័នទាំងអស់ សូមជួយធ្វើម៉េច ដើម្បីជួយអ្នកដែលនៅក្នុងចម្ការ ឱ្យចេញមកក្រៅវិញទាំងអស់ ដើម្បីកុំឱ្យឪម៉ែព្រាត់កូន ប្តីព្រាត់ប្រពន្ធ បងព្រាត់ប្អូនបែបនេះ ណាមួយ ខ្ញុំពិតជាបារម្ភពីកូនខ្លាំងណាស់ ព្រោះខ្ញុំសង្កេតឃើញថា អ្នកដែលចេញពីចម្ការនោះមកវិញ មានសភាពស្លេកស្លាំង ដូចជាមនុស្សអត់បាយ ៤-១០ថ្ងៃអ៊ីចឹង ចុះហេតុអីបានជាពួកគេទ្រាំនៅក្នុងហ្នឹងទៀត មិនព្រមចេញមកជួបជុំគ្រួសារ? ហើយចំពោះខ្ញុំ បើកូនមិនព្រមចេញពីចម្ការនេះទេ ខ្ញុំនឹងបន្តរង់ចាំរហូតដល់ថ្ងៃចុងក្រោយ ព្រោះទី១ ខ្ញុំមានការនឹករលឹកកូន ចង់ឱ្យកូនទៅរួមរស់ជុំគ្រួសារវិញ និងទី២ ខ្ញុំគ្មានលទ្ធភាពនឹងធ្វើដំណើរទៅមក ឡើងចុះនោះទេ…”៕

RELATED ARTICLES