Tuesday, November 26, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ៣ថ្ងៃ ម៉ែឪប្តឹងប៉ូលិស

បាត់កូនក្រមុំ៣ថ្ងៃ ម៉ែឪប្តឹងប៉ូលិស

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានជិះម៉ូតូចេញពីផ្ទះ តាំងពីព្រឹកព្រលឹម បំណងទៅធ្វើការដូចសព្វដង ស្រាប់តែក្រោយមក បាត់ដំណឹងសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះសោះ ទោះជាក្រុមគ្រួសារខំទាក់ទងយ៉ាងណា ក៏មិនអាចទាក់ទងបាន ទើបកើតមានការផ្អើលឆោឡោ តាមរក អស់រយៈពេល ៣ថ្ងៃ នៅតែមិនឃើញ ក៏ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រីត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះឥន្ទ្រ ព័ត៌ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន និងមានលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ យុវតីរូបនេះ បានបាត់ខ្លួន តាំងពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចប្ចានទទួលព័ត៌មានពីករណីបាត់យុវតីឈ្មោះឥន្ទ្រ ព័ត៌ អាយុ២១ឆ្នាំ ដោយក្រុមគ្រួសារបានស្នើសុំឱ្យសមត្ថកិច្ចប្រចាំបញ្ជា ១១៧ ជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកវរសេនីយ៍ទោ សាយ សម្បត្តិ នាយរងការិយាល័យប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍។

ក្រោយបានទទួលព័ត៌មានខាងលើ លោកអនុសេនីយ៍ទោ តេង សំរ៉ុង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានធ្វើកំណត់ហេតុទទួលពាក្យបណ្តឹងពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ ដើម្បីជួយស្រាវជ្រាវស្វែងរក។

តាមការរៀបរាប់ពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ យុវតី ឥន្ទ្រ ព័ត៌ បានធ្វើដំណើរដោយជិះម៉ូតូផ្ទាល់ខ្លួន ម៉ាកស៊ុយស៊ូគី ឡែត ពណ៌ស មិនចាំស៊េរី និងស្លាកលេខ ចេញពីផ្ទះ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅធ្វើការ រួចក៏បាត់ដំណឹងសូន្យឈឹងរហូតមកតែម្តង មិនដឹងថាទៅណា ជាមួយអ្នកណា និងមានសុខទុក្ខយ៉ាងណានោះឡើយ៕

RELATED ARTICLES